រដ្ឋសភា​កម្ពុជា

ច្បាប់

អ្នក​ឃ្លាំមើល​ថា​រដ្ឋសភា​ដែល​តាក់តែង​ច្បាប់​ក្លាយ​ទៅ​ជា​ស្ថាប័ន​រណប​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់

By ឌឹ ខេមបូឌា ដេលី

June 28, 2022

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ស្ថាប័ន​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​តាក់តែង​ច្បាប់​បាន​ក្លាយ​ទៅ​ជា​ស្ថាប័ន​រណប​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំងស្រុង ដែល​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២២ ថា នៅ​ពេល​ដែល​ស្ថាប័ន​តាក់តែង​ច្បាប់​មួយ​ធ្វើ​ខ្លួន​រណប​ជាមួយ​ស្ថាប័ន​នីតិប្រតិបត្តិ នឹង​ធ្វើ​ឲ្យ​របប​នយោបាយ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពី​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ជា​មិន​ខាន ហើយ​ឃ្លាត​ឆ្ងាយ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ និង​ផលប្រយោជន៍​ជាតិ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថែម​ទៀត។

លោក​បន្ត​ថា រដ្ឋសភា​ត្រូវ​នាំគ្នា​ចងក្រង​ច្បាប់​ដែល​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ពិតប្រាកដ ហើយ​មាន​ខ្លឹមសារ​ស្រប​ទៅ​នឹង​ច្បាប់​កំពូល​របស់​ខ្លួន គឺ​រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ក្នុង​វត្ថុបំណង​ដើម្បី​ថែរក្សា និង​ប្រមូល​យក​ផលប្រយោជន៍​នានា​សម្រាប់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស មិន​មែន​ដើម្បី​ប្រយោជន៍​របស់​ក្រុម​មាន​អំណាច​ណា​មួយ​នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​រដ្ឋសភា​កម្ពុជា​បាន​នាំគ្នា​អនុវត្ត​ផ្ទុយ​ស្រឡះ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រុង ព្រោះ​ថា​អំណាច​ដែល​ទទួល​ពី​ប្រជារាស្ត្រ ពួកគេ​មិន​បាន​យក​ទៅ​តាក់តែង​ច្បាប់​ដើម្បី​ការពារ​ផល​ប្រយោជន៍ និង​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគេ​បែរ​ជា​នាំគ្នា​គិតតែ​ពី​រឿង​កែ​ច្បាប់ និង​តែង​មាត្រា​ថ្មីៗ​តាម​ការ​ចង់​បាន​របស់​អ្នក​មាន​អំណាច​ទៅវិញ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ប្រទេស​បាត់បង់​នូវ​ផលប្រយោជន៍ និង​រង​នូវ​ការ​រំលោភ​សិទ្ធិ​យ៉ាង​ព្រៃផ្សៃ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ការ​អះអាង​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ស្ថាប័ន​តាក់តែង​ច្បាប់​នៅ​កម្ពុជា ឬ​ស្ថាប័ន​រដ្ឋសភា​បាន​អនុវត្ត​ផ្ទុយ​ពី​តួនាទី​របស់​ខ្លួន និង​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ។ ពួកគេ​បាន​នាំគ្នា​តាក់តែង​ច្បាប់ និង​កែ​មាត្រា​ផ្សេងៗ​ដើម្បី​តម្រូវ​តាម​ការ​ចង់​បាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

មាត្រា​៧៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល។ ក្នុង​ន័យ​នេះ តំណាងរាស្ត្រ​ទាំងអស់​ត្រូវតែ​តាក់តែង​ច្បាប់​ក្នុង​វត្ថុបំណង​ការពារ​ផលប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ និង​ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ មិន​មែន​ដើម្បី​បម្រើ​ក្រុម ឬ​បក្ខពួក​ណា​មួយ​នោះ​ឡើយ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​រដ្ឋសភា​ឯក​បក្ស​របស់​លោក ហ៊ុន សែន រំលោភ​បំពាន​ជា​ញឹកញាប់​តាំងពី​ឆ្នាំ​១៩៩៤ មក​ម្ល៉េះ ក្នុង​នោះ​ឆ្នាំ​២០០៥ រដ្ឋសភា​របស់​បក្ស​កាន់​អំណាច​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​កែប្រែ​មាត្រា​២ ដែល​បាន​ចែង​ពី​ការ​ប្រើប្រាស់​ផែនទី​បោន​ខ្នាត ១​លើ​១០០​ពាន់ ទៅ​ជា​ផែនទី​ខុស​ច្បាប់​ថ្មី​ខ្នាត ១​លើ​២៥​ពាន់ តាម​ការ​ចង់​បាន​របស់​វៀតណាម បន្ទាប់ពី​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋការ​ក្រុង​ហាណូយ លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​តាំងពី​ឆ្នាំ​១៩៨៥ មក។

បន្ថែម​ពី​នេះ មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​ការ​លុប​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ជាមួយ​បរទេស​ជិតខាង ក៏​ត្រូវ​រដ្ឋសភា​មកពី​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន រំលោភ​បំពាន​ថែម​ទៀត​តាមរយៈ​ការ​បង្កើត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដើម្បី​ធានា​សុពលភាព​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ប្រទេស​វៀតណាម តាំងពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ មក។ ជាង​នេះ​ទៅ​ទៀត នៅ​ឆ្នាំ​២០០៦ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​បាន​សហការ​ជាមួយ​លោក សម រង្ស៊ី ក្នុង​ការ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០%​បូក​មួយ នៃ​រូបមន្ត​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​នាំ​ឲ្យ​លោក ហ៊ុន សែន អាច​សម្រេច​បំណង​ប្រាថ្នា​របស់​លោក​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​បែប​ប្រមូលផ្ដុំ​អំណាច ឬ​បែប​ផ្ដាច់ការ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

ច្បាប់​នានា​របស់​កម្ពុជា ព្រមទាំង​រដ្ឋធម្មនុញ្ញ​ផង ត្រូវ​បាន​រំលោភ​បំពាន​ដោយ​រដ្ឋសភា​ឯក​បក្ស​របស់​លោក ហ៊ុន សែន ឥត​ឈប់​ឈរ ដើម្បី​កែប្រែ​ខ្លឹមសារ​ដើម​នូវ​មាត្រា​មួយ​ចំនួន​តាម​ការ​ចង់​បាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដើម្បី​ឱ្យ​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​អាច​ក្តោប​ក្តាប់​អំណាច​បាន​កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​អនាគត៕