លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត​ពី​ហ្វេសប៊ុក)

ច្បាប់

ទូត​អាល្លឺម៉ង់​អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា​ពិចារណា​អំពី​លទ្ធផល​ឃុំ​ខ្លួន​លោក កឹម សុខា

By ឌឹ ខេមបូឌា ដេលី

July 01, 2022

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​អំពី​ផល​ប្រយោជន៍​របស់​កម្ពុជា​នៃ​ការ​សម្រេច​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា តាម​សំណើ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​ក្នុង​សវនាការ​លើក​ទី​៤៦ នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា លោក Christian Berger បាន​ប្រតិកម្ម​ភ្លាមៗ​នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​ព្រះរាជអាជ្ញា​ស្នើ​ឱ្យ​តុលាការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឡើងវិញ ថា​តុលាការ​គួរតែ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​ពី​លទ្ធផល​ទៅ​ថ្ងៃ​ខាងមុខ​ចំពោះ​ការ​សម្រេច​ចិត្ត​ឃុំ​ខ្លួន​លោក កឹម សុខា ឡើងវិញ។

ការ​ស្នើសុំ​ឱ្យ​តុលាការ​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឡើងវិញ​នេះ ត្រូវ​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​មជ្ឈដ្ឋាន​នានា​ជុំវិញ​សវនាការ​នៅ​ថ្ងៃ​នេះ។

នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៤៦ លើ​អង្គហេតុ​ប្រទូសរ៉ាយ ប៉ុន្តែ​នៅ​ក្នុង​សវនាការ​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បែរ​ជា​ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ឃុំ​ខ្លួន​លោក កឹម សុខា ទៅវិញ ក្រោម​ហេតុផល​ថា លោក កឹម សុខា បាន​បំពាន​បម្រាម​របស់​តុលាការ​នា​ពេល​ចុង​ក្រោយ​នេះ។ ក្នុង​នោះ ព្រះរាជអាជ្ញា​បាន​បង្ហាញ​រូបថត​ដែល​នគរបាល​យុត្តិធម៌​តាមដាន​ថត​ពី​សកម្មភាព​របស់​លោក កឹម សុខា កន្លងមក ដូចជា​ការ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ ការ​ចូលរួម​ពិធី​បុណ្យ​ដោយ​ការ​ថ្វាយ​បង្គំ​ព្រះសង្ឃ និង​សកម្មភាព​ទៅ​ចាំ​ការ​របស់​លោក​នៅ​ខេត្ត​កំពង់ចាម ជាដើម ដែល​ព្រះរាជអាជ្ញា​ចោទ​ថា​ជា​សកម្មភាព​នយោបាយ​ល្មើស​ទៅ​នឹង​បម្រាម​របស់​តុលាការ។

យ៉ាងណាក៏ដោយ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កូយ សៅ មិន​បាន​អនុវត្ត​តាម​សំណើ​របស់​ព្រះរាជអាជ្ញា​ទេ ប៉ុន្តែ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ព្រមាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ឱ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ​បន្ត​ទៀត​នោះ​ឡើយ ខណៈ​តុលាការ​ក៏​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ដែរ​ថា តើ​សកម្មភាព​បែប​ណា​ជា​សកម្មភាព​នយោបាយ និង​សកម្មភាព​បែប​ណា​ជា​សកម្មភាព​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ។

ជុំវិញ​សវនាការ​លោក កឹម សុខា លើក​ទី​៤៦ នៅ​ថ្ងៃ​ពុធ នេះ ក៏​មាន​ការ​រិះគន់​ពី​សំណាក់​អ្នកវិភាគ អ្នក​ច្បាប់ និង​អ្នក​ឃ្លាំមើល​សង្គម​ជាច្រើន​ទៅ​កាន់​តុលាការ​កម្ពុជា ទាក់ទិន​នឹង​ការ​ស្នើសុំ​ឱ្យ​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា របស់​ព្រះរាជអាជ្ញា​នេះ​ព្រោងព្រាត​ផង​ដែរ។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មិថុនា នេះ​ថា លោក​សុំ​ឱ្យ​តុលាការ​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​សកម្មភាព​ដូចម្តេច​ដែល​ហៅថា​សកម្មភាព​នយោបាយ ដើម្បី​ងាយស្រួល​ក្នុង​ការ​អនុវត្ត។ លោក​សួរ​ថា តើ​ការ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ ការ​ចូលរួម​ពិធី​បុណ្យ​ដោយ​ការ​ថ្វាយ​បង្គំ​ព្រះសង្ឃ និង​សកម្មភាព​ទៅ​ចាំ​ការ ជាដើម អាច​ចាត់ទុក​ថា​ជា​សកម្មភាព​នយោបាយ​ដែរ​ទេ?

លោក ចាន់ ចេន លើកឡើង​ថា ប្រសិនបើ​លោក កឹម សុខា ធ្វើ​សកម្មភាព​ឃោសនា​ដោយ​ការ​រៀបចំ​រចនាសម្ព័ន្ធ​កៀងគរ​ពលរដ្ឋ​ឱ្យ​បោះឆ្នោត​ឱ្យ​គាត់ ជាដើម នោះ​ទើប​ចាត់​ចូល​ក្នុង​សកម្មភាព​នយោបាយ ប៉ុន្តែ​បើ​ផ្អែក​តាម​សកម្មភាព​ដែល​លោក កឹម សុខា បាន​ធ្វើ​សព្វថ្ងៃ​នេះ ហើយ​ចោទ​ថា​ជា​ការ​ធ្វើ​សកម្មភាព​នយោបាយ នោះ​គឺជា​រឿង​អយុត្តិធម៌​កាន់តែ​ខ្លាំង​សម្រាប់​រូបលោក។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៩ មិថុនា នេះ​ដែរ​ថា ការ​ស្នើសុំ​ឃុំ​ខ្លួន​លោក កឹម សុខា ឡើងវិញ​បែប​នេះ បាន​រំលេច​ឱ្យ​ឃើញ​ថា លោក កឹម សុខា នៅតែ​មាន​ឥទ្ធិពល​លើ​ឆាក​នយោបាយ​នៅ​កម្ពុជា ជាង​អ្នក​នយោបាយ​ណាៗ​ទាំងអស់​ដែល​អាច​គំរាមកំហែង​ដល់​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​ពេលនេះ និង​ទៅ​ថ្ងៃ​មុខ។

លោក គឹម សុខ អះអាង​ថា នៅ​ពេល​ដែល​ពលរដ្ឋ និង​តំណាង​អង្គទូត​នៅតែ​នាំគ្នា​មក​ជួប​លោក កឹម សុខា ដូច​សព្វថ្ងៃ​នេះ ទោះ​តុលាការ​កម្ពុជា​បាន​ចោទ​គាត់​ពី​បទ​ក្បត់​ទៅ​ហើយ​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​អាម៉ាស់​របស់​លោក ហ៊ុន សែន យ៉ាង​ខ្លាំង​ថា ពលរដ្ឋ និង​អ្នក​ការទូត​មិន​ជឿ​លើ​ការ​ចោទប្រកាន់​របស់​តុលាការ​កម្ពុជា​នោះ​ទេ ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន លួច​បញ្ជា​តុលាការ​ពី​ក្រោយ​ខ្នង​ឱ្យ​គំរាម​ចាប់​ខ្លួន​លោក កឹម សុខា ឡើងវិញ ដើម្បី​កុំ​ឱ្យ​គាត់​បន្ត​សកម្មភាព​ជួប​ប្រជាពលរដ្ឋ និង​តំណាង​អង្គទូត​បន្ត​ទៀត ក៏ដូចជា​បំបាក់​ស្មារតី​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​លោក កឹម សុខា ជា​គោល​ជំហរ​នៅ​ពេលនេះ​ផង​ដែរ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​អះអាង​ថា ការ​ព្រមាន​របស់​តុលាការ​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​គំរាម​លោក កឹម សុខា កាន់តែ​ខ្លាំង​ដើម្បី​បិទ​សិទ្ធិ​សេរីភាព​របស់​លោក​មិន​ឱ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ដែល​កាន់តែ​ខិត​ជិត​មក​ដល់​នា​ពេល​ខាងមុខ​នេះ។

លោក ម៉ែន ណាត បញ្ជាក់​ថា បំណង​ពិតប្រាកដ​របស់​លោក ហ៊ុន សែន គឺ​ចង់​ឱ្យ​លោក កឹម សុខា នៅ​ស្ងៀម​មិន​មាន​សកម្មភាព​ជួបជុំ​ពលរដ្ឋ​អ្វី​ទាំងអស់ ប៉ុន្តែ​ក្នុង​នាម​លោក កឹម សុខា ដែល​បុគ្គល​គំរូ​សម្រាប់​អ្នក​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ មិន​គួរ​នៅ​ស្ងៀម​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះ​ទេ ប្រសិនបើ​លោក កឹម សុខា នៅ​ស្ងៀម​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះ មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ការ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ។

ទាក់ទិន​នឹង​ការ​រឹតត្បិត​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា ក្នុង​នាម​លោក កឹម សុខា ជា​អ្នក​នយោបាយ តើ​អាច​កំណត់​និយមន័យ​បែប​ណា​ដើម្បី​ឲ្យ​ត្រឹមត្រូវ​ពិត​ប្រាកដ​ថា សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់ គឺជា​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ ឬ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅ​តែ​មាន​ភាព​ស្អាតស្អំ ព្រោះ​តុលាការ​កម្ពុជា​មិន​ទាន់​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ៕