ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនទៅបំពេញទស្សនកិច្ចជាលើកទី២ នៅប្រទេសភូមា រយៈពេល ៥ថ្ងៃ នៅថ្ងៃពុធ សប្តាហ៍នេះ ដើម្បីតាមដានការវិវឌ្ឍនៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះថា ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នឹងធ្វើទស្សនកិច្ចនៅប្រទេសភូមា រយៈពេល ៥ថ្ងៃជាលើកទី២ ចាប់ពីទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ ដែលមានការចូលរួមដំណើរពីអគ្គលេខាធិការរងអាស៊ាន លោក ឯកផាប់ ផាន់ថាវង់ និងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានជាច្រើនរូបទៀត។
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានលើកឡើងថា ដំណើរទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសភូមា នេះ មានគោលបំណងតាមដានពីការអនុវត្តនូវគោលការណ៍ទាំង ៥ចំណុចរបស់អាស៊ាន និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា កាលពីខែឧសភា កន្លងទៅផងដែរ ដើម្បីរួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការសន្ទនាប្រកបដោយប្រសិទ្ធភាព តាមរយៈនៃការជួបពិភាក្សាជាមួយគ្រប់ភាគីដែលពាក់ព័ន្ធនឹងវិបត្តិនៅភូមា ទាំងអស់។
ការចេញដំណើរទៅធ្វើទស្សនកិច្ចនៅប្រទេសភូមា របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាលើកទី២ នេះ ធ្វើឡើងក្រោយទស្សនកិច្ចលើកទី១ របស់ខ្លួនកាលពីចុងខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមាននៅឡើយរហូតមកទល់នឹងពេលនេះ។
កាលពីចុងខែមីនា ឆ្នាំ២០២២ កន្លងទៅ ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសភូមា ម្តងរួចមកហើយ ដើម្បីជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ា អនុវត្តគោលការណ៍ ៥ចំណុចរបស់អាស៊ាន។ ជាងនេះទៀត ក៏ដើម្បីដោះស្រាយពីភាពជាប់គាំងនយោបាយរបស់ភូមា ផងដែរ។
យ៉ាងណាក៏ដោយ ក្រោយដំណើរទស្សនកិច្ចលើកទី១ នៃប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅកាន់ប្រទេសភូមា រហូតដល់ពេលនេះ មិនអាចឱ្យរបបសឹកភូមាអនុវត្តនូវកិច្ចព្រមព្រៀងទាំង ៥ចំណុចបាននៅឡើយទេ ខណៈការផ្តល់ជំនួយមនុស្សធម៌ដែលជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង ៥ចំណុចនោះត្រូវបានអនុវត្តតិចតួចប៉ុណ្ណោះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ មិថុនា នេះថា ការធ្វើដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅកាន់ប្រទេសភូមា នៅពេលនេះ គ្រាន់តែជាការធ្វើឡើងដើម្បីបង្គ្រប់កិច្ចក្នុងតួនាទីរបស់ខ្លួនប៉ុណ្ណោះ ព្រោះថារយៈពេលកន្លះឆ្នាំមកនេះ ប្រធានអាស៊ាន លោក ហ៊ុន សែន គ្មានវិធានការណាមួយដើម្បីដាក់សម្ពាធឱ្យរបបសឹកភូមា អនុវត្តតាមនោះទេ។ ស្របពេលដែលការដឹកនាំរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន ក៏ត្រូវគេរិះគន់ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាធ្ងន់ធ្ងរដែរនោះ។
លោក ម៉ែន ណាត បញ្ជាក់ថា ការបរាជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា កាលពីដើមខែមករា ឆ្នាំ២០២២ កន្លងទៅ គឺជាភាពអាម៉ាស់លើឆាកអន្តរជាតិយ៉ាងធំធេង ដែលធ្វើឱ្យលោក ហ៊ុន សែន លែងហ៊ានចូលទៅដោះស្រាយវិបត្តិនៅភូមា បន្តទៀត និងព្យាយាមអូសបន្លាយពេលវេលាដើម្បីឱ្យផុតអាណត្តិរបស់ខ្លួនក្នុងឆ្នាំ២០២២ នេះ។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអះអាងថា ឥណ្ឌូនេស៊ី ស្នើឱ្យភូមា ត្រូវតែអនុវត្តលើសំណើអាស៊ានទាំង ៥ចំណុចឱ្យបាន ដើម្បីឱ្យភូមា ត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។
កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរបបសឹកភូមា ដាក់ចេញនូវគោលការណ៍កុងសង់ស៊ីស ៥ចំណុច ក្នុងនោះរួមមានការផ្អាកនូវការប្រើអំពើហិង្សាលើជនស៊ីវិលដែលពុំមានប្រដាប់អាវុធ៕