កូនប្រុស​អតីត​ជន​ផ្ដាច់ការ​ហ្វីលីពីន លោក Ferdinand Marcos Jr ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៧ នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២។

ព័ត៌មានអន្តរជាតិ

កូនប្រុស​អតីត​ជន​ផ្ដាច់ការ​ហ្វីលីពីន​ស្បថ​ចូល​កាន់​តំណែង​ដោយ​សច្ចា​ការពារ​ទឹកដី​និង​ឯកភាព​ជាតិ

By ឌឹ ខេមបូឌា ដេលី

July 02, 2022

៣៦​ឆ្នាំ​បាន​កន្លង​ផុត​ទៅ តែ​ថ្ងៃ​នេះ គឺជា​ថ្ងៃទី​៣០ ខែ​មិថុនា ការ​លេច​មក​វិញ គឺ​កូនប្រុស​ម្នាក់​របស់​អតីត​ជន​ផ្ដាច់ការ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន លោក Ferdinand Marcos ដែល​បុរស​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Ferdinand Marcos Jr ឬ​ហៅថា Bongbong Marcos បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ មាន​ការ​ដាក់​ពង្រាយ​កង​ប៉ូលិស​ដល់​ទៅ ១​ម៉ឺន ៥​ពាន់​នាក់​នៅ​ទូទាំង​រដ្ឋធានី​ម៉ានីល។ សេចក្ដី​ថ្លែងការណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ចាប់អារម្មណ៍​ជា​ខ្លាំង គឺ​លោក Bongbong បាន​បន្ត​រំឭក​កេរ្តិ៍ដំណែល​របស់​ឪពុក​លោក ដោយ​បាន​សរសើរ​ឪពុក​លោក​ថា​ជា​អ្នក​ប្រយុទ្ធ​នឹង​ចលនា​កុម្មុយនីស្ត​ដើម្បី​ប្រជាធិបតេយ្យ។

លោក​បញ្ជាក់​ថា ឪពុក​លោក​យ៉ាង​ហោច​ណាស់​មាន​គុណសម្បត្តិ​ដូច​នេះ ព្រោះ​ថា​កាលពី​ទសវត្ស​១៩៧០ និង ១៩៨០ គឺ​ចលនា​កុម្មុយនីស្ត​បាន​រីក​ដុះដាល​ជា​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ លោក​សង្កត់​ធ្ងន់​ថា បើ​ឪពុក​របស់​លោក​មិន​ប្រើ​ច្បាប់​អាជ្ញាសឹក​ទេ ម្ល៉េះ​ហ្វីលីពីន​នឹង​ត្រូវ​បាន​ទាញ​ទម្លាក់​នៅ​ក្នុង​របប​កុម្មុយនីស្ត​បាត់​ទៅ​ហើយ។

Ferdinand Marcos គឺជា​បុរស​ខ្លាំង​នៃ​ប្រទេស​ហ្វីលីពីន ក្នុង​សម័យ​នោះ។ លោក​បាន​ជ្រុះ​ពី​អំណាច​ដោយ​កម្លាំង​បដិវត្ត​មហាជន​នៅ​ឆ្នាំ​១៩៨៦ ដែល​ពេល​នោះ ការ​ទាញ​ទម្លាក់​លោក Ferdinand Marcos បាន​ដោយសារ​កងទ័ព​ចូលរួម​មួយ​ផ្នែក​ធំ ប៉ុន្តែ​ពេល​នោះ​កម្លាំង​ទ័ព​ក៏​បាន​សច្ចា​មិន​ឲ្យ​ចលនា​កុម្មុយនីស្ត​ឡើង​កាន់​អំណាច​បាន​ដែរ។

ដោយ​មើល​ឃើញ​អំពី​ស្នាដៃ​របស់​លោក Ferdinand Marcos ក្នុង​ការ​ទប់ស្កាត់​បាន​នូវ​កម្លាំង​កុម្មុយនីស្ត ទើប​សហរដ្ឋ​អាមេរិក​សម្រេច​ឲ្យ​គ្រួសារ​របស់​លោក និង​រូបលោក​ទៅ​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​កោះ​ហាវ៉ៃ។ លោក Ferdinand Marcos បាន​ទទួល​មរណភាព​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៨៩។

ដោយ​ធំ​ដឹង​ក្ដី និង​រៀន​បាន​ជ្រៅជ្រះ ដោយ​បាន​ទទួល​សញ្ញាបត្រ​ពី​មហាវិទ្យាល័យ​មួយ​នៅ​អាមេរិក លោក Bongbong Marcos បាន​វិល​ចូល​ប្រទេស​ហ្វីលីពីន​វិញ។ នៅ​ឆ្នាំ​២០១០ លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន រហូត​ដល់​ឆ្នាំ​២០១៦។ នៅ​ឆ្នាំ​នោះ​ហើយ​ដែល Bongbong Marcos សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី តែ​ពុំ​បាន​ជាប់​ឆ្នោត​នោះ​ទេ។ ក្នុង​អំឡុង ៦​ឆ្នាំ​នៃ​រដ្ឋការ​លោក Rodrigo Duterte លោក Bongbong Marcos នៅតែ​ចិញ្ចឹម​ចិត្ត​ជា​អ្នក​នយោបាយ ហើយ​ក៏​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។

ទីបំផុត បុរស​វ័យ ៦៤​ឆ្នាំ​រូប​នេះ​បាន​សម្រេច​ដូច​បំណង គឺ​មិន​ត្រឹមតែ​ធ្វើជា​អនុ​ប្រធានាធិបតី​នោះ​ទេ គឺ​បាន​រហូត​ដល់​ទៅ​តំណែង​ប្រធានាធិបតី​តែម្ដង ដោយ​បាន​ទទួល​ជោគជ័យ​លើ​បេក្ខជន ៥​រូប​ទៀត។

តើ​សេចក្ដី​ថ្លែងការណ៍​របស់​លោក Bongbong Marcos នៅ​ក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​នេះ​ត្រូវ​បាន​អ្នក​សង្កេតការណ៍ និង​អ្នកកាសែត​កត់ត្រា​បាន​នូវ​អ្វី​គួរ​ឲ្យ​ចងចាំ ?

ក្រៅពី​លោក​បាន​ថ្លែង​រំឭក​កេរ្តិ៍ដំណែល​ឪពុក​របស់​លោក គឺ​លោក Bongbong Marcos ក៏​ថ្លែង​អំពី​ការ​សច្ចា​របស់​លោក​នូវ​ការ​ការពារ​ដែន​អធិបតេយ្យ បូរណភាព​ទឹកដី និង​ដែនសមុទ្រ​ហ្វីលីពីន ដោយ​សន្យា​ថា​លោក​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ហ្វីលីពីន​រឹងមាំ និង​មាន​ការ​ឯកភាព​ជាតិ។

លោក Bongbong Marcos គឺជា​ប្រធានាធិបតី​ទី​១៧ នៃ​សាធារណរដ្ឋ​ហ្វីលីពីន។ ប្រធានាធិបតី​ដែល​លេច​ចេញពី​គ្រួសារ​ជន​ផ្ដាច់ការ បាន​ថ្លែង​សុំ​ឲ្យ​ជន​រួម​ជាតិ​បំភ្លេច​ចោល​ទៅ​នូវ​រឿង​អតីតកាល​របស់​ឪពុក​លោក ដោយ​រួបរួម​គ្នា សាមគ្គី​គ្នា ស្រឡាញ់​គ្នា​ជា​ជាតិ​សាសន៍​តែ​មួយ ទើប​ធ្វើ​ឲ្យ​ហ្វីលីពីន​ខ្លាំង។

លោក​ថា បើ​ហ្វីលីពីន​ខ្លាំង គឺ​ប្រទេស​ណា​មួយ​ដែល​ចង់​ឈ្លានពាន​ហ្វីលីពីន ក៏​ពិបាក​ឈ្លានពាន​ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​លោក Bongbong Marcos បើ​ទោះ​ជា​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏ដោយ គឺ​ពុំ​មាន​ប្រទេស​ណា​ក្រៅពី​ប្រទេស​ចិន​នោះ​ទេ។ នៅ​ពេល​លោក​ត្រឡប់​ពី​សម្រាក​លំហែ​កាយ​ពី​ប្រទេស​អូស្ត្រាលី​វិញ លោក Bongbong Marcos បាន​ថ្លែង​ចំអក​ភ្លាម​ទៅ​កាន់​ប្រទេស​ចិន។ លោក​ថា ក្នុង​នាម​លោក​ជា​ប្រធានាធិបតី គឺ​ពិត​ណាស់​លោក​មិន​ចង់​មាន​ជម្លោះ​ជាមួយ​ប្រទេស​ណា​ទេ តែ​សុំ​ឲ្យ​ប្រទេស​ធំ​នេះ​កុំ​រំលោភ​ដែនទឹក​របស់​ហ្វីលីពីន​បន្ត​ទៀត។

លោក​បាន​ទាមទារ​ឲ្យ​ក្រុង​ប៉េកាំង គោរព​សាលដីកា​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៦ ដែល​សម្រេច​សេចក្ដី​ឲ្យ​ហ្វីលីពីន​មាន​សិទ្ធិ​ទៅ​កាន់កាប់​ដែន​កោះ​ដែនទឹក​របស់​ខ្លួន​វិញ​នៅ​ប្រជុំ​កោះ​ស្កាបូរ៉ូ នៅ​សមុទ្រ​ចិន​ខាងត្បូង។ លោក​បាន​បញ្ជាក់​ថា លោក​នឹង​រំឭក​សាលដីកា​នេះ​នៅ​ចំពោះ​មុខ​មន្ត្រី​ចិន។

លោក​រំឭក​ថា បើ​និយាយ​អំពី​គោល​នយោបាយ​ការបរទេស​វិញ គឺ​លោក​មិន​រាប់​ប្រទេស​ណា​មួយ​ជា​សត្រូវ​នឹង​ហ្វីលីពីន​នោះ​ទេ គឺ​សុទ្ធតែ​ជា​មិត្ត​របស់​ហ្វីលីពីន តែ​លោក​ថា​កុំ​តែ​រំលោភ​ឈ្លានពាន​ហ្វីលីពីន គឺ​ប្រទេស​នោះ​ជា​មិត្ត​ស្មោះត្រង់​នឹង​ហ្វីលីពីន​ទៅ​ហើយ។

លោក​បញ្ជាក់​ថា លោក​រាប់អាន​ចិន និង​អាមេរិក គឺ​ដូច​គ្នា តែ​សុំ​តែ​គោរព​ដែនទឹក​ដែន​កោះ និង​អធិបតេយ្យភាព​ហ្វីលីពីន គឺ​គ្រប់គ្រាន់​ទៅ​ហើយ។ លោក​បាន​ថ្លែង​ថា ប្រទេស​ចិន​ក៏​ជា​មិត្ត​របស់​ហ្វីលីពីន​ដែរ តែ​កុំ​តាំងចិត្ត​ថា​ហ្វីលីពីន​ជា​មិត្ត​ផង​ជា​អាយ៉ង​ផង គឺ​ទៅ​ពុំ​រួច​នោះ​ទេ។

ក្រៅ​ពី​នេះ​ទៀត លោក​សន្យា​បោស​សម្អាត​អំពើពុករលួយ និង​អំពើ​អសកម្ម​ដែល​នាំ​ឱ្យ​សង្គម​ហ្វីលីពីន​ធ្លាក់​ក្នុង​អំពើ​អយុត្តិធម៌។ លោក​សន្យា​កាត់បន្ថយ​ឱ្យ​បាន​នូវ​អត្រា​អត់​ការងារ​ធ្វើ​របស់​យុវជន និង​កាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យ​កាត់​តែ​ទាប​បំផុត៕