លោក ហ៊ុន សែន សម្រេចកាត់ផ្ទៃដីចំនួន ០៨ទីតាំងមានទំហំជាង ៣៨ហិកតារចេញពីផ្ទៃបឹងតាមោកបន្ថែមទៀតឱ្យទៅកូនប្រុសបង្កើតរបស់លោក ហូ សិទ្ធី ដែលជានាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
មេដឹកនាំដែលពូកែលុបបឹងលុបទន្លេរូបនេះបានចេញអនុក្រឹត្យកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើបទទួលបាន សម្រេចកាត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវចំនួន ០៨ទីតាំងមានទំហំជាង ៣៨ហិកតារ (៣៨៥៧៦៨ម៉ែត្រក្រឡា) ដែលស្ថិតនៅក្នុងសង្កាត់ពញាពន់ សង្កាត់ពន្សាំង និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនលោក ហូ សិទ្ធីវ័ន្ត ជាកូនប្រុសបង្កើតរបស់លោក ហូ សិទ្ធី ដែលជានាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។
ជុំវិញការកាត់ដីបឹងតាមោកនេះ គេនៅមិនទាន់បានដឹងទេថា តើលោក ហូ សិទ្ធីវ័ន្ត និងអ្នកស្រី សេង សុជាតិតា ទទួលបានចំណែកផ្ទៃដីបឹងតាមោកជិត ៤០ហិកតារនេះធ្វើជាកម្មសិទ្ធិ ដោយពន្ធ និងអាករជាបន្ទុករបស់រដ្ឋបែបនេះ ដោយសារមូលហេតុអ្វីនៅឡើយទេ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីបឹងតាមោកចំនួនពីរទីតាំងដែលមានទំហំជាង ៦ហិកតារ (៦១៨៣៦ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដើម្បីប្រគល់ឱ្យទៅលោកឧត្តមសេនីយ៍ផ្កាយ៤ សេង យូអ៊ាន់ ធ្វើជាកម្មសិទ្ធិ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
បឹងតាមោក ឬបឹងកប់ស្រូវ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានផ្ទៃដីសរុបជាង ៣ពាន់ហិកតារ (៣២៣៩ហិកតារ) ជាអាងស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ កំណត់ជាបឹងធម្មជាតិទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
យ៉ាងណាក៏ដោយ យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ នេះ ផ្ទៃបឹងតាមោកសរុបជាង ២ពាន់ហិកតារហើយដែលត្រូវបានរដ្ឋាភិបាលកាត់ ឬដោះដូរទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ដែលគេដឹងថាជាអ្នកមានប្រាក់ និងមានអំណាចសម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ក្រៅពីកាត់ និងដោះដូរបឹងនេះ លោក ហ៊ុន សែន ក៏បានកាត់ផ្ទៃដីបឹងតាមោក ឬទំនប់កប់ស្រូវនេះចំនួន ២០ហិកតារឱ្យប្អូនស្រីបង្កើតរបស់លោក គឺអ្នកស្រី ហ៊ុន សេងនី និងឧកញ៉ា ឡាញ់ ភារ៉ា ផងដែរ។ ជាងនេះទៀត បឹងនេះក៏ត្រូវបានកាត់ទៅឲ្យលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក យ៉ា គឹមអ៊ី មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានអធិការកិច្ចនៃក្រសួងការពារជាតិថែមទៀត។
របាយការណ៍របស់សមាគមធាងត្នោត បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ថា បឹងទាំង ២៦ នៅក្នុងទីក្រុងភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុបទាំងអស់ ក្នុងនោះបឹង ១៦ ផ្សេងទៀត ត្រូវបានលុបទាំងស្រុង និងបឹង ១០ ទៀត ត្រូវបានលុបនៅផ្នែកខ្លះ ប៉ុន្តែបឹងទាំងនោះនឹងត្រូវលុបបាត់ទាំងស្រុងនៅពេលខាងមុខជាមិនខាន៕