34 C
Phnom Penh

រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូល​ថវិកា​ដើម្បី​កម្ពុជា​ឈាន​ទៅ​រក​ការ​គ្មាន​គ្រាប់មីន​នៅ​ឆ្នាំ​២០២៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា​ដែល​តែង​ចូលចិត្ត​ប្រកាស​សង្គ្រាម​ជាមួយ​ខ្មែរ​គ្នា​ឯង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូល​ថវិកា​បន្ថែម​ទៀត​ដើម្បី​កម្ពុជា​ឈាន​ទៅ​រក​ការ​គ្មាន​វត្តមាន​គ្រាប់មីន​នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ ខណៈ​មាន​សប្បុរសជន​ដែល​ជា​អ្នក​វិនិយោគ អ្នកជំនួញ​បាន​ចូលរួម​ប្រមាណ​ជាង ៥​លាន​ដុល្លារ​រួច​មក​ហើយ​គិត​ត្រឹម​ថ្ងៃទី​១ ខែ​កក្កដា កន្លងទៅ​នេះ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២២ ថា ការ​ឈាន​ទៅ​បញ្ចប់​នូវ​សោកនាដកម្ម​លើ​ប្រជាជន​កម្ពុជា​ដែល​ស្លាប់ និង​របួស​ដោយ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ជា​ឃាតក​លាក់​មុខ​នៅ​សេសសល់​លើ​ទឹកដី​កម្ពុជា គឺជា​គោលការណ៍​កំណត់​ជា​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។ លោក​អះអាង​ថា ការ​អំពាវនាវ​ឱ្យ​សប្បុរសជន​ចូលរួម​បំបាត់​ចោល​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ គឺ​ដើម្បី​កម្ពុជា​ឈាន​ទៅ​រក​ការ​គ្មាន​វត្តមាន​គ្រាប់មីន​នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ។

រហូត​មក​ទល់​ពេលនេះ យ៉ាងហោចណាស់​មាន​សប្បុរសជន​ដែល​ជា​អ្នក​វិនិយោគទុន និង​អ្នកជំនួញ​បាន​ចូលរួម​ប្រមាណ​ជាង ៥​លាន​ដុល្លារ​អាមេរិក។ លោក ហ៊ុន សែន សង្ឃឹម​ថា​នឹង​មាន​ការ​ចូលរួម​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ទឹកដី​ដ៏​កម្សត់​មួយ​នេះ​រួច​ផុត​ពី​គ្រាប់មីន​ជា​រៀង​រហូត។

ការ​អំពាវនាវ​នេះ ធ្វើឡើង​ដើម្បី​ប្រមូល​ថវិកា​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ក្នុង​ការ​អនុវត្ត​គម្រោង​សម្រាប់​សកម្មភាព​ដើម្បី​កម្ចាត់​មីន​ឲ្យ​អស់​ពី​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២៥ ខាងមុខ​នេះ។

អ្នកជំនួញ​ធំៗ និង​ឧកញ៉ា​ជាច្រើន​រូប​ដែល​បាន​ប្រកាស​ចូល​ថវិកា​ជា​បន្តបន្ទាប់ រួម​មាន​ឧកញ៉ា គិត ម៉េង ឧកញ៉ា ពង់ ឃាវសែ ឧកញ៉ា ហុង ពីវ និង​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម បាន​ប្រកាស​បរិច្ចាគ​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន ១​លាន​ដុល្លារ​អាមេរិក។ ជាង​នេះ​ទៀត កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី បាន​ប្រកាស​បរិច្ចាគ​ថវិកា​ចំនួន ១​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ កក្កដា នេះ​ថា បើ​តាម​លោក​កត់សម្គាល់​ទំនង​ជា​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា Cambodian Mine Action Center ដែល​ហៅ​កាត់​ថា CMAC មិន​មាន​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​របស់​ខ្លួន​បន្ត​ទៀត​នោះ​ទេ ទើប​លោក ហ៊ុន សែន ចេញ​មុខ​រៃ​លុយ​ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​នេះ​បន្ត​ផែនការ​របស់​ខ្លួន​ទៅ​មុខ​ទៀត​បែប​នេះ។

លោក គឹម សុខ លើកឡើង​ថា ចាប់តាំងពី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​នេះ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់ UNTAC កាលពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០ គឺ​ទទួល​បាន​ថវិកា​រាប់​សិប​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​ផែនការ​របស់​ខ្លួន ប៉ុន្តែ​បើ​ទោះបីជា UNTAC មិន​បាន​គ្រប់គ្រង​នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​ទៅ​ហើយ​ក្តី ក៏​មជ្ឈមណ្ឌល​កម្ចាត់​មីន​នេះ​នៅតែ​អាច​ទទួល​បាន​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ក្រោយពី CMAC ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​នេះ​បាន​ធ្លាក់​ចុះ​នូវ​ការ​ទទួល​ជំនួយ​ពី​អន្តរជាតិ​ជា​បន្តបន្ទាប់ ព្រោះ​ថា​លោក ហ៊ុន សែន បាន​ប្រើប្រាស់ CMAC បង្កើត​ជា​សមិទ្ធផល​របស់​ខ្លួន​ក្នុង​ចេតនា​លុបបំបាត់​សមិទ្ធផល​របស់ UNTAC ដើម្បី​កេងប្រវ័ញ្ច​ផលប្រយោជន៍​នយោបាយ​ខ្លួនឯង​ទៅ​ថ្ងៃ​មុខ។

កន្លងមក CMAC ទទួល​បាន​ទាំង​សម្ភារៈ និង​ថវិកា​ជា​រួម​ពី​ប្រទេស​ម្ចាស់​ជំនួយ​ប្រមាណ​ជា ២០​លាន​ដុល្លារ​ទៅ ៣០​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់​ឆ្នាំ ក្នុង​នោះ​រួម​មាន​ប្រទេស​អូស្ត្រាលី ស្វីស កាណាដា ជប៉ុន ន័រវែស ស៊ុយអែត និង​អាល្លឺម៉ង់ ជាដើម ក្នុង​នោះ​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ប្រមាណ ២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ដល់ CMAC ដើម្បី​ទ្រទ្រង់​សកម្មភាព​ដោះ​មីន​នៅ​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ជំនួយ​ទាំងនោះ​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​កាលពី​ចុង​ឆ្នាំ​២០១៧ កន្លងទៅ​ដោយសារតែ​សហរដ្ឋ​អាមេរិក​បាន​បង្វែរ​ជំនួយ​នេះ​ទៅ​លើ​វិស័យ​ផ្សេងៗ​ជំនួស​វិញ ដូចជា​វិស័យ​យោធា ពាណិជ្ជកម្ម កសិកម្ម សេដ្ឋកិច្ច និង​អប់រំ ជាដើម។

មន្ត្រី​ជាន់ខ្ពស់​របស់ CMAC មួយ​រូប​ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា មីន​នៅ​កម្ពុជា​នឹង​មិន​អាច​សម្អាត​អស់​នោះ​ទេ ពីព្រោះ​មីន​ទាំងនោះ​ត្រូវ​បាន​គេ​ដោះ​ហើយ រួច​យក​ទៅ​កប់​វិញ​ដើម្បី​ប្រាប់​ទៅ​អន្តរជាតិ​ថា មីន​នៅតែ​មាន​វត្តមាន​នៅ​កម្ពុជា ហើយ​កម្ពុជា​នៅតែ​ត្រូវការ​លុយ​សម្រាប់​ធ្វើ​កិច្ចការ​សម្អាត​មីន​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស