29.3 C
Phnom Penh

ចលនា​យុវជន​នៅ​កូរ៉េ​ខាងត្បូង​រៀបចំ​ពិធី​បុណ្យ​រំឭក​ខួប​៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាងត្បូង អះអាង​ថា ខ្លួន​នឹង​រៀបចំ​កម្មវិធី​ពិធី​បុណ្យ​រំឭក​ខួប ៦​ឆ្នាំ​នៃ​មរណភាព​របស់​បណ្ឌិត កែម ឡី ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​របស់​លោក​ទៅ​កាន់​សុគតិភព ខណៈ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ក៏​បាន​រៀបចំ​ពិធី​រំឭក​ខួប​ពេញ​មួយ​ខែ​កក្កដា នេះ។

សេចក្ដី​ជូនដំណឹង​របស់​យុវជន​យុវនារី​នៃ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាងត្បូង ឱ្យ​ដឹង​ថា ការ​រំឭក​ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នា​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​របស់​លោក​ទៅ​កាន់​ឋាន​ផុត​ទុក្ខ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា កម្មវិធី​បុណ្យ​រំឭក​ខួប​នេះ​ចាប់ផ្ដើម​ជួបជុំ​គ្នា​នៅ​ម៉ោង ៩-១០ ហើយ​នៅ​ម៉ោង ១១ នឹង​មាន​កម្មវិធី​រាប់បាត្រ និង​មាន​កម្មវិធី​សាសនា​មួយ​ចំនួន​ទៀត។

ចំណែក​នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់​នឹង​មាន​មតិ​សំណេះសំណាល​របស់​ប្រធាន​ចលនា លោក មាស ពិសាល ជាមួយ​អ្នក​ចូលរួម ខណៈ​ម៉ោង ១​រសៀល​នឹង​មាន​និមន្ត​ព្រះសង្ឃ​សម្ដែង​ព្រះ​ធម្មទេសនា​ជា​កិច្ច​បង្ហើយ​បុណ្យ។ សេចក្ដី​ជូនដំណឹង​បញ្ជាក់​ថា កម្មវិធី​ពិធី​បុណ្យ​រំឭក​ខួប​នេះ នឹង​ធ្វើ​នៅ​ទីក្រុង​ក្វាងជូធំ ហាង​ខ្មែរ​បាយ័ន នៃ​ប្រទេស​កូរ៉េ​ខាងត្បូង។

សមាជិក​ចលនា​យុវជន​សង្គ្រោះ​ជាតិ​មួយ​រូប គឺ​កញ្ញា រស់ សុផល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ចន្ទ ទី​៤ កក្កដា នេះ​ថា យុវជន​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ប្រមាណ ១០០​នាក់​នឹង​ចូលរួម​កម្មវិធី​បុណ្យ​នេះ។ កញ្ញា​បន្ត​ថា ទោះបី​បណ្ឌិត កែម ឡី ចែក​ឋាន​ទៅ​មាន​រយៈពេល ៦​ឆ្នាំ​ទៅ​ហើយ​ក្ដី ក៏​ទឹកចិត្ត​យុវជន​យុវនារី​ខ្មែរ​ដែល​ស្នេហា​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម នៅតែ​ចងចាំ​វីរភាព និង​ការ​ពលិកម្ម​ដ៏​ធំធេង​របស់​បណ្ឌិត កែម ឡី ជានិច្ច។

កញ្ញា​បន្ត​ថា យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​របស់​លោក​នៅ​មិន​ទាន់​បាន​ទទួល​នៅឡើយ​ទេ ហើយ​ការ​បង្ហាញ​មុខ​ឃាតក​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ អាច​គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត​តែប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្ដារ​ម៉ាត​ស្តុប​បូកគោ ចំ​កណ្ដាល​រាជធានី​ភ្នំពេញ។ ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី បាន​កើតឡើង​តែ ២​ថ្ងៃ​ក្រោយ​ពេល​លោក​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយការណ៍​អង្គការ Global Witness ដែល​មាន​ឈ្មោះ​ថា «អាណាចក្រ​អាជីវកម្ម​ត្រកូល ហ៊ុន នៅ​កម្ពុជា»

ក្នុង​របាយការណ៍​អង្គការ Global Witness បាន​លាតត្រដាង​ពី​ការ​ក្ដោប​ក្ដាប់​អាជីវកម្ម​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន យ៉ាង​ច្រើន​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ។

អស់​រយៈពេល​ជិត ៦​ឆ្នាំ​កន្លងមក​នេះ ព្រឹត្តិការណ៍​នៃ​ការ​សម្លាប់​បណ្ឌិត កែម ឡី សមត្ថកិច្ច​ចាប់​ខ្លួន​ឃាតក​បាន​តែ​ម្នាក់​ប៉ុណ្ណោះ​ឈ្មោះ អឿត អាង ហៅ «ជួប សម្លាប់» ដែល​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​តុលាការ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត។

ទោះបីជា​សមត្ថកិច្ច​ចាប់​ខ្លួន​ឈ្មោះ អឿត អាង ហៅ «ជួប សម្លាប់» ហើយ​តុលាការ​បាន​ផ្ដន្ទាទោស​លើ​រូបគេ​អស់​មួយ​ជីវិត​ក្ដី ប៉ុន្តែ​សាធារណជន​នៅតែ​យល់​ថា​បុរស​ឈ្មោះ អឿត អាង ហៅ «ជួប សម្លាប់» គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត​ប៉ុណ្ណោះ។ ពួកគេ​ក៏​នៅតែ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ជា​ថ្មី​ទៀត​ឱ្យ​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ខ្លួន ត្រូវ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដើម្បី​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​ជនរងគ្រោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស