32 C
Phnom Penh

មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ជួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​របស់​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​បាន​ពិភាក្សា​លើ​បញ្ហា​អ្វី​នោះ​ទេ បន្ទាប់ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​ព្រមាន​ថា សកម្មភាព​របស់​លោក​នា​ពេល​កន្លងមក​បាន​ល្មើស​នឹង​បម្រាម​របស់​តុលាការ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami និង​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ផង​ដែរ​ដែល​តែងតែ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២២ នេះ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌ លោក កឹម សុខា បាន​បញ្ជាក់​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា បាន​ពិភាក្សា​លើ​បញ្ហា​ណា​មួយ​ដូច​ពេល​មុន​នោះ​ទេ បន្ទាប់ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​ព្រមាន​ថា សកម្មភាព​របស់​លោក កឹម សុខា នា​ពេល​កន្លងមក​បាន​ល្មើស​នឹង​បម្រាម​របស់​តុលាការ​ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ក្នុង​សវនាការ​លើក​ទី​៤៦ នៃ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ឃុំ​ខ្លួន​លោក កឹម សុខា ឡើងវិញ​ក្រោម​ហេតុផល​ថា លោក កឹម សុខា បាន​បំពាន​បម្រាម​របស់​តុលាការ ប៉ុន្តែ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​បដិសេធ​ធ្វើការ​ចាប់​ខ្លួន ដោយ​គ្រាន់តែ​ព្រមាន​លោក កឹម សុខា និង​រឹតត្បិត​សកម្មភាព ព្រមទាំង​ការ​និយាយ​ស្តី​របស់​លោក កឹម សុខា បន្ថែម​ទៀត​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កក្កដា នេះ​ថា បម្រាម​របស់​តុលាការ​គឺ​ដូច​គ្នា​ទៅ​នឹង​បទ​ចោទ​របស់​ពួកគេ ដែល​បាន​ចោទប្រកាន់​លោក កឹម សុខា ថា​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ប៉ុន្តែ​តុលាការ​នៅតែ​មិន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ជា​រដ្ឋ​បរទេស​ណា​មួយ​នោះ​ឡើយ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បទ​ចោទ និង​បម្រាម​របស់​តុលាការ​ហាក់​មាន​ភាព​មិន​ស៊ី​គ្នា​នោះ​ទេ ព្រោះ​ថា​តុលាការ​បាន​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស គួរ​ណាស់​តែ​ហាម​គាត់​មិន​ឱ្យ​ជួប​អង្គទូត​ដែល​តំណាង​ឱ្យ​រដ្ឋ​បរទេស​នានា​ដែល​ជា​មិត្ត​របស់​កម្ពុជា កំពុងតែ​បណ្ដាក់​គ្នា​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​សព្វថ្ងៃ​នេះ ប៉ុន្តែ​បែរ​ជា​ហាម​លោក​មិន​ឱ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ​ទៅវិញ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​តុលាការ​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា សេពគប់ ឬ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បរទេស​នានា​នោះ ហាក់​មាន​ភាព​សម​ទំនង​ជាង ដែល​វា​មាន​ខ្លឹមសារ​ស្រប​គ្នា​នឹង​បទ​ចោទ​របស់​ខ្លួន។

ទន្ទឹម​នឹង​នេះ តុលាការ​ក៏​អាច​បើក​សិទ្ធិ​សេរីភាព​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ​ឡើង​វិញ​ផង​ដែរ ដើម្បី​តាមដាន និង​ប្រមូល​ភស្តុតាង​ឱ្យ​កាន់តែ​ច្បាស់​បន្ថែម​ទៀត ថា​តើ​លោក កឹម សុខា ពិត​ជា​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដូច​ដែល​ខ្លួន​បាន​ចោទប្រកាន់​មែន ឬ​ក៏​អត់ ដើម្បី​ងាយ​នឹង​រក​ភស្តុតាង​ដាក់​បន្ទុក​កាត់ទោស​លោក ចៀសវាង​អូស​បន្លាយ​សវនាការ​ដូច​សព្វថ្ងៃ​នេះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ការ​ចោទ​លោក កឹម សុខា ថា​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស តែ​មិន​ដឹង​ថា​ជា​រដ្ឋ​បរទេស​មួយ​ណា ហើយ​ការ​ដាក់​បម្រាម​មិន​ឱ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ តែ​មិន​ដឹង​ថា​ជា​សកម្មភាព​ណា​មួយ ទាំងនេះ​សុទ្ធសឹងតែ​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​ក្នុង​បទ​ចោទ និង​បម្រាម​របស់​តុលាការ​ទាំងអស់ ដែល​រំលេច​ចេញ​នូវ​ចេតនា​នយោបាយ​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​គុក​ត្រពាំងផ្លុង​អស់​រយៈពេល ១​ឆ្នាំ ក្រោយ​មក​ក៏​បាន​ឃុំ​ខ្លួន​លោក​ឱ្យ​នៅ​ក្នុង​ផ្ទះ​ក្នុង​ឆ្នាំ​២០១៨៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស