31 C
Phnom Penh

ស្រីលង្កា​ដែល​ធ្លាក់​ក្នុង​បំណុល​ចិន​គរ​ដូច​ភ្នំ​ប្រកាស​អាសន្ន​ថា​សេដ្ឋកិច្ច​ជាតិ​ក្រឡាប់​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ស្រោចស្រង់​ជាតិ​នៃ​ប្រទេស​ស្រីលង្កា គឺ​លោក Ranil Wickremesinghe បាន​ប្រកាស​ជា​ផ្លូវការ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា ក្រឡាប់​ហើយ​នៅ​ពេលនេះ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP លោក Wickremesinghe បាន​ប្រកាស​ដូចនេះ​នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​សមាជិក​សភា​កាលពី​ថ្ងៃ​អង្គា ទី​៥ កក្កដា។ លោក Ranil Wickremesinghe គឺជា​នាយករដ្ឋមន្ត្រី​ដែល​ឡើង​មក​ជំនួស​លោក Mahinda Rajapaksa ដែល​ត្រូវ​បាន​ប្រជាជន​ស្រីលង្កា ធ្វើ​បាតុកម្ម​បណ្ដេញ​ចេញពី​តំណែង។

នៅ​ចំពោះ​មុខ​សមាជិក​សភា នាយករដ្ឋមន្ត្រី Wickremesinghe បាន​ថ្លែង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា បាន​ដួល​ក្រឡាប់​ហើយ។ លោក​បញ្ជាក់​ថា ទោះជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បន្ត​ផ្ដល់​ប្រាក់កម្ចី​ដោយ​ពុំ​មាន​ការប្រាក់ ក៏​ពុំ​អាច​ស្រោចស្រង់​សេដ្ឋកិច្ច​ស្រីលង្កា បាន​ដែរ ព្រោះ​ប្រទេស​នេះ​បាត់បង់​ចំណូល​ជាតិ​ធ្ងន់ធ្ងរ​ណាស់។ លោក​ថា នៅ​ពេល​គណៈប្រតិភូ​ស្រីលង្កា កំពុងតែ​ពិភាក្សា​ខ្ចី​បុល​ពី IMF គឺ​សេដ្ឋកិច្ច​ជាតិ​ស្រីលង្កា បាន​ដួល​រលំ​ទៅ​ហើយ។ តែ​លោក Wickremesinghe ពុំ​បាន​និយាយ​ដាក់​កំហុស​ទៅ​លើ​គណៈរដ្ឋមន្ត្រី​របស់​លោក មាហិនដា នោះ​ទេ។

យ៉ាងណាក៏ដោយ ដើមចម​ធ្វើ​ឲ្យ​ទុន​បម្រុង​បរទេស និង​ទុន​បម្រុង​ក្នុង​ស្រុក​របស់​ប្រទេស​ស្រីលង្កា ធ្លាក់​ដល់​កម្រិត​ស្ដារ​លែង​រួច​នេះ គឺ​អាច​មកពី​កត្តា​ច្រើន​យ៉ាង​នៅ​ចំពោះ​មុខ​ប្រទេស ដែល​ពលរដ្ឋ​ភាគច្រើន​នៅតែ​ក្រីក្រ ហើយ​បែរ​ជា​គ្រួសារ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល មាហិនដា មាន​ទ្រព្យសម្បតិ្ត​កប់​ពពក។

មាហិនដា គឺ​មិត្ត​ជិតស្និទ្ធ​នឹង​មេដឹកនាំ​ប្រទេស​ចិន។ លោក​ជា​មេដឹកនាំ​ស្រីលង្កា ដែល​ចិន​ផ្ដល់​ប្រាក់កម្ចី​តាមរយៈ​លោក គឺ​រាប់​ពាន់​លាន​ដុល្លារ ដោយ​ក្រុង​ប៉េកាំង មិន​ខ្វល់​អំពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​គ្រួសារ និង​បក្សពួក​លោក មាហិនដា ឡើយ។

សំណង់​កំពង់ផែ​សមុទ្រ និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ស្ពាន សុទ្ធសឹងតែ​បាន​មកពី​ការ​ខ្ចី​បុល​ពី​ចិន។ តែ​សមិទ្ធផល​សំណង់​មួយ​ចំនួន​ត្រូវ​បាន​ចិន រឹបអូស ព្រោះ​តែ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ដ៏​ក្រីក្រ​នេះ​ពុំ​មាន​លទ្ធភាព​សង​ការប្រាក់ និង​បង្វិល​ប្រាក់​ដើម​ឱ្យ​ចិន​វិញ គឺ​មិន​ទាន់​ពេលវេលា​កំណត់​នៃ​ការ​បង្វិល​សំណង។

ការពិត ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ត្រូវ​បង្វិល​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​ទៅ​ឱ្យ​ចិន គឺ​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​ប្រទេស​នេះ​ពុំ​មាន​លទ្ធភាព​ឡើយ។

ដោយសារ​ពុំ​មាន​លទ្ធភាព​សង​វិញ​នេះ​ហើយ​ដែល​កំពង់ផែ​សមុទ្រ​ដ៏​ធំ​មួយ​របស់​ប្រទេស​នេះ​ក្រោម​ប្រាក់កម្ចី​ជាង ១​ពាន់​លាន​ដុល្លារ ធ្លាក់​ក្រោម​ការ​កាន់កាប់​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន មាន​រយៈពេល ៩០​ឆ្នាំ។ មាន​ន័យ​ថា ប្រាក់ចំណូល​របស់​កំពង់ផែ​នេះ គឺ​ប្រទេស​ស្រីលង្កា ពុំ​មាន​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​នោះ​ទេ គឺ​ក្រុមហ៊ុន​ចិន ជា​អ្នក​ស្រូប​យក​ប្រាក់ចំណូល​របស់​កំពង់ផែ​មួយ​នោះ។

តើ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា ជួប​វិបត្តិ​មកពី​កត្តា​អ្វី​ខ្លះ?

  • ទី​មួយ គេ​រក​ឃើញ​មកពី​ប្រទេស​ស្រីលង្កា នេះ​ធ្លាក់​ក្នុង​បំណុល​បរទេស​គរ​ដូច​ភ្នំ។ បំណុល​សរុប​ជាង ៥០​ពាន់​លាន​ដុល្លារ។ បំណុល​ដ៏​ច្រើន​នេះ​ហើយ​ដែល​ស្រីលង្កា ត្រូវ​ទូទាត់​សង​ត្រឡប់​ទៅ​ម្ចាស់បំណុល​វិញ​មិន​ទាន់។ ក្នុង​បំណុល​ជាង ៥០​ពាន់​លាន​ដុល្លារ គឺ​សម្រាប់​ប្រទេស​ចិន​តែ​មួយ គឺ​ជាង ៣៥​ពាន់​លាន​ដុល្លារ។
  • ទី​ពីរ បំណុល​ទាំងនេះ បាន​បង្ក​ឱ្យ​មាន​អំពើពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ប្រព័ន្ធ​សេវា​កិច្ចការ​សាធារណៈ។ ពួក​មន្ត្រី និង​ឧត្តមសេនីយ៍​ដែល​មាន​បុណ្យ​ស័ក្តិ​ខ្ពស់ៗ បាន​ក្លាយ​ជា​អ្នក​មាន​ប្រាក់​ស្ដុកស្ដម្ភ ជាពិសេស​ក្រុម​គ្រួសារ​របស់​អតីត​នាយករដ្ឋមន្ត្រី មាហិនដា ដែល​ត្រូវ​បាន​ប្រជាជន​បណ្ដេញ​ពី​អំណាច​កាលពី​មួយ​ខែ​មក​នេះ។ ប្រឈម​នឹង​បាតុកម្ម​របស់​ប្រជាជន លោក មាហិនដា និង​គ្រួសារ​របស់​លោក​បាន​រត់​ទៅ​នៅ​ក្នុង​បន្ទាយ​កងទ័ព​មួយ​នៅ​ជាយក្រុង​កូឡុំបូ។ ការ​ភៀស​ខ្លួន​របស់​លោក មាហិនដា និង​គ្រួសារ​ទៅ​នៅ​ក្នុង​បន្ទាយ​កងទ័ព គឺ​ដើម្បី​ឱ្យ​ពួក​យោធា​ជួយ​ការពារ​សុវត្ថិភាព​របស់​គ្រួសារ​លោក។
  • ទី​បី ប្រភព​ចំណូល​ដាំ​ក្បាល​ចុះ​ជា​ខ្លាំង​នៅ​ពេល​ប្រទេស​នេះ​បិទ​ខ្ទប់ ព្រោះ​ប្រទេស​ធ្លាក់​ក្នុង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​គេ​ថា​ប្រភព​ជំងឺ​នេះ​ចេញពី​ប្រទេស​ចិន។ វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម និង​វិស័យ​កាត់ដេរ​របស់​ប្រទេស បាន​បាត់បង់​ប្រាក់ចំណូល​ទាំងស្រុង​នៅ​ពេល​ប្រទេស​បិទ​ខ្ទប់ គឺ​នៅ​រវាង​ឆ្នាំ​២០២០ ឆ្នាំ​២០២១ និង​ដើម​ឆ្នាំ​២០២២។
  • ទី​បួន អតិផរណា​ទំនិញ​ហក់​ឡើង​កប់​ពពក។ ក្រសួង​ថាមពល​បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ ទី​៣ មិថុនា ថា បរិមាណ​ប្រេង​បម្រុង​បាន​ធ្លាក់​ដល់​កម្រិត​មួយ​នៅ​ក្រោម​កម្រិត​តម្រូវការ​ប្រចាំ​ថ្ងៃ​ទៅ​ហើយ។ ប្រឈម​នឹង​បញ្ហា​កង្វះ​ប្រេង​របស់​ប្រទេស​នេះ គឺ​នៅ​តាម​ស្ថានីយ​លក់​ប្រេង គេ​សង្កេត​ឃើញ​រថយន្ត និង​រ៉ឺម៉ក​កង់បី​ចត​ចាំ​បន្ត​កន្ទុយ​គ្នា​ច្រើន​គីឡូម៉ែត្រ ដើម្បី​ចាក់​សាំង និង​អ្នក​ខ្លះ​ទៀត​ទិញ​ប្រេង​យក​ស្តុក​ទុក​ផ្ទះ។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ស្រីលង្កា​អស់​ប្រេង​ប្រើ​ហើយ។ នៅ​តាម​ស្ថានីយ​លក់​ប្រេង​ក្នុង​ទីក្រុង​កូឡុំបូ គឺ​ស្ថានីយ​ភាគច្រើន​លែង​មាន​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ស្តុក​ទុក​ដើម្បី​លក់​ទៀត​ហើយ។ ក្រៅពី​ការ​ខ្វះ​ប្រេង គឺ​ប្រទេស​ស្រីលង្កា ក៏​កំពុង​ជួប​ការ​ខ្វះ​ភ្លើង​អគ្គិសនី បាន​បណ្ដាល​ឱ្យ​ហាង​លក់​ទំនិញ​មួយ​ចំនួន​បាន​បិទ​ទ្វារ ព្រោះ​តែ​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់។ ចំណែក​ស្ថាប័ន​រដ្ឋាភិបាល​ដែល​មិន​ចាំបាច់​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃទី​១០ កក្កដា អាច​បើក​ធ្វើការ​វិញ ប្រសិនបើ​ប្រេង​ដឹក​ពី​បរទេស​មក​ទាន់។

ការពិត វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា បាន​ធ្លាក់​ធ្ងន់ធ្ងរ គឺ​ច្រើន​ខែ​មក​ហើយ ដែល​ពលរដ្ឋ​ជិត ២២​លាន​នាក់​រស់នៅ​ដោយ​ខ្វះ​សព្វគ្រប់ ពិសេស​ខ្វះ​ភ្លើង​អគ្គិសនី ប្រេងសាំង ស្បៀង និង​ថ្នាំពេទ្យ។

រដ្ឋ​អស់​ថវិកា​ដើម្បី​ទិញ​ស្បៀង ទិញ​ប្រេង និង​ផលិតផល​ចាំបាច់​មួយ​ចំនួន​ដើម្បី​ទប់ទល់​នឹង​អតិផរណា។ នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​ជា​កូនបំណុល​ចិន​វ័ណ្ឌក ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយ​បាន​រុញច្រាន​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រឡាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស