31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃទី​៥-៦ កក្កដា បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ដើម្បី​រក្សា​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ថា រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី ២៥​ឆ្នាំ​មុន​នៅ​ថ្ងៃទី​៥-៦ ខែ​កក្កដា គឺជា​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន តែ​ម្នាក់​ឯង ព្រោះ​ប្រើ​កម្លាំង​ទ័ព​ផ្ទាល់ខ្លួន និង​កម្លាំង​ទ័ព​របស់​វៀតណាម។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន សម្រេច​ធ្វើ​រដ្ឋប្រហារ​នេះ​ឡើង។ លោក ហ៊ុន សែន បាន​ដឹង​ថា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​បក្ស​កាន់​អំណាច​របស់​ខ្លួន គឺ​លោក ទៀ បាញ់ និង​លោក កែ គឹមយ៉ាន នា​ពេល​នោះ​មាន​គម្រោង​ចុះចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។

លោក​បន្ថែម​ថា ជាង​នេះ​ទៀត កងពលធំ​ចំនួន ៧​កង​ក៏​បាន​ត្រៀម​ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។ បន្ថែម​ពី​នេះ ក៏​មាន​ហេតុផល​សំខាន់​មួយ​ទៀត បើ​លោក ហ៊ុន សែន មិន​ធ្វើ​រដ្ឋប្រហារ​នៅ​ពេល​នោះ​ទេ នោះ​បក្ស​កាន់​អំណាច​របស់​លោក​នឹង​ចាញ់​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​២ ក្នុង​ឆ្នាំ​១៩៩៨ ម្តង​ទៀត​ជាមិនខាន ហើយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​អាច​ឈ្នះ​រហូត​ដឹកនាំ​រដ្ឋាភិបាល​តែ​ម្នាក់​ឯង។ ក្នុង​ន័យ​នេះ លោក ហ៊ុន សែន ក៏​អស់​អំណាច ហើយ​បក្ស​កាន់​អំណាច​ក៏​នឹង​រលាយ​កម្លាំង​គាំទ្រ​របស់​ខ្លួន​ផង​ដែរ។

លោក គឹម សុខ អះអាង​ថា ដោយសារតែ​រដ្ឋប្រហារ​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​រង​នូវ​ការ​ខូចខាត និង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី ម៉ាដឺលីន អលប្រាយ បាន​លុប​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ដែល​ដឹកនាំ​អ្នក​វិនិយោគ​ធំៗ​ទៅ​កម្ពុជា​នៅ​ពេល​នោះ។ ក្រៅ​ធ្វើ​ឱ្យ​ខ្ទេចខ្ទាំ​ផ្នែក​សេដ្ឋកិច្ច​ហើយ កម្ពុជា​ក៏​បាន​បាត់បង់​ដែន​សមុទ្រ​របស់​ខ្លួន​ទៅ​វៀតណាម និង​ថៃ ចំនួន ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ថែម​ទៀត។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា រដ្ឋប្រហារ​នេះ​បាន​សម្លាប់​ឫសគល់​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ និង​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដោយ​ប្តូរ​មក​វិញ​នូវ​របប​ផ្ដាច់ការ បក្ខពួក​គ្រួសារ​និយម ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន និង​ទាត់​ចោល​នូវ​ប្រព័ន្ធ​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ទាំងស្រុង។

លើស​ពី​នេះ កម្ពុជា​មិនមែន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ទៅវិញ ដែល​គ្រួសារ​នេះ​បាន​ស្ថិត​ក្រោម​ការ​រៀបចំ និង​ចាត់ចែង​របស់​វៀតណាម​ទាំងស្រុង។ ដូច្នេះ​ហើយ​ទើប​នៅ​ពេល​ដែល​វៀតណាម​ស្នើ​អ្វីៗ លោក ហ៊ុន សែន មិន​ដែល​បដិសេធ​ម្តង​ណា​នោះ​ឡើយ។

ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ បាន​បង្ក​ការ​ភ័យខ្លាច និង​ជ្រួលច្របល់​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​ខ្មែរក្រហម​វាយ​សម្រុក​ចូល​ក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៧៥ ដែរ។ នៅ​តាម​ដង​វិថី និង​នៅ​តាម​ជាយ​ទីក្រុង​ភ្នំពេញ ឮ​សូរ​តែ​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា​រវាង​កម្លាំង​ទ័ព​រាជា​និយម​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​លោក ហ៊ុន សែន។

រដ្ឋប្រហារ​បង្ហូរឈាម​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ត្រូវ​គេ​ចាត់ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​មាន​លោក ហ៊ុន សែន ជា​មេខ្លោង ព្រោះ​ថា​កម្លាំង​កងទ័ព​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ឈ្លើយសឹក​ដែល​បាន​សារភាព​ចុះចាញ់​គ្មាន​អាវុធ​ក្នុង​ដៃ​យ៉ាង​ព្រៃផ្សៃ ដែល​ជា​ការ​រំលោភ​បំពាន​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ស្តីអំពី​ច្បាប់​សង្គ្រាម​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុង​នោះ គេ​បាន​រក​ឃើញ​សាកសព​កងទ័ព​រាជា​និយម​ដែល​ត្រូវ​គេ​សម្លាប់ ហើយ​កប់​ក្នុង​ដី​រាក់ៗ ដៃ​ទាំង​សងខាង​ត្រូវ​ជាប់​ចំណង ភ្នែក​ទាំង​គូ​ត្រូវ​គេ​ខ្វេះ និង​ដងខ្លួន​ពោរពេញ​ដោយ​ស្នាម​ជាំ​គ្រប់​កន្លែង ដែល​អាច​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​មុន​នឹង​ត្រូវ​គេ​សម្លាប់។

ជុំវិញ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នេះ លោក ហ៊ុន សែន តែង​បដិសេធ​ថា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​របស់​គណបក្ស​កាន់​អំណាច​ទេ ប៉ុន្តែ​វា​ជា​ហេតុការណ៍​មួយ​ដើម្បី​ទប់ទល់​សភាពការណ៍​ពី​កម្លាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថូម៉ាស ហាំម៉ាប៊ឺក និង​នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ទទួល​បន្ទុក​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅក្នុង​របាយការណ៍​របស់​ពួកគេ​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ខែ​តុលា ឆ្នាំ​១៩៩៧ ថា ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ ខែ​កក្កដា គឺជា “រដ្ឋប្រហារ” ពិតៗ​ដែល​ធ្វើឡើង​ដោយ​លោក ហ៊ុន សែន។

លោក ប្រ៊ែដ អាដាមស៍ បាន​អះអាង​ថា បើ​ផ្អែក​តាម​អង្គហេតុ​ដែល​ប្រមូល​បាន​ទាក់ទង​នឹង​ការ​សម្លាប់​ឈ្លើយសឹក​នៃ​មន្ត្រី​យោធា និង​ប៉ូលិស​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នោះ អាច​បញ្ជាក់​បាន​ថា លោក ហ៊ុន សែន គឺជា​អ្នក​ដែល​ត្រូវតែ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស