27.5 C
Phnom Penh

លោក កឹម សុខា បដិសេធ​ការ​ចោទ​ធ្វើ​បាតុកម្ម​និង​ការ​បង្ក​អំពើ​ហិង្សា​នៅ​ទី​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក កឹម សុខា បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ក្រៅពី​ទីលាន​ប្រជាធិបតេយ្យ និង​ការ​បង្ក​អំពើ​ហិង្សា​ផ្សេងៗ​មិនមែន​ជា​ជំហរ​របស់​លោក​ទេ។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ផ្តល់​បទសម្ភាសន៍​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា សវនាការ​លើក​ទី​៤៧ នៅ​ថ្ងៃ​នេះ គឺ​ផ្ដោត​ទៅ​លើ​អង្គហេតុ​ប្រទូសរ៉ាយ​ដដែល។ ក្នុង​នោះ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ចោទ​សួរ​លោក កឹម សុខា ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រង់​ម្តុំ​ស្ពាន​ក្បាលថ្នល់ កាលពី​ឆ្នាំ​២០១៣ ប៉ុន្តែ​លោក កឹម សុខា បាន​ច្រាន​ចោល​ថា​មិនមែន​ជា​ការ​ដឹកនាំ​របស់​លោក​នោះ​ទេ។

លោក ចាន់ ចេន អះអាង​ថា សវនាការ​នេះ​គ្មាន​ភាព​រីកចម្រើន​នោះ​ទេ គឺ​នៅតែ​មាន​ភាព​តានតឹង​ដដែល ខណៈ​អយ្យការ​អម​សាលាដំបូង​ចេះ​តែ​ព្យាយាម​ចង់​ឱ្យ​កូនក្ដី​របស់​លោក​ព្រម​ទទួល​យក​នូវ​សកម្មភាព​បាតុកម្ម​នៅ​ស្ពាន​ក្បាលថ្នល់ ដែល​ពួកគេ​បាន​លើក​យក​មក​ចោទ​សួរ​លោក កឹម សុខា ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ពុធ​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ក្នុង​សវនាការ​លើក​ទី​៤៦ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ឃុំ​ខ្លួន​លោក កឹម សុខា ឡើងវិញ ក្រោម​ហេតុផល​ថា លោក កឹម សុខា បាន​បំពាន​បម្រាម​របស់​តុលាការ​ដោយសារតែ​លោក​បាន​ធ្វើ​សកម្មភាព​ចូលរួម​ក្នុង​ពិធី​សាសនា និង​កម្មវិធី​ប្រពៃណី​នា​ពេល​កន្លងមក។

បន្ទាប់ពី​ការ​ហាមប្រាម​របស់​តុលាការ​កាលពី​សវនាការ​កន្លង​ទៅ ត្រូវ​គេ​សង្កេត​ឃើញ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ហាក់​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ជុំវិញ​សកម្មភាព​របស់​លោក​ដូច​មុន​នោះ​ទេ ប៉ុន្តែ​បម្រាម​របស់​តុលាការ​ដែល​ហាម​លោក កឹម សុខា មិន​ឱ្យ​និយាយ​ស្តី និង​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ ត្រូវ​គេ​រិះគន់​ថា​ជា​ចេតនា​នយោបាយ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​បក្ស​កាន់​អំណាច។

ជាក់ស្តែង កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​តំណាង​សហភាព​អឺរ៉ុប បាន​នាំគ្នា​មក​សួរ​សុខទុក្ខ​លោក​ដោយ​ផ្ទាល់​ដល់​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​លោក កឹម សុខា មិន​បាន​លើកឡើង​ពី​ការ​ពិភាក្សា​របស់​លោក​ជាមួយ​តំណាង​សហភាព​អឺរ៉ុប ពី​បញ្ហា​ណា​មួយ​ដូច​ពេល​មុន​នោះ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​តុលាការ​កម្ពុជា​មិន​ទាន់​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ។

ជុំវិញ​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ដំណើរការ​សវនាការ​សព្វថ្ងៃ​នេះ ត្រូវ​គេ​ចាត់ទុក​ថា​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស