29 C
Phnom Penh

អាជ្ញាធរ​ខេត្ត​ក្រចេះ​បដិសេធ​សំណើ​ពលរដ្ឋ​សុំ​កាត់​ឆ្វៀល​ដី​ចេញពី​ក្រុមហ៊ុន​ស៊ីអេចភីប៊ិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​ក្រចេះ ច្រាន​ចោល​សំណើ​របស់​ពលរដ្ឋ​ចំនួន ២៩១​គ្រួសារ​ដែល​ស្នើសុំ​វាស់វែង និង​កាត់​ឆ្វៀល​ដី​ទំហំ​ជិត ២​ពាន់​ហិកតារ​ចេញពី​ក្រុមហ៊ុន ស៊ីអេចភីប៊ិ ក្រោម​ហេតុផល​ថា ដី​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ដែល​ពលរដ្ឋ​សូម​ស្នើ​នោះ ក្រុម​ការងារ​ចម្រុះ​ខេត្ត និង​ក្រសួង​បាន​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​រួច​ហើយ។

ក្នុង​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​អភិបាល​ខេត្ត​ក្រចេះ ដែល​ចុះហត្ថលេខា​ដោយ​លោក ប៉ែន លីណាត កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឱ្យ​ដឹង​ថា ទីតាំង​ដី​ដែល​ពលរដ្ឋ​ចំនួន ២៩១​គ្រួសារ​ស្នើសុំ​នោះ ក្រុម​ការងារ​ចម្រុះ​ខេត្ត ឃុំ និង​ក្រសួង​កសិកម្ម បាន​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​ចេញ ព្រមទាំង​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ២​ភូមិ​រួច​ហើយ គឺ​ភូមិ​តាងួន និង​ភូមិ​វឌ្ឍនៈ នៃ​ឃុំ​វឌ្ឍនៈ។

ចំណែក​ដី​ដែល​រដ្ឋាភិបាល​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន ស៊ីអេចភីប៊ិ ជា​ដី​ដែល​នៅ​សល់​ពី​ការ​វាស់វែង និង​កាត់​ឆ្វៀល​ចេញពី​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ដែល​បាន​ទន្ទ្រាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​កាលពី​អំឡុង​ឆ្នាំ​២០០៨ ដោយ​ដី​ទាំងអស់​សរុប​ជាង ៧​ពាន់​ហិកតារ (៧៥០៤.៩៧​ហិកតារ)។

រដ្ឋបាល​ខេត្ត​ក្រចេះ អះអាង​ថា ផ្ទៃដី​នៅ​សល់​ជា​ដី​របស់​ក្រុមហ៊ុន​ដែល​បាន​ឈូស​ឆាយ ដាំ​ដុះ និង​ដី​ព្រៃ​មិន​ទាន់​មាន​ការ​ប្រើប្រាស់​ទំហំ​ជាង ២​ពាន់​ហិកតារ (២៦៨៦,៨៦​ហិកតារ) ត្រូវ​បាន​កាយ​ក្រវាត់​ព្រំ​ដី​ដើម្បី​ចុះបញ្ជី។ ករណី​នេះ ដី​ទំហំ ១៩១៥​ហិកតារ​ដែល​ពលរដ្ឋ​ចំនួន ២៩១​គ្រួសារ​នៅ​ឃុំ​វឌ្ឍនៈ ស្នើសុំ​វាស់វែង និង​កាត់​ឆ្វៀល​ចេញពី​ក្រុមហ៊ុន ស៊ីអេចភីប៊ិ នោះ អាជ្ញាធរ​មិន​បន្ត​កាត់​ឆ្វៀល​ទៀត​ឡើយ។

ក្រៅពី​បដិសេធ​នោះ អាជ្ញាធរ​ខេត្ត​ចាត់ទុក​ការ​ស្នើសុំ​ឱ្យ​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​របស់​ពលរដ្ឋ​ជិត ៣០០​គ្រួសារ ធ្វើឡើង​តាម​ការ​ញុះញង់​របស់​មេខ្យល់​កៀរគរ​ឱ្យ​ចូល​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ទីតាំង​ដី​ក្រុមហ៊ុន ស៊ីអេចភីប៊ិ ដែល​នៅ​សល់​ពី​កាយ​ក្រវាត់​ព្រំ​ដី​រួច​ហើយ។

អាជ្ញាធរ​ខេត្ត​ក្រចេះ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​ទាំង ២៩១​គ្រួសារ ប្រសិនបើ​ពួកគេ​នៅតែ​ទាមទារ​ឱ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី ឬ​នៅតែ​ទៅ​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត។

កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ ពលរដ្ឋ​ចំនួន ២៩១​គ្រួសារ​នៅ​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ បាន​ដាក់​លិខិត​មួយ​ស្នើ​ទៅ​អភិបាល​ខេត្ត​ក្រចេះ ឱ្យ​កាត់​ឆ្វៀល​ដី​កសិកម្ម​ទំហំ ១៩១៥​ហិកតារ​ចេញពី​ក្រុមហ៊ុន ស៊ីអេចភីប៊ិ ឌីវេឡុបមិន ដោយសារតែ​ដី​ដែល​រដ្ឋាភិបាល​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​នេះ​បាន​ប៉ះពាល់​ដី​ស្រែ​ចម្ការ​ដែល​ពួកគេ​អាស្រ័យ​ផល។

យ៉ាងណាក៏ដោយ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​ពលរដ្ឋ​ទាំង ២៩១​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស