ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានដាក់ទិសដៅឲ្យសមាជិកបក្សរបស់ខ្លួន រួមទាំងកូននាម៉ឺនមន្ត្រីទាំងឡាយឲ្យបង្កើតបណ្ដាញសាខាបក្សឯនាយសមុទ្រ ដើម្បីរើសសមាជិក អ្នកគាំទ្រគ្រប់ភេទគ្រប់វ័យឲ្យបម្រើមហិច្ឆតាត្រកូល ហ៊ុន។
ក្រោយពីមានការរំលាយបក្សសង្គ្រោះជាតិ និងមានការបែកបាក់នៃកម្លាំងអ្នកប្រជាធិបតេយ្យនៅបរទេស គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មាន ដើម្បីទិញទឹកចិត្តពលរដ្ឋខ្មែរនៅឯនាយសមុទ្រទាំងនោះឲ្យបង្កើតរចនាសម្ព័ន្ធបម្រើបក្សកាន់អំណាចនៅកម្ពុជា។
ក្រុមអ្នកសង្កេតការណ៍នៅឯនាយសមុទ្រព្រួយបារម្ភអំពីវិនិយោគទុនទិញទឹកចិត្តរបស់បក្សប្រជាជនកម្ពុជា ដែលអាចមានឥទ្ធិពលក្នុងការផ្លាស់ប្ដូរចរន្តហិរញ្ញវត្ថុរបស់ពលរដ្ឋខ្មែរដែលធ្លាប់ជួយដល់បុព្វហេតុប្រជាធិបតេយ្យឲ្យហូរខុសផ្លូវវិញម្តង។
តើការប្រកាសជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅបរទេស ជាជោគជ័យអ្វី ? លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍ពិស្ដារ។
រយៈពេលប្រមាណ ៨ឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ បក្សប្រជាជនកម្ពុជាបានដាក់ទិសដៅ ឬប្រគល់ភារកិច្ច និងការទទួលខុសត្រូវឲ្យសមាជិកបក្ស ជាកូនចៅមន្ត្រីជាន់ខ្ពស់បក្សបង្កើតបណ្ដាញសាខាបក្សឯនាយសមុទ្រ ដើម្បីរើសសមាជិក អ្នកគាំទ្រគ្រប់ភេទ គ្រប់វ័យ ដោយផ្តើមដំណើរសាកល្បងពីប្រទេសអូស្ត្រាលី។ គេឲ្យឈ្មោះថា ក្រុមការងារចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស។ ក្រោយមកដាក់ឈ្មោះប្រទេស ឬតំបន់ ដូចជាក្រុមការងារចាត់តាំង ឬក្រុមការងារយុវជនសាខាបក្សប្រជាជនកម្ពុជាប្រចាំប្រទេសនេះ ប្រទេសនោះ ឬតំបន់នេះ តំបន់នោះ ជាដើម។
នៅខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន ប្រធានបក្ស ព្រមទាំងសមាជិកគណៈកម្មាធិការកណ្តាលមជ្ឈិមបក្សទាំង ៣៤នាក់ សម្រេចតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកជាប្រធានក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានយុវជនជាសមាជិកប្រមាណ ១លាន ៨សែននាក់ អាយុពី ១៥ ដល់ ៣៥ឆ្នាំ ឬប្រមាណ ៣០% នៃសមាជិកបក្ស ៦លាននាក់ទូទាំងប្រទេស។ នៅឆ្នាំ២០១៨ លោក ហ៊ុន សែន ប្រធានបក្សធ្វើសេចក្តីសម្រេចតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសធ្វើការជិតដិតនឹងស្ថានទូតនៃរាជាណាចក្រកម្ពុជាប្រចាំប្រទេសនីមួយៗយ៉ាងសស្រាក់សស្រាំ បញ្ចុះបញ្ចូលមនុស្សទូទៅឲ្យគាំទ្រ ឲ្យចូលជាសមាជិកបក្ស ដោយសន្យាផ្តល់កិត្តិយស មុខមាត់ លាភសក្ការៈផ្សេងៗ។ សញ្ញាសម្គាល់អ្នកគាំទ្រ ឬសមាជិកបក្ស គឺក្រមាបង់កចម្រុះពណ៌។ គេសង្កេតឃើញថា សមាជិកថ្មីឯបរទេសភាគច្រើនជាមនុស្សចំណាស់ៗដែលចង់បានមុខមាត់ពេលមកលេងស្រុក ឬខ្លាចមិនបានមកលេងស្រុក។
កិច្ចប្រឹងប្រែងរបស់បក្សប្រជាជនកម្ពុជាតាមរយៈពលរដ្ឋខ្មែរនៅបរទេសស្វែងរកលាភឥតគិតអំពីច្បាប់ទម្លាប់ប្រទេសដែលខ្លួនរស់នៅ បានជួយផ្តល់លទ្ធផលជាទីពេញចិត្តដល់បក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន និងកូនប្រុស។
សារព័ត៌មាន The Cambodia Daily បានធ្វើសេចក្តីរាយការណ៍ទាក់ទងនឹងសកម្មភាព និងគោលបំណងបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសចំនួន ២០ភាគមកហើយ។ យើងបានសិក្សាស្រាវជ្រាវអំពីមូលហេតុគេបង្កើតបណ្ដាញសាខាបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។ នៅខែសីហា ឆ្នាំ២០២១ យើងបានផ្សាយដូច្នេះ៖
លោក ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ ហើយដែលយកស្លាករាជាធិបតេយ្យជាត្រីមុខ កំពុងតែព្យាយាមធ្វើការពិសោធ ស្ទាបស្ទង់ វាស់វែង ថ្លឹងថ្លែងឲ្យដឹងអំពីទឹកចិត្តខ្មែរតាមសហគមន៍ឯបរទេស ថាតើមានចំនួនអ្នកទ្របក្សកាន់អំណាចនេះប៉ុន្មានភាគរយ មិនគាំទ្រប៉ុន្មានភាគរយ។ បើចំនួនអ្នកគាំទ្រមានល្មមសមរម្យ ស្មើ ឬលើសពីចំនួនអ្នកប្រឆាំង រដ្ឋអំណាចនៃបក្សប្រជាជនកម្ពុជានឹងអនុញ្ញាតឲ្យខ្មែរនៅបរទេសមានសិទ្ធិបោះឆ្នោតគ្រប់លំដាប់ថ្នាក់គ្រប់សម័យកាល ព្រោះថាបច្ចុប្បន្ននេះ រដ្ឋអំណាចក្រុងភ្នំពេញមិនទាន់អនុញ្ញាតឲ្យខ្មែរចូលសញ្ជាតិបរទេសមានសិទ្ធិបោះឆ្នោតទេ លើកលែងតែអ្នកកាន់សញ្ជាតិ ឬអត្តសញ្ញាណប័ណ្ណពីរ គឺខ្មែរមួយបរទេសមួយ។
ក្រោយពីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងនាមជាប្រធានអាស៊ានផ្លាស់វេន ដើម្បីដឹកនាំកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ាននាខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន សែន ពេញចិត្តនឹងចំនួនពលរដ្ឋខ្មែរ-អាមេរិកាំង និងខ្មែរ-ស្វីស ស្វាគមន៍ទទួលលោកដ៏កុះករលើសពីការស្មាន ទោះជាបានប្រើលុយទិញ ឬជួលមនុស្សទៅចូលរួម និងមានហេតុការណ៍គប់ស្បែកជើងតម្រង់លើលោកពេលសំណេះសំណាលជាមួយអ្នកទទួលនៅរដ្ឋធានីវ៉ាស៊ីនតុនក៏ដោយ។
យោងតាមទីភ្នាក់ងារព័ត៌មានខ្មែរ Agence Khmer de Presse (AKP) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការក្រៅប្រទេស និងសហប្រតិបត្តិការឃោសនា និងព័ត៌មាននៃរដ្ឋសភា បានចែករំលែកដំណឹងក្នុងកិច្ចពិភាក្សាជាមួយអ្នកការទូតបរទេសនៅក្រុងភ្នំពេញ ថា៖ ប្រទេសកម្ពុជាបានផ្តល់សិទ្ធិបោះឆ្នោតដល់ពលរដ្ឋខ្មែរ ៣ជំនាន់ដែលត្រូវបង្ខំខ្លួនចាកចេញពីមាតុភូមិដោយសារសង្គ្រាមស៊ីវិលតាំងពីទសវត្ស១៩៧០ មក ថ្វីបើសង្គ្រាមសម័យខ្លះជាសង្គ្រាមបរទេសឈ្លានពានក៏ដោយ។
តាមប្រភពដដែលនេះ លោក ហ៊ុន សែន ជាអ្នកស្នើឡើងក្រោយពីបានស្តាប់ឮការត្អូញត្អែរអំពីការលំបាក និងក្តីប្រាថ្នាចង់ចូលរួមបោះឆ្នោតនៃពលរដ្ឋខ្មែរនៅក្រៅប្រទេស។
AKP ស្រង់សម្ដីលោក សួស យ៉ារ៉ា ទៀតថា នេះជាការបញ្ជាក់ជំហរជាប្រវត្តិសាស្ត្រនៃការប្ដេជ្ញាចិត្តឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅប្រទេសកម្ពុជា។ ឥឡូវនេះ ពលរដ្ឋខ្មែរនៅបរទេសមិនថាប្រកាន់និន្នាការណាទេ អាចដាក់ពាក្យសុំអត្តសញ្ញាណប័ណ្ណ ឬសុំសញ្ជាតិខ្មែរ បើគេចង់ចូលរួមការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ហើយអាចទៅចុះឈ្មោះតាមស្ថានទូត និងបោះឆ្នោតនៅទីនោះតាមប្រទេសគេរស់នៅរៀងៗខ្លួនបាន។
មេក្រុមខាងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា ពលរដ្ឋខ្មែរឯបរទេសអាចផ្តើមចុះឈ្មោះនៅខែតុលា (ឆ្នាំ) នេះ បើគេចង់បោះឆ្នោតឆ្នាំក្រោយ។
តាមការវិភាគ និងការព្យាករគន់គូរពីអ្នកសង្កេតការណ៍នយោបាយនៅប្រទេសកម្ពុជាតាំងពីប្រមាណ ៥ឆ្នាំមុនកន្លងមកនេះ ដំណើររឿងនយោបាយខ្មែរថាមិនសូវខុសទេ។ ដើមដំបូង បក្សប្រជាជនកម្ពុជាមើលឃើញថា ពលរដ្ឋខ្មែរភាគច្រើននៅបរទេសមិនពេញចិត្តកិច្ចដឹកនាំដោយលោក ហ៊ុន សែន។ បន្ទាប់មក បក្សនេះបានផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន៍ ឬប័ណ្ណពណ៌លឿងឲ្យជនជាតិយៀកណាមរាប់សែន ឬលាននាក់ នាឆ្នាំ២០១២ មានសិទ្ធិរស់នៅពេញច្បាប់ ឥតត្រឡប់ទៅស្រុកកំណើតវិញទេ។
បើរាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន អនុញ្ញាតឲ្យជនជាតិខ្មែរនៅបរទេសមានសិទ្ធិស្របច្បាប់បោះឆ្នោតជាតិក្នុងប្រទេសកម្ពុជា សហគមន៍អន្តរជាតិគេមើលឃើញថា លោកជាអ្នកដឹកនាំគោរពសិទ្ធិមនុស្ស លើកស្ទួយសេរីភាពស្មើៗគ្នា មិនថាជាតិសាសន៍ណាឡើយ។ ដូច្នេះ សង្គមខ្មែរជាសង្គមពហុជនជាតិ ស្មើភាពគ្នាតាមច្បាប់អន្តរជាតិ។ បើខ្មែរនៅបរទេសក៏បោះឆ្នោតបាន ជនបរទេសគេឲ្យសញ្ជាតិក៏បោះឆ្នោតបាន តើអ្នកណាគេមិនថាលោក ហ៊ុន សែន ជាអ្នកប្រជាធិបតេយ្យ? វិធីនេះបំភ័ន្តភ្នែកសហគមន៍អន្តរជាតិបានរហូត។
ចំពោះជនជាតិខ្មែរវិញ យើងសូមស្រង់ពាក្យពេចន៍អ្នកនយោបាយ និងនាយទាហានថ្នាក់ឧត្តមសេនីយ៍ជនជាតិក្រិក ឈ្មោះ ប៉េរីគ្លីស (Pericles) អំឡុងឆ្នាំ៤៩៥−៤២៩ មុនគ.ស ដែលរំឭកជាតិសាសន៍លោកថា៖ “ពូជត្រីរស់ក្នុងសមុទ្រដូចតែពូជមនុស្សរស់លើដីអ៊ីចឹង អាធំៗវាស៊ីអាតូចៗទាល់តែអស់ (Fishes live in the sea, as men do on land: the great ones eat up the littles ones)”។ ដូច្នេះ អ្នកមានបញ្ញា គេប្រយ័ត្នមិនឲ្យអ្នកណាលេបស៊ីបានឡើយ។
គួរអនិច្ចាណាស់ ! ខ្មែរអត់សេរីភាពចង់រើខ្លួនចេញ ខ្មែរមានសេរីភាពចង់រុញខ្លួនចូល។
សប្តាហ៍ក្រោយ សូមជូនភាគបន្តដោយពិនិត្យមើលច្បាប់សហព័ន្ធសហរដ្ឋអាមេរិកស្តីអំពីពលរដ្ឋមានសញ្ជាតិពីរ តើចែងថាដូចម្តេច៕