27 C
Phnom Penh

ក្រសួង​ព្រមាន​ម្ចាស់​យានយន្ត​មិន​ឱ្យ​ប្រមូលផ្ដុំ​តវ៉ា​នឹង​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមាន​ថា ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ រួម​ទាំង​ក្រុមហ៊ុន​ដឹកជញ្ជូន មិន​ត្រូវ​ប្រើប្រាស់​ការ​ប្រមូលផ្ដុំ​ដើម្បី​ស្នើសុំ ឬ​តវ៉ា​ទៅ​នឹង​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកលែង​លើ​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​ការ​អនុគ្រោះ​ការ​កែច្នៃ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នោះ​ឡើយ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចេញ​សេចក្ដី​ជូនដំណឹង​កាលពី​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ រួម​ទាំង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ មិន​ត្រូវ​ធ្វើ​ការ​ប្រមូលផ្ដុំ​ប្តឹង​តវ៉ា ដែល​អាច​បង្ក​ឱ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អាយុជីវិត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពេលវេលា ផលប្រយោជន៍ និង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ដទៃ​ទៀត​នោះ​ទេ។

ការ​ចេញ​សេចក្ដី​ជូនដំណឹង​នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​រថយន្ត​ធុន​ធំ​ជាច្រើន​នាក់​ដែល​បាន​កែ​ចង្កូត​ពី​ស្តាំ​មក​ឆ្វេង និង​បង់​ពន្ធ​រួចរាល់ បាន​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន បន្ត​បទបញ្ជា​ក្នុង​ការ​កែ​ចង្កូត​រថយន្ត​ពី​ស្តាំ​មក​ឆ្វេង​នេះ និង​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ដូច​មុន​ដដែល។

ម្ចាស់​រថយន្ត​ធុន​ធំ​ដែល​បាន​កែ​ចង្កូត​ពី​ស្ដាំ​ទៅ​ឆ្វេង​ជាច្រើន​នាក់ បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ នៅ​ម្ដុំ​ផ្សារ​ថ្នល់ទទឹង ផ្លូវជាតិ​លេខ​៤ ដោយ​ទាមទារ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រក្សា​បទបញ្ជា​កាលពី​មុន​ឱ្យ​នៅ​ដដែល ដែល​បាន​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ទាំងអស់​ត្រូវតែ​នាំគ្នា​កែ​ចង្កូត​ពី​ស្តាំ​មក​ឆ្វេង និង​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ដូច​ពួកគេ​ដែល​បាន​ធ្វើ​នា​ពេល​កន្លងមក​នោះ។

ម្ចាស់​រថយន្ត​ទាំងនោះ​អះអាង​ថា ពួកគាត់​បាន​ចំណាយ​ថវិកា​ច្រើន​ណាស់​លើ​ការ​កែ​ចង្កូត​ពី​ស្ដាំ​មក​ឆ្វេង​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាង​នេះ​ទៀត នៅ​ពេល​ដែល​រថយន្ត​របស់​ពួកគេ​បាន​កែ​ចង្កូត​រួចរាល់​ហើយ​នោះ គឺ​ត្រូវ​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​ខ្លាំង ដូច្នេះ​ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌​ទាំងអស់​គ្នា ពួកគេ​ទាមទារ​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់​ត្រូវតែ​កែ​ចង្កូត និង​បំពេញ​កាតព្វកិច្ច​ពន្ធ​ដូច​ពួកគាត់​ដែរ។

ការ​ប្រមូលផ្ដុំ​គ្នា​ដើម្បី​តវ៉ា​ទាមទារ​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ដើម​សប្តាហ៍​នេះ បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​អាច​បន្ត​ប្រើប្រាស់​ដោយ​មិន​បាច់​កែ​ចង្កូត​មក​ឆ្វេង និង​គ្រាន់តែ​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់​អាច​បន្ត​ប្រើប្រាស់​ដោយ​មិន​បាច់​កែ​ចង្កូត​មក​ឆ្វេង និង​គ្រាន់តែ​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការ​ស្នើសុំ​ពី​ម្ចាស់​រថយន្ត​ដែល​ប្រើប្រាស់​ចង្កូត​ស្តាំ​ប្រមាណ​ជា ២០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​បិទ​ផ្លូវ​កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ថា ចាប់ពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២២ តទៅ រថយន្ត​គ្មាន​ពន្ធ​នឹង​រង​នូវ​ការ​បង្ក្រាប​យ៉ាង​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​ជាទីបំផុត ចំណែក​រថយន្ត​ចង្កូត​ស្ដាំ ក្រោយ​បង្ក្រាប​បាន​ហើយ ត្រូវ​ដោះ​បំបែក​ជា​គ្រឿង​បន្លាស់ ឬ​កម្ទេច​ចោល​តែម្ដង។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ព្រមាន​ដុត​កម្ទេច​ចោល​រថយន្ត​គេច​ពន្ធ​ប្រមាណ​ជិត ៦​ពាន់​គ្រឿង ប្រសិនបើ​ម្ចាស់​រថយន្ត​មិន​ចូល​ខ្លួន​មក​បង់​ពន្ធ​ឱ្យ​បាន​មុន​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២២ ទេ។ ប៉ុន្តែ​សារ​ព្រមាន​ខ្លាំងៗ​នេះ ត្រូវ​កែប្រែ​ដោយ​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​អាច​បន្ត​ប្រើប្រាស់​បាន​ដូច​ធម្មតា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​កែ​ចង្កូត​រថយន្ត​ពី​ស្តាំ​មក​ឆ្វេង​រួចរាល់​ខកចិត្ត និង​ខាត​លុយ​យ៉ាង​ធ្ងន់ធ្ងរ និង​ត្រូវ​ធ្លាក់​ថ្លៃ​រថយន្ត​របស់​ពួកគេ​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា រថយន្ត​ចង្កូត​ស្តាំ​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​ខ្លួន​មក​កក់​ប្រាក់​ពន្ធ​មាន​ចំនួន ៦៩៩៩​គ្រឿង​រួច​ហើយ ក្នុង​នោះ​រថយន្ត​ចំនួន ៤២៩៩​គ្រឿង បាន​កែ​ចង្កូត​ពី​ស្តាំ​ទៅ​ឆ្វេង​រួចរាល់​ហើយ​ដែរ ចំណែក​រថយន្ត ២៥០៩​គ្រឿង​ទៀត​នៅ​មិន​ទាន់​បាន​កែ​ចង្កូត​នៅឡើយ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស