38 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើ​សន្និសីទ​កាសែត​រឿង​ព្រាង​ច្បាប់​ធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឲ្យ​ធ្វើ​សន្និសីទ​កាសែត បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​បណ្ដាល​សង្គម​ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែ​កក្កដា នេះ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ​ហើយ។

យ៉ាងណាក៏ដោយ ការ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​នេះ​មាន​បំណង​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុជា ប៉ុន្តែ​លោក ផៃ ស៊ីផាន មិន​បាន​បញ្ជាក់​ទេ​ថា លោក ហ៊ុន សែន នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ត្រង់​មាត្រា​ណា​មួយ​ឡើយ ដោយ​លោក​គ្រាន់តែ​ថា ខ្លឹមសារ​លម្អិត​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​រក្សា​ប្រក្រតីភាព​នៃ​ការងារ​រដ្ឋបាល ក៏ដូចជា​ផលប្រយោជន៍​ជា​ចាំបាច់​របស់​ពលរដ្ឋ។

ក្រោយពី​មាន​ការ​អនុម័ត​នេះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​សន្និសីទ​កាសែត​មួយ​ទាក់ទង​នឹង​ការ​ព្រាង​ច្បាប់​សំខាន់​មួយ​នេះ។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ជំពូក​ទី​១៥​ថ្មី អំពី​អានុភាព ការ​សើរើ និង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៥១​ថ្មី ចែង​ថា ការ​ផ្តើម​គំនិត​សើរើ ឬ​ការ​ផ្តើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ត្រី និង​របស់​ប្រធាន​រដ្ឋសភា តាម​សេចក្តី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។ ការ​សើរើ​រដ្ឋ​មនុញ្ញ ត្រូវ​ធ្វើឡើង​ដោយ​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មួយ​ដែល​អនុម័ត​ដោយ​រដ្ឋសភា តាម​មតិ​ភាគច្រើន​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​ចំអក​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ខ្វល់​តែ​រឿង​បង្ក​ជម្លោះ​ជាមួយ​ខ្មែរ​ជាតិ​ឯង និង​កែ​រដ្ឋធម្មនុញ្ញ ឬ​ធ្វើ​ច្បាប់​បំពេញ​បំណង​អំណាច​របស់​ខ្លួន។

លោក​យល់​ថា នេះ​ជា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១១ ហើយ ក្នុង​ការ​កែ​រដ្ឋធម្មនុញ្ញ​ជាតិ​កម្ពុជា​ក្នុង​រយៈពេល​តែ​ជាង ២០​ឆ្នាំ និង​ភាគច្រើន​លើសលប់​មាន​គោលដៅ​បញ្ចូល​ខ្លឹមសារ​ថ្មីៗ​ក្នុង​រដ្ឋធម្មនុញ្ញ ព្រមទាំង​ស៊កសៀត​ច្បាប់​ថ្មីៗ​ទៀត​ដើម្បី​បំពេញ​ផែនការ​ផ្ទេរ​អំណាច​គ្រួសារ​ត្រកូល ហ៊ុន តែប៉ុណ្ណោះ។

លោក គឹម សុខ ពន្យល់​ថា វា​មាន​គោលដៅ​រក្សា​ប្រក្រតីភាព​នៃ​អំណាច​គ្រួសារ​ត្រកូល ហ៊ុន មិនមែន​រក្សា​ប្រក្រតីភាព​នៃ​ការងារ​រដ្ឋបាល​ជាតិ​ដូច​លោក ផៃ ស៊ីផាន បាន​អះអាង​នោះ​ទេ ពីព្រោះ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​គេ​ត្រូវ​ធ្វើ​ការ​អនុវត្ត​បន្ថយ​ភាព​ស្អេកស្កះ​នៃ​ស្ថាប័ន​រដ្ឋ​ដែល​ធ្វើ​ឲ្យ​ទើសទែង​ជាន់​តួនាទី​គ្នា និង​ចាយ​លុយ​រដ្ឋ​ខ្ជះខ្ជាយ​ឥតប្រយោជន៍ មិនមែន​ប្រឹង​កែ​រដ្ឋធម្មនុញ្ញ​ដដែលៗ​នោះ​ទេ។

ជាក់ស្ដែង ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កន្លងមក ១០​ដង​ទៅ​ហើយ​ដែល​សុទ្ធតែ​សំអាង​ថា ដើម្បី​រក្សា​ប្រក្រតីភាព​នៃ​ស្ថាប័ន​រដ្ឋ ឬ​ប្រសិទ្ធភាព​ការងារ ប៉ុន្តែ​ទីបំផុត កំណែ​ទម្រង់​ប្រព័ន្ធ​រដ្ឋបាល​ជាតិ​បាន​បរាជ័យ​ទាំងស្រុង រីក​ធំធាត់​តែ​ក្រសួង​មន្ទីរ រដ្ឋបាល​ស្រុក​ខេត្ត និង​បុណ្យ​ស័ក្ដិ​មន្ត្រី​បក្ខពួក ហើយ​ស្ថាប័ន​ណា​ដឹកនាំ​ដោយ​គ្រួសារ​ណា​ប្រៀប​ដូច​ក្រុមហ៊ុន​គ្រួសារ​នោះ​ដែរ។

លោក គឹម សុខ លើកឡើង​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​មាន​គោលដៅ​គិតគូរ​ដល់​ផលប្រយោជន៍​ជា​អាទិភាព​របស់​ក្រុម​គ្រួសារ ហ៊ុន និង​បក្ខពួក មិន​មែន​ផលប្រយោជន៍​ពលរដ្ឋ​ដូច​លោក ផៃ ស៊ីផាន បកស្រាយ​ឡើយ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​កត់សម្គាល់​ជា​បឋម ៣​យ៉ាង​ចំពោះ​ផែនការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​នេះ៖

  • ទី​១ លោក ហ៊ុន សែន មាន​អត្តសញ្ញាណ​ជា​ជន​យកចិត្ត​ធ្វើ​ជា​ច្បាប់​ដើម្បី​ការពារ​អំណាច ដូច្នេះ​គោលដៅ​របស់​គាត់ គឺ​ដើម្បី​ធានា​ការ​ផ្ទេរ​អំណាច​ក្រែង​មាន​កម្លាំង​ថ្មី​ប្រកួត​ជាមួយ​កូនប្រុស​របស់​គាត់​ឲ្យ​រង្គើ ពីព្រោះ​បើ​គិត​ពី​ប្រក្រតីភាព​នៃ​រដ្ឋបាល​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ គឺ​គ្រាន់តែ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទៅ វា​ពេញលេញ​ពេក​ណាស់​ហើយ ពុំ​ចាំបាច់​ប៉ះពាល់​រដ្ឋធម្មនុញ្ញ​ថែម​ទៀត​ទេ។
  • ទី​២ តាមពិត​លោក ហ៊ុន សែន អាច​ប្រើ​អំណាច​អាជ្ញា​ចិត្ត​របស់​គាត់ ដើម្បី​សម្រេច​ផែនការ​ផ្ទេរ​អំណាច​ក៏​បាន​ដែរ តែ​គាត់​ខ្លាច​រង​ការ​រិះគន់​ខ្លាំង​ពេក ដូច្នេះ​គាត់​កែ​រដ្ឋធម្មនុញ្ញ​បំភ្លៃ​ច្បាប់ យ៉ាងហោចណាស់​ឲ្យ​មាន​ឈ្មោះ​តាម​ច្បាប់ ឲ្យ​មាន​លេស​បកស្រាយ និង​បន្ថយ​ការរិះគន់។
  • ទី​៣ ការ​កែ​រដ្ឋធម្មនុញ្ញ​ច្រើន​ពេក​ខុស​ពី​រដ្ឋធម្មនុញ្ញ​ដើម​ឆ្នាំ​១៩៩៣ ធ្វើ​ឲ្យ​ច្របូកច្របល់ ខុស​ផ្លូវ​ប្រជាធិបតេយ្យ ដូច្នេះ​ពេល​ដែល​លោក ហ៊ុន សែន ចង់​ធ្វើ​អ្វី​បន្ត​ទៀត មាន​តែ​ប្រឹង​កែ​រដ្ឋធម្មនុញ្ញ​តម្រូវ​តែប៉ុណ្ណោះ។

លោក គឹម សុខ ក៏​សម្ដែង​ការ​បារម្ភ​ដែរ​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​នេះ​ទៀត​អាច​ជា​ការ​ព្យាយាម​តម្រូវ​ខ្លឹមសារ​នៃ​ការ​បោះ​បង្គោល​ព្រំដែន និង​គំនូស​ផែនទី​ថ្មីៗ​ដែល​បាន​ធ្វើ​បែប​លាក់​បាំង​រួច​ហើយ​រវាង​វៀតណាម និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​ដែល​ប្រាសចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣។ លោក​ថា បើ​ធ្វើ​បែប​នេះ គឺ​ខុស​ទាំងស្រុង​ពី​នីតិវិធី និង​បច្ចេកទេស។

រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចំនួន ១៧​ជំពូក ១៦០​មាត្រា ដែល​ត្រូវ​បាន​សភាធម្មនុញ្ញ​អនុម័ត​ឡើង​កាលពី​ឆ្នាំ​១៩៩៣ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០២២ នេះ រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​លោក ហ៊ុន សែន ធ្វើ​វិសោធនកម្ម​ប្រមាណ ១០​ដង​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស