34 C
Phnom Penh

រជ្ជកាល​នៃ​ត្រកូល​ក្រាញ​អំណាច​និង​ផ្ដាច់ការ​នៅ​ស្រីលង្កា​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​កម្លាំង​មហាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​រដ្ឋធានី​កូឡុំបូ នៃ​ប្រទេស​ស្រីលង្កា ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់​បន្តិច​ហើយ ដោយ​ហ្វូង​មហាជន​ភាគច្រើន​បាន​បំបែក​គ្នា​ទៅ​កាន់​ស្រុក​ភូមិ​របស់​ពួកគេ​វិញ ក្រោយពី​ពួកគេ​ធ្វើ​បាតុកម្ម​ដ៏​ហិង្សា​សម្រុក​វាយលុក​ចូល​ភូមិគ្រឹះ​របស់​ប្រធានាធិបតី Gotabaya Rajapaksa និង​បាន​ចូល​ទៅ​ដុត​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី Ranil Wic-kreme-singhe។

បាតុករ​រាប់​ម៉ឺន​នាក់​ដែល​បាន​សម្រេច​បំបែក​ហ្វូង​របស់​ពួកគេ ក្រោយពី​ការ​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ចុះ​ចេញពី​តំណែង​របស់​ប្រធានាធិបតី Gotabaya Rajapaksa និង​នាយករដ្ឋមន្ត្រី​ឡើង​កាន់​តំណែង​បាន​តែ ២​ខែ គឺ​លោក Ranil Wickreme-singhe។ លោក Gotabaya Rajapaksa បាន​ប្រកាស​ថា លោក​សម្រេច​ជ្រើសរើស​យក​ថ្ងៃ​ពុធ​ក្នុង​សប្ដាហ៍​នេះ​ជា​ថ្ងៃ​ដែល​បញ្ចប់​អំណាច​ជា​ប្រធានាធិបតី​ទាំងស្រុង​របស់​លោក។ ចំណែកឯ Ranil Wickremesinghe ដែល​ភូមិគ្រឹះ​របស់​គាត់​ត្រូវ​បាន​បាតុករ​វាយលុក ហើយ​ដុត​បំផ្លាញ​ចោល ក៏​បាន​ប្រកាស​ថា លោក​ក៏​សម្រេច​ចុះ​ចេញពី​តំណែង​ផង​ដែរ។

កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លងមក​នេះ ពលរដ្ឋ​ស្រីលង្កា​រាប់​ម៉ឺន​នាក់ ដែល​ភាគច្រើន​មក​ពី​ខេត្ត​ផ្សេងៗ បាន​ឡើង​មក​ទីក្រុង​កូឡុំបូ ដោយ​ធ្វើ​ដំណើរ​តាមផ្លូវ​រថភ្លើង។ ពួកគេ​សម្រុក​ចូល​រដ្ឋធានី​របស់​ប្រទេស​នេះ ហើយ​ភ្លាមៗ​នោះ​ពួកគេ​សម្រុក​ចូល​ទៅ​វិមាន​ប្រធានាធិបតី និង​ភូមិគ្រឹះ​របស់​លោក Gotabaya ហើយ​ក្រុម​ខ្លះ​សម្រុក​ចូល​ទៅ​ភូមិគ្រឹះ​របស់​នាយករដ្ឋមន្ត្រី Ranil។

ចំណែក​ក្រុម​ខ្លះ​ទៀត​ឡោមព័ទ្ធ​អគារ​រដ្ឋសភា និង​ក្រុម​ខ្លះ​ទៀត​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ជិតស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី Mahinda Rajapaksa ដែល​ជា​បងប្រុស​លោក Gotabaya។

ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ហិង្សា​បែប​នេះ​ក្ដី បាតុករ​ក៏​បាន​រង​ការ​បាញ់​បង្ក្រាប​ដោយ​គ្រាប់បែក​ផ្សែង និង​ការ​បាញ់​ទឹក​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​សំណាក់​សមត្ថកិច្ច​ប៉ូលិស។ យ៉ាង​ណា ក្រុម​ប៉ូលិស​ក៏​មិន​អាច​បំបែក​ហ្វូង​បាតុករ​បាន​ដែរ។ ទីបំផុត បាតុករ​បាន​បុក​ធ្លាយ​របាំង​របស់​ប៉ូលិស ហើយ​សម្រុក​ចូល​ទៅ​ទីតាំង​ទាំងឡាយ​ដែល​បាតុករ​ចាត់ទុក​ថា​ជា​គោលដៅ​ត្រូវ​វាយលុក​ឲ្យ​បាន។

តាម​ប្រភព​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ឲ្យ​ដឹង​ថា ប៉ូលិស ៥០​នាក់​រង​របួស ហើយ​បាតុករ​ជាង ៣០០០​នាក់​ត្រូវ​ឃាត់​ខ្លួន។ តែ​មក​ដល់​ថ្ងៃ​នេះ ពួកគេ​ភាគច្រើន​ត្រូវ​បាន​ដោះលែង​ក្រោយពី​បាតុករ​ព្រមាន​ឱ្យ​ដោះលែង​ជាបន្ទាន់ ហើយ​បើ​ពុំ​នោះ​ទេ ពួកគេ​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​ថែម​ទៀត។

រហូត​មក​ទល់​ពេលនេះ ទាំង​ប្រធានាធិបតី Gotabaya និង​នាយករដ្ឋមន្ត្រី Ranil បាន​រត់​ភៀសខ្លួន​ទៅ​នៅ​ក្នុង​បន្ទាយ​របស់​កងទ័ព។

នៅ​ពេល​បាតុករ​សម្រុក​ចូល​ទៅ​ភូមិគ្រឹះ​របស់​លោក Gotabaya និង​ភូមិគ្រឹះ​របស់​នាយករដ្ឋមន្ត្រី Ranil រួម​ទាំង​វិមាន​ប្រធានាធិបតី គឺ​ពុំ​ឃើញ​មេដឹកនាំ​ទាំង ២​រូប​នេះ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​នោះ​ទេ។

តែ​បើ​តាម​សាក្សី មេដឹកនាំ​ទាំង ២​រូប​ដែល​ជា​មុខសញ្ញា​របស់​បាតុករ បាន​រត់​ភៀសខ្លួន​ប្រហែល​មុន​មួយ​ម៉ោង​នៃ​ការ​មក​ដល់​របស់​បាតុករ​ដែល​មាន​កំហឹង​ទាំងនេះ។

ការ​រត់​ភៀសខ្លួន​របស់​ពួកគេ ត្រូវ​បាន​ជម្លៀស​ដោយ​កង​អន្តរាគមន៍​ពិសេស​របស់​រដ្ឋាភិបាល ហើយ​ទើប​ដឹង​ថា​ពួកគេ​បាន​លាក់​ខ្លួន​នៅ​ក្នុង​ទីតាំង​សុវត្ថិភាព​មួយ​ដែល​គេ​គិត​ថា​ជា​បន្ទាយ​កងទ័ព​នៅ​ជាយក្រុង​កូឡុំបូ។ បើ​តាម​ដំណឹង គឺ​ពួកគេ​រត់​ភៀសខ្លួន​ទាំង​ក្រុម​គ្រួសារ​ទៀត​ផង។

កាលពី​ថ្ងៃទី​៩ ឧសភា លោក Mahinda Rajapaksa ដែល​ជា​បងប្រុស​បង្កើត​របស់​លោក Gotabaya ក៏​ត្រូវ​បាន​បាតុករ​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​គាត់​ដែរ ប៉ុន្តែ​បុរស​ខ្លាំង​រូប​នេះ​បាន​រត់​ភៀសខ្លួន​ដោយ​នាំ​ទៅ​ទាំង​ប្រពន្ធ​កូន​របស់​លោក​ទៅ​ជាមួយ​ផង​ដែរ គឺ​រត់​ទៅ​រស់នៅ​ក្នុង​បន្ទាយ​របស់​កងទ័ព​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ខ្លួន។

អំឡុង​បាតុករ​ផ្ទុះ​កំហឹង​ខ្លាំង លោក Mahinda ក៏​បាន​ប្រកាស​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី ហើយ​លោក Ranil Wickremesinghe ដែល​ជា​សមាជិក​សភា​មកពី​បក្ស​ប្រឆាំង​ក៏​ត្រូវ​បាន​សភា​សម្រេច​បោះឆ្នោត​ឱ្យ​ឡើង​ជំនួស​លោក Mahinda។

ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ស្រោចស្រង់​ជាតិ លោក Ranil បាន​កាន់​អំណាច​បាន​តែ ២​ខែ​ប៉ុណ្ណោះ។

ស្រីលង្កា ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ី​ខាងត្បូង។ ប្រទេស​ដែល​មាន​ប្រជាជន​ជិត ២២​លាន​នាក់​នេះ គឺជា​ប្រទេស​ដែល​គោរព​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ​ជា​ធំ។ ប្រទេស​នេះ​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​រយៈពេល ២៦​ឆ្នាំ។

បុរស​ដែល​ធ្វើ​ឱ្យ​សង្គ្រាម​ស៊ីវិល​បិទ​បញ្ចប់​នៅ​ឆ្នាំ​២០០៩ គឺ​លោក Mahinda ដែល​ពេល​នោះ​លោក​ជា​ប្រធានាធិបតី ហើយ​ប្អូនប្រុស​របស់​លោក គឺជា​មេទ័ព​រង​ម្នាក់ ត្រឹម​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ទោ​ប៉ុណ្ណោះ។

ក្រោយពី​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល គឺ​បុរស​នេះ​បាន​លោត​ចូល​ក្នុង​ឆាក​នយោបាយ ដែល​បងប្រុស​កំពុង​កាន់​តំណែង​ប្រធានាធិបតី។ នៅ​ពេល​លោក Mahinda ធ្លាក់​ពី​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០១៥ លោក Gotabaya ក្លាយ​ជា​អ្នក​នយោបាយ​ប្រឆាំង​ដ៏​លេចធ្លោ ខណៈ​បងប្រុស​លោក​ឆក់​យក​អំណាច​នាយករដ្ឋមន្ត្រី​បាន​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩ ដោយ​លោក​បាន​ផ្ដួល​លោក Ranil Wickremesinghe។

តែ​នៅ​ឆ្នាំ​២០១៩ លោក Gotabaya បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ដោយ​ផ្តួល​បេក្ខជន Ranil Wickremesinghe ខណៈ​ប្រធានាធិបតី Maithripala Sirisena មិន​សម្រេច​ឈរ​ឈ្មោះ​ជា​ថ្មី​នោះ​ទេ ដោយ​លោក​ផ្ដល់​ឱកាស​ដល់​លោក Ranil។ នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នោះ គឺ​ជ័យជម្នះ​បាន​ទៅ​លើ​លោក Gotabaya។ លោក Gotabaya បាន​កាន់​អំណាច​ប្រធានាធិបតី ហើយ​បងប្រុស​របស់​លោក គឺ​លោក Mahinda បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​មក​ទល់​ការ​ប្រកាស​ចុះចេញ​ក្រោម​សម្ពាធ​នៃ​កំហឹង​បាតុករ។

ហេតុ​អ្វី​បាន​ជា​ប្រជាជន​ស្រីលង្កា ធ្វើ​បាតុកម្ម​ដោយ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ខ្លួនឯង?

ប្រជាជន​ស្រីលង្កា ដែល​បាន​បោះឆ្នោត​ឱ្យ​ត្រកូល Rajapaksa ព្រោះ​ត្រកូល​នេះ​មាន​ស្នាដៃ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​២០០៩ តែ​ត្រកូល​នេះ​បាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​មហាសាល​បាន​មកពី​ការ​កិបកេង​ប្រាក់កម្ចី​បរទេស ជាពិសេស​គឺ​ប្រាក់កម្ចី​របស់​ប្រទេស​ចិន។

លោក មាហិនដា និង​លោក ស៊ី ជីនពីង គឺជា​មិត្តភក្ដិ​នឹង​គ្នា តែ​លោក មាហិនដា គឺជា​មិត្ត​ផង និង​ក៏​ជា​អាយ៉ង​របស់​លោក ស៊ី ជីនពីង ដែរ។

បំណុល​បរទេស​មក​ដល់​ពេលនេះ​ដែល​ស្រីលង្កា​ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល Rajapaksa បាន​ជំពាក់​ទាំង​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត គឺ​មាន​ជាង ៥១​ពាន់​លាន​ដុល្លារ។ សម្រាប់​ចិន គឺ​ជាង ៣៥​ពាន់​លាន​ដុល្លារ។ ក្នុង​ទំហំ​បំណុល​នេះ គឺ​មាន​តែ​បំណុល​ចិន មាន​ការប្រាក់​ខ្ពស់​ជាងគេ ហើយ​ក៏​មិន​ខ្វល់​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​កូនបំណុល​ដែរ។

ទីបំផុត ចិន​ទាមទារ​ឱ្យ​បង្វិល​សង​ទាំង​ការប្រាក់ និង​ប្រាក់​ដើម គឺ​ច្រើន​ឆ្នាំ​មក​ហើយ ស្រីលង្កា​ពុំ​អាច​មាន​លទ្ធភាព​សង​ចិន​បាន​ឡើយ។ ដោយ​ផ្អែក​លើ​កិច្ចសន្យា ប្រទេស​ចិន​ក៏​សម្រេច​រឹបអូស​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​មាន​ដូចជា​កំពង់ផែ​សមុទ្រ និង​ផ្លូវ​ល្បឿន​លឿន ជាដើម។

ស្រីលង្កា​ក៏​សម្រេច​យល់ព្រម​តាម​គំនាប​របស់​ចិន គឺ​ក្នុង​កិច្ចសន្យា​រយៈពេល ៩០​ឆ្នាំ គឺ​មាន​ន័យ​ថា ប្រាក់ចំណូល​ទាំងអស់​គឺជា​របស់​ចិន។ នេះ​ជា​ការ​បាត់បង់​ចំណូល​ជាតិ​សម្រាប់​ប្រទេស​ស្រីលង្កា​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ទោះជា​យ៉ាងណា ក្រុម​គ្រួសារ និង​មន្ត្រី​គ្រាក់ៗ​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល Rajapaksa បាន​ក្លាយ​ជា​អ្នក​មាន​ប្រាក់​រាប់​រយ​លាន​ដុល្លារ​នៅ​ពេល​ប្រទេស​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក។ នេះ​ជា​ដើមចម​មួយ​ដែល​ប្រជាជន​ស្រីលង្កា​សម្រេច​លែង​គាំទ្រ​ត្រកូល Rajapaksa ឱ្យ​ដឹកនាំ​ប្រទេស​ស្រីលង្កា​បន្ត​ទៀត។

ដើមចម​មួយ​ទៀត គឺ​ប្រជាជន​ស្រីលង្កា​ខកចិត្ត​ជា​ខ្លាំង​ដោយសារ​ប្រទេស​នេះ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ។ ប្រទេស​នេះ​បាត់បង់​ទុន​បម្រុង​បរទេស និង​ទុន​បម្រុង​ក្នុង​ប្រទេស ហើយ​ការ​បាត់បង់​នេះ​ដោយសារតែ​វិស័យ​សំខាន់ៗ​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​បាត់បង់​ប្រាក់ចំណូល គឺ​វិស័យ​កសិកម្ម វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ នៅ​អំឡុង​ប្រទេស​បិទ​ខ្ទប់​ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ដែល​ប្រភព​ដើម​ចេញពី​ប្រទេស​ចិន។

ឥឡូវ​នេះ ថាមពល​ប្រេងឥន្ធនៈ ថ្នាំពេទ្យ និង​ស្បៀង​បម្រុង​ទុក​របស់​ប្រទេស​នេះ គឺ​សឹងតែ​អស់​ទៅ​ហើយ បាន​បណ្ដាល​ឱ្យ​អតិផរណា​ឡើង​កប់​ពពក។ តែ​គោលដៅ​ជា​ចម្បង​របស់​បាតុករ គឺ​ត្រូវ​បញ្ចប់​រជ្ជកាល​នៃ​ត្រកូល Rajapaksa ដែល​បាតុករ​ចោទ​ថា​ជា​ត្រកូល​ពុករលួយ និង​រំលោភ​អំណាច។

តើ​ធ្វើ​ដូចម្ដេច​បើ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង​ហើយ​នោះ?

យោង​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ស្រីលង្កា គឺ​ប្រធាន​រដ្ឋសភា​ជា​អ្នក​រ៉ាប់រង​មើល​ការ​ខុសត្រូវ​បណ្ដោះអាសន្ន​លើ​កិច្ចការ​ប្រទេស​ជាតិ តែ​ត្រូវតែ​រៀបចំ​បោះឆ្នោត​សភា និង​ប្រធានាធិបតី​ឡើងវិញ។ ប្រធានាធិបតី​ជា​អ្នក​ចាត់តាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​ម្នាក់​ដែល​ចេញពី​សមាជិក​សភា​ឈ្នះ​ឆ្នោត​សំឡេង​ភាគច្រើន ឱ្យ​ទៅ​សុំ​សេចក្ដី​យល់ព្រម​ពី​សមាជិក​សភា។ នៅ​ពេល​សភា​អនុម័ត​ហើយ គឺ​នាយករដ្ឋមន្ត្រី​នោះ​ជា​អ្នក​បង្កើត​គណៈរដ្ឋមន្ត្រី។ សមាជិក​សភា​នៃ​ប្រទេស​ស្រីលង្កា មាន ២២៥​រូប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស