33 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​១២-១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដើម្បី​ជួប​ពិភាក្សា​បញ្ហា​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី ក្នុង​នោះ​លោក Daniel J. Kritenbrink ក៏​នឹង​ជួប​ជាមួយ​យុវជន និង​មេដឹកនាំ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង​ដែរ។

សហរដ្ឋ​អាមេរិក​លើកឡើង​ថា ការ​ជួប​ពិភាក្សា​គ្នា​រវាង​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ នឹង​លើកឡើង​អំពី​កិច្ច​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២ នេះ ក្នុង​នោះ​ក៏​នឹង​លើកឡើង​ពី​បញ្ហា​ក្នុង​តំបន់​មួយ​ចំនួន និង​បញ្ហា​ក្នុង​សកលលោក​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ក្នុង​ឆ្នាំ​២០២២ នេះ ប៉ុន្តែ​ត្រូវ​គេ​រិះគន់​ថា​កម្ពុជា​បាន​ធ្វើ​ឲ្យ​អាស៊ាន​រង​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ទៅវិញ។

ឧបការី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Daniel J. Kritenbrink នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ គឺ​នៅ​កម្ពុជា ២​ថ្ងៃ​ដើម្បី​ពិភាក្សា​បញ្ហា​ក្នុង​តំបន់ និង​បន្ត​ទៅ​ប្រទេស​ជប៉ុន រយៈពេល ៣​ថ្ងៃ ដើម្បី​សម្ដែង​សមានទុក្ខ​ដល់​ពលរដ្ឋ​ជប៉ុន ចំពោះ​ការ​បាត់បង់​អតីត​នាយករដ្ឋមន្ត្រី លោក Shinzo Abe ដោយសារ​អំពើ​ឃាតកម្ម​កាលពី​សប្តាហ៍​កន្លង​ទៅ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​ដែល​មាន​គោលដៅ​សម្របសម្រួល​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ហើយ​ក៏​ជា​ការ​បញ្ជាក់​ជំហរ​របស់​សហរដ្ឋ​អាមេរិក​លើ​រឿង​ថ្មីៗ និង​វិបត្តិ​ចាស់ៗ​រវាង​កម្ពុជា និង​អាមេរិក​ផង​ដែរ មុន​ពេល​សហរដ្ឋ​អាមេរិក​ផ្លាស់ប្ដូរ​ទូត​នៅ​ទីក្រុង​ភ្នំពេញ។

លោក គឹម សុខ លើកឡើង​ថា ឧបការី​ការបរទេស​អាមេរិក​នឹង​មិន​ភ្លេច​ទេ​អំពី​ការ​ប្រកាន់​ជំហរ​ឲ្យ​មាន​ការ​ជម្រះ​លើ​ការ​សង្ស័យ​មូលដ្ឋាន​ទ័ព​ចិន​ក្នុង​ទឹកដី​កម្ពុជា ការ​ទាមទារ​ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ និង​ភាព​ជា​អព្យាក្រឹត​របស់​អាស៊ាន ស្រប​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ក្នុង​ឋានៈ​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ បាន​ធ្វើ​ឱ្យ​ខូច​តម្លៃ​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ​របស់​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ធ្វើ​ឱ្យ​ខូច​គោលការណ៍​កុងសង់ស៊ីស​ទាំង ៥​ចំណុច​របស់​អាស៊ាន​តែម្តង ដែល​គេ​សង្ស័យ​ថា​កម្ពុជា​មាន​ទំនោរ​បម្រើ​ផលប្រយោជន៍​ឲ្យ​មហាអំណាច​កុម្មុយនីស្ត​ចិន។

ប្រភព​ដដែល​បញ្ជាក់​ថា ដោយសារតែ​កម្ពុជា​ដឹកនាំ​អាស៊ាន និង​ដឹកនាំ​កម្ពុជា​ខ្លួនឯង ដែល​គេ​មើល​ឃើញ​ថា​មិន​មាន​អព្យាក្រឹត ទើប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) មិន​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ចូល​ជា​សមាជិក​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ​នេះ ក្នុង​នោះ​កម្ពុជា​ក៏​ត្រូវ​គេ​ចាត់​ចូល​ក្នុង​ក្រុម​ប្រទេស​រំលោភ​សិទ្ធិមនុស្ស និង​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ដូច​គ្នា​នឹង​របប​សឹក​ភូមា ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស