37 C
Phnom Penh

លោក សុន ឆ័យ ថា​មិន​សុំទោស គ.ជ.ប ដោយសារ​ជា​បណ្តឹង​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ អះអាង​ថា បណ្ដឹង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្ដឹង​រូបលោក គឺជា​រឿង​នយោបាយ ហើយ​លោក​នឹង​មិន​សុំទោស គ.ជ.ប ជា​សាធារណៈ​តាម​ការ​ទាមទារ​នោះ​ទេ។

ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថ្លែង​ថា លោក​ចាត់ទុក​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ប្ដឹង​រូបលោក ថា​ជា​រឿង​នយោបាយ ហើយ​ករណី​នេះ​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា លោក​មិន​សុំទោស គ.ជ.ប ជា​សាធារណៈ​ដូច​ការ​ទាមទារ​នោះ​ទេ ដោយសារ​រឿង​ដែល​លោក​និយាយ​រិះគន់ គ.ជ.ប វា​ជា​រឿង​ពិត ហើយ​រឿង​នេះ​គណបក្ស​ផ្សេងៗ​ទៀត រួម​ទាំង​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​ក៏​លើកឡើង​បែប​នេះ​ដែរ។ លោក​បញ្ជាក់​ថា រូបលោក​អាច​សុំទោស គ.ជ.ប លុះត្រាតែ​អ្វី​ដែល​លោក​បាន​និយាយ​បំផ្លើស និង​មិន​មែន​ជា​រឿង​ពិត​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ នេះ គណបក្ស​ភ្លើង​ទៀន បាន​រងគ្រោះ និង​ការ​រិះគន់​ពី​មតិ​មួយ​ចំនួន​ច្រើន​ហើយ ប៉ុន្តែ​ឥឡូវ​បែរ​ជា​ត្រូវ​បាន​រងគ្រោះ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្ដឹងផ្ដល់​ដោយ​គ្រាន់តែ​បញ្ចេញមតិ​និយាយ​រឿង​នោះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្ដឹង​លោក សុន ឆ័យ ពីប​ទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» ក្រោយពី​លោក សុន ឆ័យ រិះគន់​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ថា សកម្មជន​របស់​បក្ស​ភ្លើង​ទៀន មិន​គួរ​បារម្ភ​ខ្លាច​លោក សុន ឆ័យ ជាប់​គុក​ពេក​ទេ ក៏ប៉ុន្តែ​គួរ​ណាស់​តែ​បារម្ភ​ថា តើ​លោក សុន ឆ័យ ហ៊ាន​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ធ្វើជា​គណបក្ស​ប្រឆាំង​មែនទែន ឬ​អត់​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា រូបលោក​ធ្លាប់​លើក​យោបល់​ជា​យូរ​ខែ​មក​ហើយ​ថា សកម្មភាព​លេងៗ​របស់​មេដឹកនាំ​បក្ស​ភ្លើង​ទៀន និង​ការ​ចូលរួម​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ដូច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ងាយស្រួល​បោះ​មួយ​ជំហាន​ទៀត​ក្នុង​ការ​សង្គ្រោះ​ផែនការ​ផ្ទេរ​អំណាច​ទៅ​កូន។

លោក គឹម សុខ បន្ត​ថា រូបលោក​កំពុង​ស្រាវជ្រាវ​រក​ការពិត​អំពី​ការ​លេច​ឮ​ថា លោក សុន ឆ័យ និង​លោក ហ៊ុន ម៉ាណែត បាន​ជួប​ជជែក​គ្នា​សម្ងាត់​មុន​ពេល​ឃើញ​វត្តមាន​លោក សុន ឆ័យ ចូល​ទៅ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន។

ក្រៅពី​រង​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក សុន ឆ័យ ក៏​បាន​រង​នូវ​បណ្ដឹង​មួយ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ក្នុង​បណ្តឹង​នោះ លោក សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​ផង​នោះ បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សុន ឆ័យ ចំនួន ១​លាន​ដុល្លារ ដោយ​យោង​ទៅ​លើ​អង្គហេតុ​ប្រហាក់ប្រហែល​ទៅ​នឹង​បណ្តឹង​របស់ គ.ជ.ប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស