27 C
Phnom Penh

អាមេរិក​អំពាវនាវ​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី ប្រកប​ដោយ​តម្លាភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ ឲ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​តម្លាភាព។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា សហរដ្ឋ​អាមេរិក​សូម​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ក្នុង​ការ​ចងចាំ​វីរភាព​បណ្ឌិត កែម ឡី ដែល​ជា​អ្នកវិភាគ និង​ជា​គ្រូពេទ្យ​ព្យាបាល​ជំងឺ​សង្គម​មួយ​រូប​ដែល​ទទួល​បាន​ការ​គោរព​យ៉ាង​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​ថា សហរដ្ឋ​អាមេរិក​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​តម្លាភាព​លើ​ឃាតកម្ម​នេះ។

បណ្ឌិត កែម ឡី ដែល​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​ស្តារ​ម៉ាត​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច (Star Mart Caltex) ត្រង់​ចំណុច​ស្តុប​បូកគោ​កណ្តាល​ទីក្រុង​ភ្នំពេញ។ ភ្លាមៗ​នោះ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​បាន​សារភាព​ថា​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជា​អ្នក​បាញ់​បណ្ឌិត កែម ឡី ដោយសារ​ជនរងគ្រោះ​ជំពាក់​លុយ​ខ្លួន​ចំនួន ៣​ពាន់​ដុល្លារ។ តុលាការ​បាន​សម្រេច​កាត់ទោស​បុរស​ដែល​បាន​សារភាព​ថា​ខ្លួន​ជា​ឃាតក​នោះ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

យ៉ាងណាក៏ដោយ ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ​បាន​កើត​ឡើង ២​ថ្ងៃ​បន្ទាប់ពី​លោក​បាន​លាតត្រដាង​ផែនការ​លក់​ជាតិ និង​ការ​គ្រប់គ្រង​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់​ដែល​មាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​របស់​បក្ខពួក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន តាម​របាយការណ៍​អង្គការ គ្លប៊ល វីនេស (Global Witness) ដែល​បាន​ចេញ​ផ្សាយ​នា​ពេល​កន្លងមក។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា កន្លងទៅ​ថា ការ​អះអាង​របស់​បុគ្គល អឿត អាង ហៅ ជួប សម្លាប់ ពី​ការ​ធ្វើ​ឃាត​ដោយសារ​ជំពាក់​ប្រាក់ ៣​ពាន់​ដុល្លារ ជា​រឿង​មិន​សម​ហេតុផល​នោះ​ទេ។ ដូច្នេះ សូម​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នេះ សាជាថ្មី​ឡើងវិញ​ដើម្បី​ធានា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា វា​ពិត​ជា​មិន​សម​ហេតុផល​ទេ​ដែល​ថា​បណ្ឌិត កែម ឡី ជំពាក់​លុយ​បុរស​ជា​ឃាតក​ឈ្មោះ អឿង អាង ចំនួន ៣​ពាន់​ដុល្លារ ហើយ​ក៏​មិន​សម​ហេតុផល​ដែរ​ថា បុរស​ឈ្មោះ អឿង អាង ម្នាក់​នេះ​ចំណាយ​លុយ​ទៅ​ទិញ​កាំភ្លើង​ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៣​ពាន់​ដុល្លារ​ដើម្បី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដោយសារតែ​បណ្ឌិត កែម ឡី ជំពាក់​លុយ ៣​ពាន់​ដុល្លារ​នោះ។

លោក​បណ្ឌិត​បន្ត​ទៀត​ថា ជាង​នេះ​ទៀត បុរស​ឈ្មោះ អឿត អាង នេះ ក៏​មិន​ល្ងង់​ដល់​ថ្នាក់​គិត​មិន​ឃើញ​ថា ខ្លួន​នឹង​មិន​អាច​បាន​លុយ​មក​វិញ​ទេ បើ​អ្នក​ជំពាក់​លុយ​ខ្លួន​នឹង​ត្រូវ​ស្លាប់​នោះ។ ជាង​នេះ​ទៀត ខ្លួនឯង​ជា​ម្ចាស់​លុយ​ក៏​នឹង​ត្រូវ​ជាប់​គុក​ថែម​ទៀត ហើយ​រឹតតែ​មិន​សម​ហេតុផល​ទៀត​នោះ នៅ​ពេល​ខ្លួន​បាន​ជួប​អ្នក​ជំពាក់​លុយ​ហើយ មិន​ទាមទារ​ឱ្យ​គេ​សង​លុយ បែរជា​លួច​បាញ់​សម្លាប់​គេ​ទៅវិញ។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា រដ្ឋាភិបាល​ត្រូវតែ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស្វែងរក​ឃាតក​ពិត​មក​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ឲ្យខាងតែ​បាន បើ​មិន​ដូច្នោះ​ទេ ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​បែប​នេះ គឺ​នៅតែ​បន្ត​កើតមាន​ជានិច្ច​គ្មាន​ថ្ងៃ​អាច​បញ្ចប់​បាន​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស