28 C
Phnom Penh

លោក ស ខេង ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ជូន​ពលរដ្ឋ​ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​ជូន​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត ពីព្រោះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មាន​ការ​តស៊ូ​ផ្នែក​នយោបាយ​តានតឹង​ជាង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

ការ​ជំរុញ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ខេត្ត​បាត់ដំបង កាលពី​សប្ដាហ៍​មុន។

លោក ស ខេង អះអាង​ថា សម្រាប់​ខេត្ត​បាត់ដំបង ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ក៏​អាច​នឹង​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​ជាង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែរ ជាពិសេស​ក្រុម​ពលរដ្ឋ​ចំណាកស្រុក​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ករណី​នេះ លោក​ណែនាំ​ឱ្យ​មន្ត្រី​រៀបចំ​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​របស់​គណបក្ស ដោយ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រមូល​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ទាំងនោះ​បន្ថែម​ទៀត។

ក្រៅពី​ណែនាំ​ហើយ លោក ស ខេង ក៏​បាន​ជំរុញ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឱ្យ​ពិនិត្យ​មើល និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​មិនទាន់​ទទួល​បាន​យុត្តិធម៌ ដោយ​ថា​បើ​មិន​ដោះស្រាយ​ទេ នោះ​ពលរដ្ឋ​នឹង​លែង​បោះឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​មិនខាន។

លោក​បញ្ជាក់​ថា ការ​ទុក​បញ្ហា​ឱ្យ​កាន់តែ​ធំ​ដោយ​មិន​ដោះស្រាយ វា​នឹង​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌ ហេតុ​ដូច្នេះ បញ្ហា​រំលោភ​បំពាន​ដែល​នាំ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ អាជ្ញាធរ​ត្រូវ​ដោះស្រាយ។

តំណាង​ពលរដ្ឋ​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោកស្រី ផាវ ញើង ចាត់ទុក​ការ​ជំរុញ​របស់​លោក ស ខេង ជា​រឿង​ល្អ បើ​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​តាម នោះ​នឹង​មិន​ធ្វើ​ឱ្យ​ពួកគាត់ និង​ពលរដ្ឋ​ផ្សេង​ទៀត​ទទួល​រង​ភាព​អយុត្តិធម៌​ទេ​នោះ។ អ្នកស្រី​គ្មាន​ជំនឿ​ថា មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​តាម​ប្រសាសន៍​របស់​លោក ស ខេង ឡើយ។

ចំណែក​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​លើកឡើង​របស់​លោក ស ខេង ជា​រឿង​ត្រឹមត្រូវ ហើយ​ថា​ប្រសិនបើ​បក្ស​ប្រជាជន​កម្ពុជា​ដោះស្រាយ​បញ្ហា​ភាព​អយុត្តិធម៌​ជូន​ពលរដ្ឋ​មែន នោះ​ប្រជាប្រិយភាព​របស់​គណបក្ស​នេះ​នឹង​មិន​បាត់បង់​ឡើយ ប៉ុន្តែ​កន្លងមក មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​អើពើ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ព្រមទាំង​រារាំង​នៅ​ពេល​ពួកគេ​តវ៉ា​ថែម​ទៀត។

លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ គួរតែ​មាន​ការ​យកចិត្ត​ទុកដាក់​ទទួល​យក​អ្វី​ដែល​ពលរដ្ឋ​ទាមទារ និង​ស្នើសុំ​មក​ធ្វើការ​ដោះស្រាយ មិនមែន​ទទួល​យក​ហើយ​ទុក​ចោល​នោះ​ទេ។ ជាមួយ​គ្នា​នេះ លោក​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន លុះត្រាតែ​រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ពិសេស​ចុះ​ពិនិត្យ ស្រាវជ្រាវ​ឫសគល់​នៃ​បញ្ហា ប៉ុន្តែ​បើ​គ្រាន់តែ​អំពាវនាវ នោះ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​រឿងរ៉ាវ​អូស​បន្លាយ​យូរ អាច​បណ្ដាល​មកពី​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​អាជ្ញាធរ ឬ​អ្នក​មាន​អំណាច​ជាដើម។

លោក​ថា មួយ​វិញ​ទៀត រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​មិន​អនុវត្ត​តាម ព្រមទាំង​ចាត់​វិធានការ​លើ​មន្ត្រី​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ជាដើម។ បើ​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ គណបក្ស​កាន់​អំណាច​មិន​អាច​បន្ត​ដឹកនាំ​ប្រទេស​ទៀត​បាន​ទេ ដោយសារ​បញ្ហា​បាន​កើត​ឡើង​ច្រើន ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ឡើយ។

កាលពី​ខែ​តុលា ឆ្នាំ​២០២១ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) បាន​ចេញ​របាយការណ៍​មួយ​ដោយ​បាន​ផ្ដល់​ចំណាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​មាន​នីតិរដ្ឋ​ទាប​បំផុត ដោយ​ទទួល​បាន​លេខ​១៣៨ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៣៩ លើ​ពិភពលោក។ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា សន្ទស្សន៍​នីតិរដ្ឋ​កម្ពុជា គឺ​ល្អ​ជាង​ប្រទេស​វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស