30 C
Phnom Penh

លោក ហ៊ុន សែន ថា​នយោបាយ​គ្មាន​ស្តង់ដារ​ពិតប្រាកដ​ទេ ខណៈ​ប្រជាធិបតេយ្យ​ក៏​មាន​ដំណើរ​ការ​មិន​ដូច​គ្នា​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា នយោបាយ​គ្មាន​ស្តង់ដារ​ពិតប្រាកដ​នោះ​ទេ ចំណែក​ឯ​ប្រជាធិបតេយ្យ​ក៏​មាន​ដំណើរការ​មិន​ដូច​គ្នា​នោះ​ដែរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។

មេដឹកនាំ​ដែល​ញាំញី​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​បើក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ប្រទេស​ខ្លះ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​បែប​ប្រធានាធិបតី​និយម។ ចំណែក​ប្រទេស​ខ្លះ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​បែប​សភា​និយម ប៉ុន្តែ​ទោះបីជា​ការ​ប្រកាន់​របប​ប្រធានាធិបតី ឬ​ប្រកាន់​របប​សភា​ក៏ដោយ ក៏​គេ​ហៅ​ថា​ប្រជាធិបតេយ្យ​ដូច​គ្នា​ដែរ ប៉ុន្តែ​ស្តង់ដារ គឺ​មិន​ដូច​គ្នា​នោះ​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា ស្តង់ដារ​លើ​បញ្ហា​នយោបាយ ការ​គ្រប់គ្រង ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស មិន​មាន​ស្តង់ដារ​អន្តរជាតិ​នោះ​ទេ។ ជាក់ស្តែង នៅ​សហរដ្ឋ​អាមេរិក មាន​ប្រជាជន​គាំទ្រ​ត្រឹម​តែ ៤០% ឬ​ក្រោម ៤០% គឺ​អាច​ធ្វើជា​ប្រធានាធិបតី​បាន​ហើយ ដោយសារ​តែ​មាន​អ្នក​ទៅ​បោះឆ្នោត​ត្រឹមតែ ៦០% ឬ ៧០% ប៉ុណ្ណោះ។ នៅ​ប្រទេស​បារាំង បើ​មិន​មាន​សន្លឹកឆ្នោត​លើស​ពី ៥០% ទេ គឺ​មិន​អាច​ធ្វើ​ប្រធានាធិបតី​ដាច់ខាត។ នេះ​ហើយ​ជា​ភាព​ខុស​គ្នា​អំពី​ប្រជាធិបតេយ្យ​រវាង​ប្រទេស​នីមួយៗ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជុំ​ទិស ថា​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា ពិត​មែន​តែ​ប្រជាធិបតេយ្យ​បាន​បែងចែក​ទៅ​ជា​ប្រជាធិបតេយ្យ​បែប​សភា​និយម និង​ប្រធានាធិបតី​និយម ប៉ុន្តែ​លោក​ស្នើ​ឱ្យ​លោក ហ៊ុន សែន ជួយ​ពន្យល់​ឱ្យ​បាន​ច្បាស់​ថា តើ​ស្តង់ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​អ្វី​ដែល​ពិសេស​ជាង​ស្តង់ដារ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ដទៃ​ទៀត​សព្វថ្ងៃ​នេះ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​នីមួយៗ​អាច​នឹង​មាន​ភាព​ខុស​ប្លែក​គ្នា​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេស​រៀងៗ​ខ្លួន ប៉ុន្តែ​ជា​គោលការណ៍​រួម គេ​អាច​ពិនិត្យ​មើល​ថា តើ​មួយ​ណា​មាន​ប្រយោជន៍​ជាង ប្រសិនបើ​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ខុស​គេ​ដែល​ញាំញី​ទៅ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​របស់​ខ្លួន​នោះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ស្តង់ដារ​ប្រជាធិបតេយ្យ​ខុស​គ្នា ឬ​ដូច​គ្នា មិនមែន​ជា​រឿង​សំខាន់​ពេក​ទេ ប៉ុន្តែ​ការ​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ គឺ​មាន​គោលដៅ​តែ​មួយ​គត់ គឺ​ដើម្បី​ធានា​នូវ​សន្តិសុខ​ជូន​ប្រទេស​ជាតិ និង​ពលរដ្ឋ​ឲ្យ​ចៀស​ផុត​ពី​ការ​គាប​សង្កត់​របស់​អ្នក​កាន់​អំណាច។

លោក​បន្ត​ថា ការ​ពិនិត្យ​ទៅ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​ថា​តើ​អាច​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ឬ​ក៏​អត់​នោះ គឺ​ពិត​ជា​រឿង​សំខាន់​ណាស់។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ ក្រោយ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ កម្ពុជា​ជា​រដ្ឋ​មួយ​ដែល​ពិភពលោក​ដឹង​ឮ​គ្រប់​គ្នា​ថា ជា​ប្រទេស​ដែល​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ ប៉ុន្តែ​លទ្ធិប្រជាធិបតេយ្យ​ដែល​កម្ពុជា​ប្រកាន់​យក​ជាង ៤០​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ប្រជាធិបតេយ្យ​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ខណៈ​ការ​អនុវត្ត​គឺ​ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​ដើម​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​មតិ​ជាតិ និង​អន្តរជាតិ​រិះគន់​ថា បាន​ធ្លាក់​ដល់​កម្រិត​គួរ​ឱ្យ​ព្រួយ​បារម្ភ ត្បិត​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ប្រើ​កណ្ដាប់ដៃ​ដែក​កម្ទេច​ក្រុម​ប្រឆាំង និង​ចាប់​ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​នានា​ដាក់​ពន្ធនាគារ​ដែល​ប្រឆាំង​តវ៉ា​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​របស់​លោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស