បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា នយោបាយគ្មានស្តង់ដារពិតប្រាកដនោះទេ ចំណែកឯប្រជាធិបតេយ្យក៏មានដំណើរការមិនដូចគ្នានោះដែរពីប្រទេសមួយទៅប្រទេសមួយទៀត។
មេដឹកនាំដែលញាំញីដោយការរំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជារូបនេះ បានលើកឡើងក្នុងពិធីបើកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះថា ប្រទេសខ្លះប្រកាន់យករបបប្រជាធិបតេយ្យបែបប្រធានាធិបតីនិយម។ ចំណែកប្រទេសខ្លះប្រកាន់យករបបប្រជាធិបតេយ្យបែបសភានិយម ប៉ុន្តែទោះបីជាការប្រកាន់របបប្រធានាធិបតី ឬប្រកាន់របបសភាក៏ដោយ ក៏គេហៅថាប្រជាធិបតេយ្យដូចគ្នាដែរ ប៉ុន្តែស្តង់ដារ គឺមិនដូចគ្នានោះទេ។
លោក ហ៊ុន សែន បញ្ជាក់ថា ស្តង់ដារលើបញ្ហានយោបាយ ការគ្រប់គ្រង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមានស្តង់ដារអន្តរជាតិនោះទេ។ ជាក់ស្តែង នៅសហរដ្ឋអាមេរិក មានប្រជាជនគាំទ្រត្រឹមតែ ៤០% ឬក្រោម ៤០% គឺអាចធ្វើជាប្រធានាធិបតីបានហើយ ដោយសារតែមានអ្នកទៅបោះឆ្នោតត្រឹមតែ ៦០% ឬ ៧០% ប៉ុណ្ណោះ។ នៅប្រទេសបារាំង បើមិនមានសន្លឹកឆ្នោតលើសពី ៥០% ទេ គឺមិនអាចធ្វើប្រធានាធិបតីដាច់ខាត។ នេះហើយជាភាពខុសគ្នាអំពីប្រជាធិបតេយ្យរវាងប្រទេសនីមួយៗនៅលើពិភពលោកសព្វថ្ងៃនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងរងនូវការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិជុំទិស ថារដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្ននេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ កក្កដា នេះថា ពិតមែនតែប្រជាធិបតេយ្យបានបែងចែកទៅជាប្រជាធិបតេយ្យបែបសភានិយម និងប្រធានាធិបតីនិយម ប៉ុន្តែលោកស្នើឱ្យលោក ហ៊ុន សែន ជួយពន្យល់ឱ្យបានច្បាស់ថា តើស្តង់ដារប្រជាធិបតេយ្យនៅកម្ពុជាមានអ្វីដែលពិសេសជាងស្តង់ដារប្រជាធិបតេយ្យនៅប្រទេសដទៃទៀតសព្វថ្ងៃនេះ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ដំណើរការប្រជាធិបតេយ្យនៅប្រទេសនីមួយៗអាចនឹងមានភាពខុសប្លែកគ្នាទៅតាមស្ថានភាពជាក់ស្តែងនៃប្រទេសរៀងៗខ្លួន ប៉ុន្តែជាគោលការណ៍រួម គេអាចពិនិត្យមើលថា តើមួយណាមានប្រយោជន៍ជាង ប្រសិនបើដំណើរការប្រជាធិបតេយ្យរបស់ខ្លួនខុសគេដែលញាំញីទៅដោយការធ្វើទុក្ខបុកម្នេញពលរដ្ឋរបស់ខ្លួននោះ។
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ស្តង់ដារប្រជាធិបតេយ្យខុសគ្នា ឬដូចគ្នា មិនមែនជារឿងសំខាន់ពេកទេ ប៉ុន្តែការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ គឺមានគោលដៅតែមួយគត់ គឺដើម្បីធានានូវសន្តិសុខជូនប្រទេសជាតិ និងពលរដ្ឋឲ្យចៀសផុតពីការគាបសង្កត់របស់អ្នកកាន់អំណាច។
លោកបន្តថា ការពិនិត្យទៅលើដំណើរការប្រជាធិបតេយ្យថាតើអាចធានាបាននូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ឬក៏អត់នោះ គឺពិតជារឿងសំខាន់ណាស់។
មាត្រា១ នៃរដ្ឋធម្មនុញ្ញ ចែងថា កម្ពុជាប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ក្រោយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ កម្ពុជាជារដ្ឋមួយដែលពិភពលោកដឹងឮគ្រប់គ្នាថា ជាប្រទេសដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាប្រកាន់យកជាង ៤០ឆ្នាំក្រោមការដឹកនាំរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា ប្រជាធិបតេយ្យមានតែនៅលើក្រដាសប៉ុណ្ណោះ ខណៈការអនុវត្តគឺផ្ទុយស្រឡះពីខ្លឹមសារដើមដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
ប្រជាធិបតេយ្យនៅកម្ពុជា ត្រូវមតិជាតិ និងអន្តរជាតិរិះគន់ថា បានធ្លាក់ដល់កម្រិតគួរឱ្យព្រួយបារម្ភ ត្បិតមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រើកណ្ដាប់ដៃដែកកម្ទេចក្រុមប្រឆាំង និងចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមនានាដាក់ពន្ធនាគារដែលប្រឆាំងតវ៉ានឹងការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលរបស់លោក៕