28 C
Phnom Penh

លោក អាបេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​លា​ប្រជាជន​ជប៉ុន​ជា​រៀង​រហូត​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​កក្កដា នេះ សព​របស់​លោក ស៊ិនហ្សូ អាបេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃត្រង់​កាលពី​ថ្ងៃទី​៨ ខែ​កក្កដា នៅ​លើ​ទឹកដី​ជប៉ុន ត្រូវ​បាន​រដ្ឋាភិបាល​របស់​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ ធ្វើ​ពិធី​ហែ​តាម​ដង​មហាវិថី​ធំៗ​នៅ​ក្រុង​តូក្យូ ដើម្បី​ជា​ការ​លា​ជន​រួម​ជាតិ​ជប៉ុន​ជា​រៀង​រហូត។

ប្រជាជន​ភាគច្រើន​មាន​ឯកសណ្ឋាន​ពណ៌​ខ្មៅ ពួកគេ​បាន​ចេញពី​ផ្ទះ​មក​ឈរ​តាម​ដង​មហាវិថី​ដោយ​សម្លឹង​មើល​ទៅ​ក្បួន​ហែ​សព​លោក អាបេ ដោយ​ក្ដី​អាឡោះអាល័យ​ជា​ពន់ពេក ទោះបីជា​ពួកគេ​ព្យាយាម​ថត​យក​រូបភាព​នៃ​ពិធី​នេះ​ក៏ដោយ។

តាម​សារព័ត៌មាន​ជប៉ុន JapanToday បាន​ចុះផ្សាយ​ថា លោក អាបេ ដែល​ជា​អ្នក​នយោបាយ​ជប៉ុន​ម្នាក់​កាន់​តំណែង​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ពិធី​បុណ្យ​ក្នុង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។

ប្រជាជន​មាន​ឯកសណ្ឋាន​ខ្មៅ បាន​មក​ប្រមូល​ផ្ដុំ​គ្នា​ឯ​ទី​បញ្ចុះ​សព​លោក អាបេ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ព្រះវិហារ Zojoji ក្នុង​ទីក្រុង​តូក្យូ។ ជាមួយ​គ្នា​នេះ ក្រុម​មន្ត្រី​រដ្ឋាភិបាល សមាជិក​សភា និង​ឥស្សរជន​ផ្សេង​ទៀត បាន​មក​កាន់​ទី​បញ្ចុះ​សព​របស់​លោក អាបេ ខណៈ​ពលរដ្ឋ​សាមញ្ញ​រាប់​ពាន់​នាក់​ទៀត​ដែល​មក​គោរព​សព​លោក អាបេ បាន​សម្រក់​ទឹកភ្នែក​ថ្លែង​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​លោក អាបេ។

រដ្ឋាភិបាល​ជប៉ុន ប្រកាស​ថា យ៉ាងតិច​សារ​រំលែក​ទុក្ខ​របស់​មេដឹកនាំ និង​រដ្ឋមន្ត្រី​ការបរទេស​នៅ​ទូទាំង​ពិភពលោក មាន ១៧០០​សារ​មកពី ២៥៩​ប្រទេស​ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​រដ្ឋាភិបាល។

មេដឹកនាំ​ភាគច្រើន​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក អាបេ នៅ​ក្នុង​បរិវេណ​ស្ថានទូត​ជប៉ុន ក្នុង​ប្រទេស​របស់​ពួកគេ ហើយ​ខ្លះ​ទៀត​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស និង​ថ្នាក់​ដឹកនាំ​មក​គោរព​សព​លោក អាបេ ផ្ទាល់។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ដែល​មក​ដល់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ក្នុង​ដំណើរ​មក​ចូលរួម​ប្រជុំ​នៃ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ក្រោយពី​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ ដើម្បី​គោរព​វិញ្ញាណក្ខន្ឋ​ផ្ទាល់​ចំពោះ​សព​លោក អាបេ។

ចំណែក​អនុ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោក William Lai ក៏​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​តូក្យូ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក អាបេ ដោយ​ផ្ទាល់​ផង​ដែរ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​បណ្ដា​ប្រទេស​ជាច្រើន ក៏​បាន​មក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក អាបេ ដោយ​ផ្ទាល់​ដែរ។

ហេតុ​អ្វី​បាន​ជា​លោក អាបេ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់?

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក អាបេ រង​ការ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​សុក្រ ទី​៨ កក្កដា ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់​អាយុ ៤១​ឆ្នាំ​ឈ្មោះ Tetsuya Yamagami។

ឧបទ្ទវហេតុ​នេះ​កើតឡើង​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅក្នុង​ទីក្រុង Nara ភាគ​ខាងកើត​ទីក្រុង Osaka ទី​ដែល​លោក អាបេ ធ្វើ​សេចក្ដី​ថ្លែងការណ៍​ទៅ​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៅ​មន្ទីរពេទ្យ​នៅ​ក្រុង Nara គ្រាប់​កាំភ្លើង​របស់​ខ្មាន់​កាំភ្លើង​បាន​បាញ់​ទម្លុះ​បេះដូង​របស់​លោក អាបេ ចំនួន​មួយ​គ្រាប់ ហើយ​មួយ​គ្រាប់​ទៀត​ត្រូវ​ចំ​ក​របស់​លោក។

បណ្ដាញ​ទូរទស្សន៍​ជប៉ុន NHK បាន​រាយការណ៍​ថា ខ្មាន់​កាំភ្លើង​ដែល​បាញ់​សម្លាប់​លោក អាបេ មាន​ឈ្មោះ Tetsuya Yamagami បាន​សារភាព​ប្រាប់​ប៉ូលិស​ថា គាត់​មិន​ពេញចិត្ត​នឹង​លោក អាបេ ហើយ​មាន​ផែនការ​សម្លាប់​លោក អាបេ តែម្ដង។ បុរស​នេះ​ថា​ការពិត លោក​ត្រូវ​ស្វែងរក​មេ​សាសនា​ម្នាក់​ដើម្បី​បាញ់​សម្លាប់។ តែ​លោក​ថា​ការ​បាញ់​សម្លាប់​លោក អាបេ ដោយសារ​តែ​លោក អាបេ បាន​លើក​តម្កើង​មេ​សាសនា​នេះ​ជា​ខ្លាំង ដែល​ធ្វើ​ឱ្យ​ម្ដាយ​របស់​គាត់​ចំណាយ​ប្រាក់​ចូលរួម​ក្នុង​ពិធី​សាសនា​អស់​ពី​ខ្លួន ហើយ​ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​ធ្លាក់​ខ្លួន​ក្រ​រហូត​ជំពាក់​បំណុល​ធនាគារ​ទៀត​ផង។ ទោះ​ជា​យ៉ាងណា រដ្ឋអាជ្ញា​នៅតែ​បន្ត​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​នូវ​អ្វី​ដែល​នៅ​ពីក្រោយ​ខ្មាន់​កាំភ្លើង​រូប​នេះ។

លោក ស៊ិនហ្សូ អាបេ ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់​តំណែង​យូរ​ជាងគេ​នៅ​ប្រទេស​ជប៉ុន។ បុរស​វ័យ ៦៧​ឆ្នាំ​រូប​នេះ​បាន​កាន់​អំណាច​ពី​ឆ្នាំ​២០០៦-២០០៧ ម្ដង និង​ពី​ឆ្នាំ​២០១២-២០២០ ម្ដង​ទៀត។ លោក អាបេ បាន​ចាប់ផ្តើម​ជីវិត​នយោបាយ​ក្នុង​ឆាក​ជីវិត​នៃ​ឪពុក​របស់​លោក គឺ​លោក ស៊ិនតារ៉ូ អាបេ ដែល​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស។ លោក ស៊ិនតារ៉ូ បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ​១៩៩១ ក្នុង​ជន្មាយុ​អាយុ ៦៧​ឆ្នាំ។

លោក អាបេ ដែល​ជា​អ្នក​ជាតិ​និយម​បាន​ចាប់ផ្តើម​ជីវិត​នយោបាយ​ដំបូង​ពី​សមាជិក​សភា។ បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ​២០០៣ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី។ នៅ​ពេល​មាន​អាយុ ៥២​ឆ្នាំ គឺ​នៅ​ក្នុង​ឆ្នាំ​២០០៦ លោក អាបេ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​លើក​ទី​១ ដែល​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន ក្មេង​ជាងគេ។ លោក អាបេ បាន​បង្ខំ​ចិត្ត​ចុះចេញ​ពី​តំណែង​ក្នុង​ឆ្នាំ​២០០៧ ក្រោយពី​បាន​កាន់​រយៈពេល ១​ឆ្នាំ​ព្រោះតែ​បញ្ហា​សុខភាព។ នៅ​ឆ្នាំ​២០១២ លោក អាបេ ក៏​បាន​ត្រឡប់​ទៅ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ជា​លើក​ទី​២ ដែល​មាន​រយៈពេល​ពីរ​អាណត្តិ​ជាប់​គ្នា​រហូត​ដល់​ឆ្នាំ​២០២០។

នៅ​ឆ្នាំ​២០២០ នេះ​ហើយ​ដែល​លោក អាបេ បង្ខំ​ចិត្ត​លាលែង​ពី​តំណែង​ជា​ថ្មី​ទៀត​ព្រោះតែ​សុខភាព។ បុរស​ដ៏​មាន​ឥទ្ធិពល​នេះ​ហើយ គឺជា​អ្នក​ស្នើ​ឱ្យ​សភា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជប៉ុន ដើម្បី​ពង្រឹង​កម្លាំង​ការពារ​ជាតិ​ជប៉ុន ជាមួយ​នឹង​ការ​ពង្រីក​កញ្ចប់​ថវិកា​លើ​វិស័យ​ការពារ​ជាតិ​ខ្ពស់​បំផុត​ជា​លើកដំបូង ក្រោយពី​សង្គ្រាម​លោក​លើក​ទី​២ ដើម្បី​ទប់ទល់​អនុត្តរភាព​និយម​ពី​សំណាក់​ប្រទេស​ចិន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស