ព័ត៌មានជាតិ

អង្គការ​តម្លាភាព៖ រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​ទ្វេភាគី​ជាង​៩​ពាន់​លាន​ដុល្លារ​អាមេរិក

By ឌឹ ខេមបូឌា ដេលី

July 15, 2022

អង្គការ​តម្លាភាព​កម្ពុជា ថា​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជា​លក្ខណៈ​ទ្វេភាគី​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ជំពាក់​មហាអំណាច​កុម្មុយនីស្ត​ចិន​ជាង ៤២​ភាគរយ។

អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជា​លក្ខណៈ​ទ្វេភាគី​ចំនួន ៥​ប្រទេស ក្នុង​នោះ​រួម​មាន ចិន ជប៉ុន កូរ៉េ​ខាងត្បូង បារាំង ឥណ្ឌា ថៃ និង​វៀតណាម ខណៈ​បំណុល​ទាំងនេះ​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​ចរចា​ដោះស្រាយ​ត្រឹម​តែ​ក្នុង​ទំហំ ៦​ភាគរយ​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា ក្រៅពី​បំណុល​ទ្វេភាគី ប្រទេស​កម្ពុជា​ក៏​មាន​បំណុល​ពហុភាគី​ផង​ដែរ ប៉ុន្តែ​បំណុល​នេះ​មាន​ត្រឹមតែ ៣០​ភាគរយ​ប៉ុណ្ណោះ ក្នុង​នោះ​ជំពាក់​បំណុល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជាង ២០​ភាគរយ ធនាគារ​ពិភពលោក ៧​ភាគរយ មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ជាង ១​ភាគរយ និង​បំណុល​ពហុភាគី​ចំនួន​ទៀត​ផង​ដែរ។

ការ​ចេញ​សេចក្តី​រាយការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គការ​តម្លាភាព​កម្ពុជា​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ឯកសារ​របស់​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន ដូចជា​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០២១ ជាដើម។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា មាន​ហេតុផល​ធំៗ​មួយ​ចំនួន​ដែល​បំណុល​កើតឡើង​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ អាច​រុញច្រាន​កម្ពុជា​ឱ្យ​ជួប​គ្រោះ​មហន្តរាយ​ធំធេង​នៅ​ពេល​ខាងមុខ ដោយសារតែ​បំណុល​ទ្វេភាគី​មាន​ទំហំ​ធំ​ពេក ហើយ​ក៏​ជា​បំណុល​ដែល​គ្មាន​តម្លាភាព និង​ជា​បំណុល​ដែល​គ្មាន​ការ​អនុគ្រោះ​ថែម​ទៀត។

លោក​បន្ត​ថា ចិន​នឹង​មិន​អនុគ្រោះ​ទេ​បើ​កម្ពុជា​មិន​អាច​រក​លុយ​សង​គេ​ទាន់​ពេលវេលា ក្នុង​នោះ​ពួកគេ​នឹង​ទាមទារ​កាន់កាប់​ទីតាំង​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​ជាមិនខាន។ ជាក់ស្តែង​នៅ​ពេល​នេះ ចិន​បាន​គ្រប់គ្រង​មួយ​ជំហាន​ទៅ​ហើយ ដូចជា​កាន់កាប់​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ទឹក​ជ្រៅ និង​ព្រលាន​យន្តហោះ ជាដើម។ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា ការ​កាន់កាប់​របស់​ចិន​លើ​ទីតាំង​សំខាន់ៗ​ទាំងនេះ គឺជា​ការ​រំលស់​បំណុល​ពី​កម្ពុជា​ឲ្យ​ទៅ​ចិន​ជា​បណ្តើរៗ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ រឿង​ដូច្នេះ កើត​មាន​នៅ​ប្រទេស​ដទៃ​រួច​ទៅ​ហើយ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​សព្វថ្ងៃ​នេះ​មិន​មាន​ដើមទុន​សម្រាប់​វិនិយោគ​ដោយ​ខ្លួនឯង ដើម្បី​ទទួល​បាន​ចំណូល​ជាតិ​សម្រាប់​ទប់ទល់​ការ​ចំណាយ​ឱ្យ​បាន​គ្រប់គ្រាន់​នោះ​ឡើយ ស្រប​ពេល​ដែល​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ក៏​ត្រូវ​បាន​វិនាស​ហិនហោច ខណៈ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ធំៗ​ត្រូវ​បាន​រដ្ឋាភិបាល​ចិន និង​វៀតណាម ប្រើប្រាស់​រូបភាព​ជា​ក្រុមហ៊ុន​ទៅ​គ្រប់គ្រង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ទៅ​ហើយ​នោះ។ ដូច្នេះ ប្រទេស​កម្ពុជា​គ្មាន​សង្ឃឹម​ថា​នឹង​មាន​លុយ​សង​គេ​ឱ្យ​ផុត​អស់​បំណុល​ទាំងនោះ​ទេ បើ​នៅតែ​បន្ត​ដឹកនាំ​តាម​របៀប​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​ទៀត​នោះ។

វិទ្យាស្ថាន Kiel Institute ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ កាលពី​ចុងឆ្នាំ​២០១៩ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​ជំពាក់​បំណុល​ប្រទេស​ចិន​ច្រើន​បំផុត​លំដាប់​ទី​៦ ក្នុង​ចំណោម​ប្រទេស​៥០ លើ​ពិភពលោក ដែល​ជា​បំណុល​មាន​ហានិភ័យ ការប្រាក់​ខ្ពស់ និង​កង្វះ​តម្លាភាព។

ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បាន​ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​ខ្លួន កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​បុល​បរទេស​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ ក្នុង​ទំហំ​ទឹកប្រាក់ ១​ម៉ឺន ៥​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​កម្ពុជា​បាន​ចំណាយ​អស់ ១​ម៉ឺន ៥៥១​លាន​ដុល្លារ​អាមេរិក​ហើយ ខណៈ​បំណុល​ជាក់ស្តែង​ដែល​កម្ពុជា​មិន​ទាន់​បាន​ទូទាត់​សង​ម្ចាស់បំណុល​សព្វថ្ងៃ​នេះ គឺ​មាន​ដល់​ទៅ​ជាង ៩៤០០​លាន​ដុល្លារ​អាមេរិក​ឯណោះ៕