28 C
Phnom Penh

អាមេរិក​ថា​ចិន​ពុំ​មែន​ជា​អ្នក​គោរព​សណ្ដាប់ធ្នាប់​ពិភពលោក​អ្វី​ទេ ព្រោះ​ដើរ​តែ​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​ប្រាប់​ចិន​ឱ្យ​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ ដែល​សម្រេច​ឱ្យ​ហ្វីលីពីន​ឈ្នះ​ក្ដី​លើ​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង បើ​ចិន​តាំង​ខ្លួន​ថា​ជា​អ្នក​ពង្រឹង​សណ្ដាប់ធ្នាប់​ពិភពលោក។

ការ​ថ្លែង​របស់​លោក Antony Blinken ជា​ការ​ឆ្លើយតប​ចំពោះ​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី ដែល​បាន​ព្យាយាម​ប្រដៅ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​នៅ​ក្នុង​ជំនួប​មួយ​នៅ​ក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​សេដ្ឋកិច្ច G-20 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៨ កក្កដា នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ តែ​ការ​ថ្លែង​របស់​លោក Blinken ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់ DW បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ កក្កដា ដោយ​បាន​ស្រង់​ចេញពី​សេចក្ដី​ថ្លែងការណ៍​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន។

តាមរយៈ​សេចក្ដី​ថ្លែងការណ៍​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Blinken បាន​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង ឱ្យ​បោះបង់​ចោល​ការ​ទាមទារ​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់ ហើយ​ត្រូវ​ទទួលយក​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៦ ដែល​បាន​សម្រេច​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​ឡើងវិញ​នូវ​ដែន​កោះ​នៅ​ក្នុង​ប្រជុំ​កោះ​ស្កាបូរ៉ូ នៅ​សមុទ្រ​ចិន​ខាងត្បូង។

កាលពី​ឆ្នាំ​២០១៦ តុលាការ​អាជ្ញាកណ្ដាល​ដែល​គេ​ហៅ​ថា​តុលាការ​មជ្ឈត្តការ​អន្តរជាតិ បាន​កាត់​សេចក្ដី​ឱ្យ​ប្រទេស​ហ្វីលីពីន មាន​សិទ្ធិ​ចូល​នេសាទ ឬ​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រជុំ​កោះ​ស្កាបូរ៉ូ នៃ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ប្រាប់​ចិន ថា ចិន​ពុំ​មាន​កម្មសិទ្ធិ​ក្នុង​តំបន់​នោះ​ទេ បើ​យោង​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ និង​យោង​តាម​ភស្តុតាង​សាវតារ​ប្រវត្តិសាស្ត្រ​នៃ​ដែនសមុទ្រ​ហ្វីលីពីន។ តែ​នៅ​ពេលនោះ ចិន​មិន​បាន​បញ្ជូន​អ្នក​ច្បាប់​ទៅ​ការពារ​ក្ដី​នោះ​ទេ។ បន្ថែម​លើ​នេះ ចិន​ប្រកាស​មិន​ព្រម​អនុវត្ត​តាម​ដីកា​សម្រេច​តុលាការ​អន្តរជាតិ​នេះ​ឡើយ។ នៅ​ពេល​ជាមួយ​គ្នា​នេះ ចិន​បញ្ជូន​នាវា​ល្បាត​ជាច្រើន​គ្រឿង​ចូល​ទៅ​ប្រជែង​ជាមួយ​នឹង​នាវា​ល្បាត​ហ្វីលីពីន ដោយ​គំរាម​បាញ់​កម្ទេច​នាវា​ហ្វីលីពីន​ទៀត​ផង។

បើ​តាម​មន្ត្រី​ហ្វីលីពីន នាវា​ល្បាត និង​ទូក​នេសាទ​ចិន នៅតែ​ស្ថិត​ក្នុង​ដែនទឹក​នោះ​នៅឡើយ ព្រោះ​ចិន​អះអាង​ថា​ជា​ដែនទឹក​តាំងពី​បុរាណកាល​របស់​ចិន។

សេចក្ដី​ថ្លែងការណ៍​របស់​លោក Blinken ដែល​ចុះផ្សាយ​ដោយ​ស្ថានទូត​អាមេរិក​នៅ​ក្រុង​ម៉ានីល បាន​សរសេរ​រៀបរាប់​ថា យោង​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ គឺ​ចិន មាន​ចេតនា​បំពាន​រំលោភ​យក​ដែនទឹក​ហ្វីលីពីន។

លោក Blinken បាន​ទទូច​ថា ចិន​ត្រូវតែ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ហើយ​បញ្ឈប់​សកម្មភាព​បង្ក​ហេតុ​នានា​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ លោក​បាន​ហៅ​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​បាន​ច្រានចោល​ការ​ទាមទារ​កម្មសិទ្ធិ​របស់​ទីក្រុង​ប៉េកាំង នៅ​តំបន់​ដែនទឹក​នោះ ថា​ជា​សេចក្ដី​សម្រេច​ចុងក្រោយ​របស់​តុលាការ​អន្តរជាតិ​នេះ ដែល​ក្រុង​ប៉េកាំង មិន​ត្រូវ​បន្ត​រំលោភ​ឡើយ។

ក្រោយពី​ប្រដៅ​ចិន​ដូចនេះ ប្រមុខ​ការទូត​អាមេរិក​បាន​រំឭក​ចិន​អំពី​សិទ្ធិ​ឆ្លើយតប​របស់​អាមេរិក​ក្នុង​ការ​ការពារ​ដែនទឹក​របស់​ហ្វីលីពីន ដែល​ក្រុង​ម៉ានីល ជា​សម្ពន្ធមិត្ត​របស់​អាមេរិក ក្នុង​ក្របខ័ណ្ឌ​នៃ​សន្ធិសញ្ញា​យោធា​រួម​គ្នា។

លោក​បន្ថែម​ថា ការ​វាយប្រហារ​ណា​មួយ​ទៅ​លើ​កងកម្លាំង​យោធា ឬ​ក៏​នាវា និង​យន្តហោះ​ស៊ីវិល​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង នឹង​តម្រូវ​ឱ្យ​អាមេរិក​អនុវត្ត​នូវ​សិទ្ធិ​ការពារ​ហ្វីលីពីន ដែល​បាន​កំណត់​នៅ​ក្នុង​សន្ធិសញ្ញា​ការពារ​នៅ​ឆ្នាំ​១៩៥១ ជាមួយ​ហ្វីលីពីន។

ខណៈ​អ្នក​សារព័ត៌មាន​សុំ​ប្រតិកម្ម​ទៅ​នឹង​លោក Blinken អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន តែង​ព្យាយាម​បង្កើត​ឱ្យ​មាន​ការ​បង្ក​រឿង​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់ ហើយ​មាន​ចេតនា​បង្ក​ការ​ប៉ះពាល់​ចំពោះ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

មន្ត្រី​នាំពាក្យ​ចិន​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​អាមេរិក គោរព​អធិបតេយ្យ សិទ្ធិ និង​ផលប្រយោជន៍​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បញ្ឈប់​ការ​បង្ក​បញ្ហា ដោយ​ប្រាប់​ក្រុង​វ៉ាស៊ីនតោន ថា​ល្មម​លែង​ប្រើប្រាស់​ប្រធានបទ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ជា​លេស​បង្កើត​ទំនាស់​តទៅទៀត​ជាមួយ​ចិន។

ស្រប​នឹង​ការ​ប្រដៅ​របស់​ប្រមុខ​ការទូត​អាមេរិក​ទៅ​លើ​មហាអំណាច​ចិន ឱ្យ​ចេះ​គោរព​ច្បាប់​អន្តរជាតិ​ផង គឺ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក USS Ronald Reagan អម​ដោយ​នាវា​ចម្បាំង​ជាច្រើន​គ្រឿង បាន​ទៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​ពុធ ទី​១៣ កក្កដា នេះ។ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ ក្រុម​នាវា USS Ronald Reagan នឹង​បន្ត​បណ្ដែត​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាច្រើន​សប្ដាហ៍​រហូត​មាន​ការ​បញ្ជា​ឱ្យ​ដក​ត្រឡប់​មក​វិញ​ដោយ​មន្ទីរ​ប៉ុងតាហ្គូន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស