ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានបង្ហាញយ៉ាងច្បាស់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងជ្រែករាជ្យព្រះមហាក្សត្រដែលនឹងក្លាយជាបុគ្គលដ៏មានអំណាចបំផុតមួយទៅថ្ងៃមុខ និងធ្វើឱ្យធ្លាក់ចុះនូវការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្តងនេះ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រែក្លាយខ្លួនទៅជាស្ថាប័នធម្មនុញ្ញកំពូលមួយខ្ពស់ជាងស្ថាប័នជាតិណាៗទាំងអស់។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៤ កក្កដា ថា ការធ្វើវិសោធនកម្មនេះ គឺមានគោលដៅប្លន់អំណាចឲ្យលោក ហ៊ុន ម៉ាណែត និងដាក់រដ្ឋសភាជាតិដែលជាស្ថាប័នតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋទៅជាកន្លែងបញ្ឈរជើងអ្នកតំណាងរាស្ត្រទាំងអស់ដែលមកពីគណបក្សកាន់អំណាច ដែលអ្នកទាំងនោះត្រូវគេចាត់ទុកថាមិនមែនជាបក្ខពួករបស់មេដឹកនាំរដ្ឋាភិបាលកម្ពុជាដែលមានលោក ហ៊ុន សែន ជាជំហរក្នុងពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពិនិត្យទៅលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៨មាត្រា ក្នុងនោះមានមាត្រា១១៩ថ្មី មាត្រា៨៩ និងមាត្រា៩៨ថ្មី ជាដើម តាមការស្នើសុំរបស់សភាឯកបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ អះអាងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះថា រាល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារនូវឧត្តមប្រយោជន៍ជាតិទាំងមូល មិនមែនដើម្បីប្រយោជន៍ក្រុម បក្ខពួកណាមួយនោះឡើយ។
យ៉ាងណាមិញ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្តងនេះ គេអាចមើលឃើញយ៉ាងច្បាស់ពីបំណងរបស់មេដឹកនាំបក្សកាន់អំណាចដែលមានផែនការកាត់បន្ថយអំណាច មុខនាទី និងតម្លៃសភាជាតិដែលជាស្ថាប័នតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋ មិនឱ្យមានសិទ្ធិក្នុងការបង្កើតរដ្ឋាភិបាលរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះលើកឡើងថា គេអាចយល់បានដោយងាយ បើប្រៀបធៀបលើខ្លឹមសារនៃមាត្រា១១៩ចាស់ ដែលបានចែងថា តាមសេចក្តីស្នើសុំពីប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សឈ្នះឆ្នោតឲ្យបង្កើតរាជរដ្ឋាភិបាល។ ប៉ុន្តែខ្លឹមសារដែលបានកែប្រែថ្មីនេះ បានចែងផ្ទុយពីខ្លឹមសារចាស់ទៅវិញ ដោយកំណត់ថា តាមសេចក្តីស្នើសុំពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រីឲ្យបង្កើតរាជរដ្ឋាភិបាល។
ក្នុងខ្លឹមសារនេះ បានបង្ហាញពីការប្រគល់សិទ្ធិអំណាចទាំងស្រុងលើមេដឹកនាំគណបក្សកាន់អំណាចដែលមានចេតនាបំបិទចោលនូវការជំទាស់របស់អនុប្រធានរដ្ឋសភាណាមួយដែលអាចកើតមានទៅថ្ងៃក្រោយ។
បណ្ឌិត យ៉ង សាំងកុមារ ពន្យល់ថា ចំពោះមាត្រា៩៨ នៃរដ្ឋធម្មនុញ្ញស្ដីពីញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួន ៣០នាក់ ប៉ុន្តែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះបានបង្កើនចំនួនតំណាងរាស្ត្រពី ៣០នាក់ទៅជា ១ភាគ៣ វិញ ដែលស្មើនឹងតំណាងរាស្ត្រ ៤២នាក់នៃតំណាងរាស្ត្រសរុប ១២៥រូបសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលរូបនេះអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងខ្លឹមសារខាងលើនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សតាមបែបសភានិយម ជាពិសេសតម្លៃ និងអំណាចនយោបាយនៃតំណាងរាស្ត្រ និងរដ្ឋសភាជាតិនៃប្រទេសកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាជាតិដើម្បីរៀបចំរដ្ឋាភិបាលឱ្យធ្វើការបម្រើប្រជាពលរដ្ឋ មិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ។
រដ្ឋធម្មនុញ្ញកម្ពុជាបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលឡាយព្រះហស្តលេខាឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះបាទ នរោត្តម សីហនុ ដែលបានផ្ដួចផ្ដើមឡើងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
គិតតាំងពីឆ្នាំ១៩៩៤ មក រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ៩លើករួចមកហើយ ប៉ុន្តែត្រូវគេរិះគន់ថា ការធ្វើវិសោធនកម្មកន្លងមកនោះសុទ្ធសឹងតែដើម្បីការកេងចំណេញផលប្រយោជន៍ខាងបក្សកាន់អំណាចទាំងអស់៕