អនុប្រធានគណបក្សភ្លើងទៀន ស្នើតុលាការឲ្យតម្កល់ទុកមិនចាត់ការចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងទារប្រាក់ជិត ១លានដុល្លារពីលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយថាអ្វីដែលរូបលោកបាននិយាយជារឿងពិត និងមានភស្តុតាងច្បាស់លាស់។
ការស្នើរបស់លោក សុន ឆ័យ អំឡុងពេលដែលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ក្រោយពីលោក សុន ឆ័យ រិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។
ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ លោក សុន ឆ័យ លើកឡើងថា បណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបណ្ដឹងគណបក្សប្រជាជនកម្ពុជា ដែលប្ដឹងរូបលោកមានលក្ខណៈប្រហាក់ប្រហែលគ្នា។ លោកបញ្ជាក់ថា សវនាការនាព្រឹកនេះ តុលាការបានលើកយកចំណុចសំខាន់មួយចំនួនពាក់ព័ន្ធនឹងការរិះគន់របស់លោកក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី។
លោក សុន ឆ័យ យល់ថា បណ្ដឹងដែលគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ប្ដឹងរូបលោក វាជាការរៀបចំឡើង ទោះបីជាការប្ដឹងមិនមានផលប្រយោជន៍សម្រាប់គណបក្សប្រជាជនកម្ពុជា និងមិនមានផលប្រយោជន៍សម្រាប់គណបក្សភ្លើងទៀនដែរ។ ករណីនេះ លោកបានស្នើទៅតុលាការឱ្យតម្កល់បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា និងបណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកុំចាត់ការ ដោយថាជុំវិញអ្វីដែលរូបលោកបានលើកឡើងបន្ទាប់ពីទទួលបានរបាយការណ៍ពីសមាជិកគណបក្សភ្លើងទៀនតាមបណ្ដារាជធានី-ខេត្ត ដូច្នេះអ្វីដែលរូបលោករិះគន់នោះសុទ្ធតែមានភស្តុតាងច្បាស់លាស់ទាំងអស់។
លោក សុន ឆ័យ ថាការស្នើបែបនេះ បន្ទាប់ពីបានបំភ្លឺទាក់ទងនឹងអ្វីដែលលោកបានរិះគន់ និងនិយាយតាមប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែការសម្រេចបែបណានោះ នៅមិនទាន់ដឹងលទ្ធផលនោះទេ។
ចំណែកប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ដែលមកឃ្លាំមើលសវនាការលោក សុន ឆ័យ បានប្រាប់អ្នកសារព័ត៌មានថា ការប្ដឹងលោក សុន ឆ័យ ទៅតុលាការដោយគ្រាន់តែរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពាក់ព័ន្ធនឹងរឿងភាពមិនប្រក្រតី រឿងបោះឆ្នោត មិនគួរកើតមានឡើងឡើយ។
លោកចាត់ទុកបណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា ដែលប្ដឹងលោក សុន ឆ័យ ថាជារឿងមិនសមហេតុផល ហើយថាបណ្តឹងនេះនឹងធ្វើឱ្យ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា រងការរិះគន់បន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាកំពុងជួបបញ្ហាវិបត្តិនយោបាយហើយនោះ។
លោកបង្ហាញក្ដីសង្ឃឹមថា សំណុំរឿងលោក សុន ឆ័យ នឹងត្រូវបានបញ្ជាប់ដោយមិនមានចំណាត់ការអាក្រក់ណាមួយបន្ថែមទៀត ហើយករណីនេះនឹងមិនកើតឡើងទៅលើគណបក្សនយោបាយផ្សេងៗទៀត។ មួយវិញទៀត លោកថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សនយោបាយ គួរតែនាំគ្នាជជែករឿងកែលំអប្រព័ន្ធបោះឆ្នោត ជាជាងមកប្ដឹងគណបក្សនយោបាយដែលរិះគន់ប្រព័ន្ធបោះឆ្នោត។
លោកបញ្ជាក់ថា គណបក្សទាំងអស់នេះហើយជាតួអង្គសំខាន់ក្នុងការដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដូច្នេះគណបក្សនយោបាយទាំងអស់គួរមានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពឱ្យបានពេញលេញ។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មេធាវីរបស់គណបក្សប្រជាជនកម្ពុជា គឺលោក គី តិច បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការប្រឆាំងនឹងលោក សុន ឆ័យ ដោយក្នុងបណ្ដឹងនោះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាផងនោះ បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន ១លានដុល្លារអាមេរិក។
ក្រៅពីបណ្ដឹងគណបក្សប្រជាជនកម្ពុជា លោក សុន ឆ័យ ក៏ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្ដឹងទៅតុលាការពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបានទាមទារសំណងពីលោក សុន ឆ័យ ចំនួន ១លានដុល្លារ ហើយត្រូវធ្វើលិខិតសុំទោសជាសាធារណៈថែមទៀត ប៉ុន្តែលោក សុន ឆ័យ ប្រកាសជំហរនឹងមិនសុំទោសនោះទេ៕