លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី (ស្តាំ) និង​លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន (ឆ្វេង) ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២។

ព័ត៌មានជាតិ

កម្ពុជា​ស្នើសុំ​ឲ្យ​ចិន​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​ដោយ​មិន​បង់​ពន្ធ

By ឌឹ ខេមបូឌា ដេលី

July 16, 2022

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហោ ណាំហុង ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចិន ជួយ​ជំរុញ និង​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​នៅ​កម្ពុជា ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីក​ធំ​បន្ថែម​ទៀត និង​ស្នើ​ឲ្យ​ពិនិត្យ​លទ្ធភាព​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​ដោយ​មិន​បាច់​បង់​ពន្ធ។

សហប្រធាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន លោក ហោ ណាំហុង បាន​លើក​សំណើ​ទៅ​កាន់​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង យី (Wang Yi) ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដោយ​ស្នើសុំ​ឲ្យ​វិនិយោគិន​ចិន​ទៅ​បណ្ដាក់ទុន​វិនិយោគ​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​នៅ​កម្ពុជា។

លោក ហោ ណាំហុង ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចិន ជំរុញ​ឲ្យ​វិនិយោគិន​ចិន​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន ដូចជា​វិស័យ​ចិញ្ចឹម​សត្វ វារីវប្បកម្ម កៅស៊ូ​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន។ បន្ថែម​ពី​នេះ កម្ពុជា​ក៏​បាន​ស្នើសុំ​ឲ្យ​ចិន​ពិនិត្យ​ការ​វិនិយោគ​លើ​កៅស៊ូ​ធម្មជាតិ តាមរយៈ​នៃ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​នាំចេញ​ទំនិញ​កៅស៊ូ​ទៅកាន់​ប្រទេស​ចិន​ផង​ដែរ។

ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា លោក​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន ពិនិត្យ​លទ្ធភាព​នាំចូល​ម្រេច ផ្លែ​ទុរេន និង​បន្ត​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ដូច​ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ឯកភាព​គ្នា​នា​ពេល​កន្លងមក។ លើស​ពី​នេះ លោក​ក៏​បាន​ស្នើសុំ​ឲ្យ​រដ្ឋបាល​គយ​ចិន និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​ពីរ រៀបចំ​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម​មួយ​ចំនួន​ជា​កញ្ចប់​ផង​ដែរ ដើម្បី​ចៀសវាង​នូវ​ការ​ធ្វើ​ពិធីសារ​ម្តង​មួយ​មុខៗ​នៅ​ពេល​ក្រោយ។

ការ​ស្នើសុំ​របស់​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​កម្ពុជា​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​ចុះ​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នា​ពេល​កន្លងមក ដើម្បី​ពង្រីក​សក្ដានុពល​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅ​ថ្ងៃ​អនាគត។

កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក លី ខឺឈាង (Li Keqiang) តាម​ប្រព័ន្ធ​វីដេអូ​ដែល​បាន​ឯកភាព​គ្នា​ដាក់​ឱ្យ​ចូល​ជាធរមាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន នៅ​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ ក្នុង​ផែនការ​បង្កើត​ទំហំ​ទឹកប្រាក់​ឱ្យ​បាន​ដល់ ១០​ពាន់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កក្កដា នេះ​ថា បើ​គ្រាន់តែ​ដើម្បី​ចង់​បាន​ការ​នាំចេញ​នូវ​ផលិតផល​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដោយ​គ្មាន​ការ​បង់​ពន្ធ កម្ពុជា​គួរ​ពិចារណា​ទីផ្សារ​អឺរ៉ុប​ដែល​គេ​បាន​ផ្តល់​ការ​អនុគ្រោះ​ពន្ធ EBA និង​ទីផ្សារ​អាមេរិក​ដែល​ផ្តល់​ការ​អនុគ្រោះ​ពន្ធ GSP ដោយ​គ្រាន់តែ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ នោះ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​វិញ​ជាមិនខាន។

លោក មាជ សុណ្ណារ៉ា លើកឡើង​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​ចិន​ចំណេញ​ពី​កម្ពុជា​ច្រើន​ណាស់ ព្រោះ​ថា​វិនិយោគិន​របស់​កម្ពុជា​គ្មាន​ឱកាស​នាំចេញ​នោះ​ទេ។ ជាក់ស្តែង បច្ចុប្បន្ន​នេះ ព្រលាន​យន្តហោះ​ក៏​ជា​របស់​ចិន ថៅកែ​ចម្ការ​ដំណាំ​ដូចជា​ដំណាំ​ចេក ដំណាំ​ម្រេច នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ជាដើម ក៏​ជា​របស់​ចិន​ដែរ។ ដូច្នេះ ចិន​ចំណេញ​ទាំង​ការ​មិន​បង់​ពន្ធ ចំណេញ​ទាំង​ការ​ដាំដុះ​ផ្ទាល់​ដោយ​ខ្លួនឯង ខណៈ​ពលរដ្ឋ​ខ្មែរ​បាន​ត្រឹមតែ​ធ្វើជា​កម្មករ​ឱ្យ​ចិន​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ សាស្ត្រាចារ្យ​គោល​នយោបាយ​សាធារណៈ​នៅ​សកលវិទ្យាល័យ Michigan សហរដ្ឋ​អាមេរិក លោក John Cioriari កាលពី​អំឡុង​ឆ្នាំ​២០២០ កន្លងទៅ​បាន​អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន ផ្តល់​នូវ​ការ​វិនិយោគ និង​ជួយ​ពួក​មេដឹកនាំ​កម្ពុជា​ឲ្យ​ពង្រឹង​សេដ្ឋកិច្ច និង​ជំហរ​របស់​គណបក្ស​កាន់​អំណាច គឺ​គ្រាន់តែ​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​រុករក​ធនធាន​ធម្មជាតិ​របស់​កម្ពុជា និង​ជា​ការ​ស្វែងរក​ការ​គាំទ្រ​នយោបាយ​ការទូត​របស់​ចិន​ក្នុង​តំបន់​តែប៉ុណ្ណោះ។

កាលពី​ចុង​ឆ្នាំ​២០២០ ប្រទេស​ចិន និង​កម្ពុជា គ្រោង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​បាន​ដល់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការ​នាំចូល​ពី​ប្រទេស​ចិន​វិញ​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​ជិត ៧​ពាន់​លាន​ដុល្លារ​ឯណោះ។ បញ្ហា​នេះ ត្រូវ​គេ​រិះគន់​ថា ចិន​កំពុង​កេង​ចំណេញ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​កម្ពុជា​សព្វថ្ងៃ​នេះ​យ៉ាង​ធំធេង៕