25 C
Phnom Penh

ក្រុម​ភរិយា​បក្ស​ប្រឆាំង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឱ្យ​ជួយ​លើកលែង​ទោស​និង​ដោះលែង​ស្វាមី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ទៅ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឱ្យ​ជួយ​លើកលែង​ទោស និង​ដោះលែង​ស្វាមី ព្រមទាំង​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​តុលាការ​បាន​ផ្ដន្ទាទោស​ស្វាមី​ពួកគេ​ម្នាក់ៗ​ចន្លោះ​ពី ៥ ដល់ ៨​ឆ្នាំ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ១០​នាក់ នៅ​ថ្ងៃទី​១៥ កក្កដា នេះ បាន​នាំគ្នា​យក​ញត្តិ​ដាក់​ទៅ​ក្រសួង​ព្រះបរមរាជវាំង ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហមុនី ឱ្យ​ជួយ​ព្រះរាជ​អន្តរាគមន៍​លើកលែង​ទោស និង​ដោះលែង​ស្វាមី ឪពុក ព្រមទាំង​សាច់ញាតិ​របស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។

កាលពី​ខែ​កុម្ភៈ និង​ខែ​មិថុនា ឆ្នាំ​២០២២ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ថ្នាក់​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ ៦០​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី ៥ ទៅ ៨​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់ និង រួម​គំនិត​ក្បត់»។

ភរិយា​លោក យឹម សារ៉េត គឺ​អ្នកស្រី អ៊ុក ចន្ធី ប្រាប់​សារព័ត៌មាន​អំឡុង​ពេល​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ព្រះបរមរាជវាំង​ថា ពួកគាត់​មក​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឱ្យ​ជួយ ដោយសារតែ​ពួកគាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រព័ន្ធ​តុលាការ។ អ្នកស្រី​បន្ត​ថា ស្វាមី និង​សាច់ញាតិ​ពួកគាត់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ទាំង​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ។

អ្នកស្រី​ចាត់ទុក​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់ ព្រមទាំង​យក​ស្វាមី​ពួកគាត់​ទៅ​ដាក់​នៅ​ពន្ធនាគារ​ព្រៃស ធ្វើឡើង​ទាំង​អយុត្តិធម៌ ខណៈ​ភស្តុតាង​នៃ​ការ​ចោទប្រកាន់​ក៏​គ្មាន។

អ្នកស្រី​បង្ហាញ​ក្ដី​សង្ឃឹម​ថា ព្រះមហាក្សត្រ​អាច​ជួយ​ពួកគាត់ ដោយសារ​កន្លងមក ព្រះអង្គ​ក៏​ធ្លាប់​បាន​ឡាយព្រះហស្តលេខា​លើកលែង​ទោស​ដល់​អ្នកទោស​ផ្សេងៗ​ទៀត។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​មិនមែន​ស្វែងរក​កិច្ច​អន្តរាគមន៍​តែ​ពី​ព្រះមហាក្សត្រ​នោះ​ទេ កន្លងមក​ពួកគេ​ក៏​បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ស្ថានទូត​បណ្ដា​ប្រទេស​លោក​សេរី​ផ្សេងៗ​នៅ​កម្ពុជា​ដែរ ដើម្បី​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ស្វាមី​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ។

ការ​កាត់ទោស​ថ្នាក់​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​កាលពី​ឆ្នាំ​២០១៩។

ក្រោយ​ពី​មាន​ការ​កាត់ទោស​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ពី​សំណាក់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ អ្នកជំនាញ​សិទ្ធិមនុស្ស​នៅ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ពិនិត្យ​ឡើងវិញ​លើ​ករណី​នេះ ដោយ​សំអាង​ថា វិធានការ​នោះ​ធ្វើឡើង​ដោយ​មិន​បាន​ភ្ជាប់​កាតព្វកិច្ច​នៃ​ការ​គោរព​សិទ្ធិមនុស្ស​អន្តរជាតិ និង​លំហ​នយោបាយ​ពហុបក្ស​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស