រជ្ជកាលនៃសន្តតិវង្ស រ៉ាចាប៉ាកសា បានបិទបញ្ចប់ហើយនៅលើទឹកដីដ៏ក្រីក្រមួយនៅអាស៊ីខាងត្បូង គឺប្រទេសស្រីលង្កា។
ត្រកូល រ៉ាចាប៉ាកសា កាន់អំណាចពីបងទៅប្អូនពីប្អូនទៅបង។ បងកាន់តំណែងប្រធានាធិបតី ប្អូនឡើងកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ។ ប្អូនកាន់តំណែងប្រធានាធិបតី បងកាន់តំណែងនាយករដ្ឋមន្ត្រី។
សាច់ញាតិបងប្អូនបង្កើតរហូតដល់ជីដូនមួយសុទ្ធតែកាន់តំណែងធំៗនៃថ្នាក់រដ្ឋមន្ត្រីនៅស្ថាប័នរបស់ជាតិ។ ក្នុងដំណាក់កាលចុងក្រោយនេះ ប្អូនកាន់តំណែងប្រធានាធិបតី បងកាន់តំណែងនាយករដ្ឋមន្ត្រី ប្អូនបន្ទាប់កាន់តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយបងប្អូនជីដូនមួយសុទ្ធតែកាន់តំណែងធំៗនៅស្ថាប័នរបស់រដ្ឋ។
ថវិការបស់ជាតិទាំងមូលត្រូវបានត្រកូលមួយនេះគ្រប់គ្រងទាំងស្រុង។ ប្រាក់កម្ចីទាំងថ្មីទាំងចាស់ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គ្រួសារ រ៉ាចាប៉ាកសា ជាអ្នកគ្រប់គ្រង ជាពិសេសប្រាក់កម្ចីពីប្រទេសចិន។
វប្បធម៌នៃការសាបព្រោះអំណាច និងការចងស្ពានមេត្រីផ្សារភ្ជាប់សាច់ឈាមក្នុងអំណាចនៃរដ្ឋាភិបាលនៃត្រកូល រ៉ាចាប៉ាកសា កើតជាប្រព័ន្ធ។ ការផ្សារភ្ជាប់សាច់ឈាមនឹងគ្នា និងវប្បធម៌ចែករំលែកផលប្រយោជន៍គ្នាកើតមានតែក្នុងរង្វង់អំណាច រ៉ាចាប៉ាកសា។ ទីបំផុត ប្រទេសនេះធ្លាក់ក្នុងបំណុលសាធារណៈ និងបំណុលបរទេសដល់ទៅ ៥១ពាន់លានដុល្លារអាមេរិក។ ចំពោះប្រទេសចិន តែមួយគត់ គឺរជ្ជកាលរបស់ រ៉ាចាប៉ាកសា ទទួលបានប្រាក់កម្ចីពីចិនដល់ទៅ ៣៥ពាន់លានដុល្លារអាមេរិក។
ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បានទាមទារថាការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទាំងអស់ ត្រូវតែមានតម្លាភាព ហើយសូម្បីតែការខ្ចីបំណុលបរទេស គឺត្រូវតែឆ្លងកាត់ការផ្ទៀងផ្ទាត់ចេញពីសមាជិកសភា និងស្នើឱ្យមានការត្រួតពិនិត្យការប្រើប្រាស់បំណុល គឺមិនអាចទៅរួចទេ គឺអំណាចរបស់ក្រុម រ៉ាចាប៉ាកសា មិនបើកចំហឡើយ។
ទីបំផុត សំណង់ក្នុងគម្រោងប្រាក់កម្ចីរបស់ចិនមួយចំនួនបានធ្លាក់ទៅក្រោមការរឹបអូសរបស់ប្រទេសចិន ដោយសារតែការបង្វិលប្រាក់សងទៅវិញពុំទាន់។ សំណង់កំពង់ផែសមុទ្រដ៏ធំមួយបានចំណូលមួយឆ្នាំៗរាប់រយលានដុល្លារ ត្រូវបានចិនរឹបអូសក្នុងកិច្ចសន្យា ៩៩ឆ្នាំ។ កំពង់ផែនេះត្រូវបានហៅថាកំពង់ផែសមុទ្រ Magampura Mahinda Rajapaksha ជាឈ្មោះរបស់លោកប្រធានាធិបតី Mahinda ហើយឈ្មោះហៅផ្លូវការ គឺ Hambantota។
ក្រៅពីការរកឃើញថាបាត់ថវិកាក្នុងសំណង់កំពង់ផែនេះ ៣០០លានដុល្លារក្នុងប្រាក់កម្ចី ១២០០លានដុល្លារ គឺក្រុមគណបក្សប្រឆាំងបានចោទថា ប្រាក់កម្ចីដែលមិនមានការផ្ទៀងផ្ទាត់ញឹកញាប់នៃការប្រើប្រាស់ គឺនាំឱ្យមានអំពើពុករលួយដូចនេះ។ ដោយសារតែរកឃើញអំពើពុករលួយក្នុងគម្រោងកំពង់ផែសមុទ្រ Hambantota ដល់ទៅ ៣០០លានដុល្លារ បាននាំឱ្យប្រធានាធិបតីថ្មី Maithripala Sirisena ព្រមានចិនថា អំពើពុករលួយដែលកើតចេញពីប្រាក់កម្ចីរបស់ចិននេះ នាំឱ្យបាត់បង់ផលប្រយោជន៍ជាតិស្រីលង្កា យ៉ាងធ្ងន់ធ្ងរ។
លោក Maithripala Sirisena បានកាន់អំណាចតែ ៥ឆ្នាំពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ លោកបានបញ្ឈប់ការខ្ចីបុលពីចិនជាបន្ទាន់។ តែយ៉ាងណា បុរសនេះបានសម្រេចលែងឈរឈ្មោះជាបេក្ខជនតំណែងប្រធានាធិបតីបន្តទៀត ដោយទីបំផុត ការបោះឆ្នោតឆ្នាំ២០១៩ បានធ្លាក់ទៅលើលោក ហ្កូតា បាយ៉ា រ៉ាចាប៉ាកសា ដែលជាប្អូនប្រុសលោក មាហិនដា។ លោក មាហិនដា ជាបេក្ខជនប្រធានាធិបតី តែចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៥ គឺចាញ់លោក Maithripala Sirisena មកពីបក្សប្រឆាំង។
តែយ៉ាងណា លោក មាហិនដា បានឈ្នះនៅក្នុងការបោះឆ្នោតសភា គឺបានតោងយកអំណាចនាយករដ្ឋមន្ត្រី។ ក្នុងរជ្ជកាលជាង ៣ឆ្នាំមកនេះ គឺអំណាចណែនក្នុងដៃទាំងអំណាចថ្នាក់ក្រោមរហូតដល់អំណាចថ្នាក់កំពូល គឺនៅក្រោមត្រកូល រ៉ាចាប៉ាកសា។ តែជាអកុសល អំឡុងពិភពលោកផ្ទុះជំងឺកូវីដ-១៩ ប្រទេសស្រីលង្កាក៏បានបិទខ្ទប់ប្រទេសដូចនឹងប្រទេសផ្សេងៗទៀតដែរ។ វិស័យដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិបានស្រុតចុះយ៉ាងខ្លាំង គឺវិស័យកសិកម្ម វិស័យវាយនភណ្ឌ និងកាត់ដេរ និងវិស័យទេសចរណ៍ សឹងតែរកចំណូលចូលរតនាគារជាតិលែងបាន។
ទីបំផុត ទុនបម្រុងបរទេស និងទុនបម្រុងក្នុងស្រុកសឹងតែអស់រលីងដោយបានរុញឱ្យសេដ្ឋកិច្ចដាំក្បាលចុះនៅដើមឆ្នាំ២០២២ ជាមួយនឹងប្រជាជនបាត់ចំណូលប្រចាំជីវភាពគ្រួសារ ដោយបណ្ដាលឱ្យប្រជាជនរាប់ម៉ឺននាក់អត់ការងារធ្វើ។ ដោយធ្លាក់ក្នុងវិបត្តិដូចនេះ ប្រជាជន ជាពិសេសគឺយុវជន និងគ្រួសារជនក្រីក្រ បានធ្វើបាតុកម្ម ដែលគេហៅថាការរើបម្រះប្រឆាំងនឹងរជ្ជកាល រ៉ាចាប៉ាកសា ជាសន្តតិវង្សនៃការជិះជាន់កិបកេងទ្រព្យសម្បត្តិជាតិប្រព្រឹត្តអំពើពុករលួយ គឺពួកគេរាប់ម៉ឺនរាប់សែននាក់បានចេញដើរតាមដងផ្លូវនៅទីក្រុងកូឡុំបូ។
ប្រជាជនចងគំនុំជាមួយនឹងក្រុមបក្សពួកត្រកូល រ៉ាចាប៉ាកសា។ បាតុកម្មប្រព្រឹត្តទៅរយៈពេល ៤ខែ ហើយទីបំផុត ប្រជាជននៅតាមជនបទដែលភាគច្រើនក្រីក្របានប្រកូកប្រកាសគ្នាសម្រុកចូលទីក្រុងកូឡុំបូ ដោយពួកគេជិះរថភ្លើងដោយសម្រុកវាយកាន់កាប់វិមានប្រធានាធិបតី និងភូមិគ្រឹះប្រធានាធិបតី ហ្កូតា ប៉ាយ៉ា ហើយរហូតដល់ដុតបំផ្លាញភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី Ranil Wikremsinghe ទៀតផង។
តែនេះជាបាតុកម្មធំចុងក្រោយដែលរុញឱ្យប្រធានាធិបតី ហ្កូតា បាយ៉ា សម្រេចបោះបង់អំណាចរបស់ខ្លួន ហើយរត់ភៀសខ្លួនចេញពីប្រទេស។ កាលពីបាតុកម្មនៅដើមខែឧសភា គឺបាតុករដែលជាយុវជនបានឡោមព័ទ្ធភូមិគ្រឹះរបស់លោក មាហិនដា រ៉ាចាប៉ាកសា ជាបងប្រុសលោក ហ្កូតា បាយ៉ា គឺពេលនោះលោក មាហិនដា ជានាយករដ្ឋមន្ត្រី។ កម្លាំងរបស់បាតុករដ៏មហិមាបានរុញឱ្យលោក មាហិនដា រត់ភៀសខ្លួនជាបន្ទាន់ទៅលាក់ខ្លួនក្នុងបន្ទាយរបស់កងទ័ព ហើយលោកក៏បញ្ជូនលិខិតសុំលាលែងពីតំណែងទៅកាន់ប្រធានាធិបតីដែលជាប្អូនប្រុសរបស់ខ្លួន។
ឥឡូវនេះគេពុំដឹងថា លោក មាហិនដា រ៉ាច៉ាប៉ាកសា ស្ថិតនៅក្នុងបន្ទាយកងទ័ព ឬរត់ភៀសខ្លួនទៅណានោះទេ។ បាតុករស្រែកតាមដងផ្លូវ និងលើកបដាថា Go Home Gota, Go Home Mahinda, Go Home Rajapaksa ប៉ុន្តែអ្នកសារព័ត៌មានជាច្រើនកត់សម្គាល់ឃើញសម្រែករបស់បាតុករជាយុវជន និងជានិស្សិតបានស្រែកតាមឧបករណ៍បំពងសំឡេងថា ជិត ២០ឆ្នាំហើយត្រកូល រ៉ាចាប៉ាកសា បានពង្វក់យើងឱ្យល្ងង់ក្រោមវប្បធម៌អំណាចបក្សពួកនិយម និងពុករលួយ។
តើខ្លឹមសារនៃប្រយោគថា វប្បធម៌អំណាចបក្សពួកនិយម និងពុករលួយ មានន័យដូចម្ដេច ?
ក្រុមអ្នកមានប្រាក់ស្ដុកស្ដម្ភដែលមានបានពីការឃុបឃិតនឹងរដ្ឋាភិបាល រាច៉ាប៉ាកសា និងក្រុមមន្ត្រីរបស់ រ៉ាចាប៉ាកសា បានប្រើប្រាស់ប្រាក់កាក់របស់ពួកគេតាមរយៈនៃការបញ្ចេញវប្បធម៌ចែករំលែកផលប្រយោជន៍ ហើយទាញយកផលប្រយោជន៍មកបក្សពួកខ្លួនវិញ គឺកើតមាននៅក្នុងសង្គមនៃប្រទេសដ៏ក្រីក្រមួយនេះ។
ដូចនេះ ត្រូវបានគេមើលឃើញថា បានរុញឱ្យយុវជនដែលមិនបានគិតអំពីអ្វីទៅហៅថាការតស៊ូមតិដើម្បីសេរីភាពនៃអនាគតរបស់ខ្លួន គឺមានគំនិតរួញតូច មានន័យថា គិតខ្លីហើយក៏នាំគ្នាលើកតម្កើងមន្ត្រី និងគ្រួសាររបស់ រ៉ាចាប៉ាកសា ដោយភ្លេចគិតអំពីផលវិបាកនៃអនាគតរបស់ខ្លួន និងប្រទេសជាតិខ្លួនឯង។
ទីបំផុត យុវជនស្រីលង្កា គឺពុលនឹងការសាបព្រោះវប្បធម៌នៃការយល់យោគអ្នកកិបកេងទ្រព្យសម្បត្តិរបស់ជាតិ។ នៅក្នុងហ្វូងបាតុករ យុវជនស្រីលង្កាជាច្រើននាក់ដែលបណ្ដាញផ្សាយព័ត៌មាន BBC បានស្រង់សម្ដីរបស់ពួកគេមកចុះផ្សាយថា ជិត ២០ឆ្នាំហើយនៃរជ្ជកាល រ៉ាចាប៉ាកសា បានពង្វក់យុវជនដោយសារវប្បធម៌បែបនេះ គឺរុញឱ្យយុវជនស្រីលង្កា ធ្លាក់ក្នុងភាពល្ងង់ខ្លៅ។
យុវជនជាបាតុករស្រីលង្កា ដែលបានអបអរសាទរជ័យជម្នះរបស់ពួកគេក្នុងការបញ្ចប់រជ្ជកាល រ៉ាចាប៉ាកសា បានប្រាប់ BBC ដោយសង្ឃឹមថា ប្រព័ន្ធដឹកនាំរដ្ឋថ្មីលើកក្រោយនេះ នឹងពុំមានត្រកូល និងបក្សពួក រ៉ាចាប៉ាកសា នោះទេ៕