38 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​ដើម្បី​ឱ្យ​ជាតិ​ខ្មែរ​មាន​ឯករាជ្យ ខ្មែរ​មិន​ត្រូវ​ឲ្យ​បរទេស​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លើកឡើង​ថា ដើម្បី​ឱ្យ​ជាតិ​ខ្មែរ​មាន​ឯករាជ្យ និង​ម្ចាស់ការ​លើ​ខ្លួនឯង​ពិតប្រាកដ ខ្មែរ​មិន​ត្រូវ​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ជាដាច់ខាត។

លោក ហ៊ុន ម៉ាណែត អះអាង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ការ​ស្នេហា​ជាតិ និង​ការ​ស្រឡាញ់​ខ្មែរ​ពិតប្រាកដ មិនមែន​ស្ថិត​ត្រឹមតែ​លើ​បបូរមាត់​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវតែ​ចេះ​បង្រួបបង្រួម​គ្នា ពង្រឹង​នូវ​សាមគ្គីភាព ហើយ​ក៏​មិនមែន​ស្រឡាញ់​ជាតិ​ខ្មែរ​ព្រោះ​តែ​ខ្លួនឯង​ត្រូវការ​អំណាច​នោះ​ដែរ។

លោក​អះអាង​ថា ខ្មែរ​ត្រូវតែ​រឹងមាំ ខ្មែរ​ត្រូវតែ​ខ្លាំង និង​មាន​ការ​ឯកភាព​ជាតិ​ខ្លួនឯង ទើប​ជា​រឿង​ត្រឹមត្រូវ មិនមែន​ចេះ​តែ​នាំគ្នា​ទៅ​ហៅ​បរទេស​ឲ្យ​មក​បំផ្លាញ​ជាតិ​ខ្មែរ​នោះ​ឡើយ។ ដូច្នេះ​ហើយ​បាន​ជា​គោល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​តែងតែ​បញ្ជាក់​ច្បាស់​ថា ខ្មែរ​ត្រូវតែ​រឹងមាំ និង​ត្រូវតែ​ខ្លាំង​ជានិច្ច។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ខ្មែរ​ត្រូវតែ​ស្រឡាញ់​ខ្មែរ ខ្មែរ​ត្រូវតែ​ជួយ​ខ្មែរ ខ្មែរ​ត្រូវតែ​ពង្រឹង​កូន​ខ្មែរ​ឱ្យ​មាន​ភាព​ម្ចាស់ការ និង​រឹងមាំ​ដោយ​ខ្លួនឯង ទើប​ខ្មែរ​មាន​ឯកភាព​ជាតិ​ពិត​ប្រាកដ មិន​ត្រូវ​នាំគ្នា​ទៅ​ហៅ​បរទេស​ឱ្យ​មក​បំផ្លាញ​ខ្មែរ​នោះ​ទេ នេះ​ទើប​គេ​ហៅ​ថា​ស្រឡាញ់​ជាតិ​ខ្មែរ​ដោយ​ស្មោះត្រង់​ពិតៗ។

ទោះជា​បែប​នេះ​ក្តី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា​មិន​ឲ្យ​បរទេស​ណា​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះ គ្រាន់តែ​ជា​លេស​ដើម្បី​បិទ​បាំង​ទង្វើ​ដែល​បក្ស​កាន់​អំណាច​កំពុង​ត្រូវ​គេ​រិះគន់​ថា​បាន​លម្អៀង​ការ​ដឹកនាំ​របស់​ខ្លួន​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​តែប៉ុណ្ណោះ។

លោក ហ៊ុន កុសល អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ និង​មជ្ឈដ្ឋាន​អន្តរជាតិ​ជាច្រើន​កំពុង​មើល​ឃើញ​ថា លម្អៀង​ទៅ​រក​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ដែល​ជា​ការ​បំពាន​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា និង​បំពាន​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​មូលហេតុ​ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ចិន លើ​ភូមិសាស្ត្រ​នយោបាយ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្ដីពី​អនាគត​អាស៊ី កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ ថា «បើ​មិន​ឲ្យ​លោក​ទៅ​ពឹង​ចិន តើ​ឲ្យ​លោក​ត្រូវ​ពឹង​បរទេស​មួយ​ណា ស្រប​ពេល​ដែល​ជំនួយ​របស់​ចិន​ទាំងអស់​បាន​នាំ​ឱ្យ​កម្ពុជា​មាន​ភាព​ឯករាជ្យ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​របស់​ខ្លួន​រហូត​មក»

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បញ្ហា​នៃ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​មហាអំណាច​កុម្មុយនីស្ត​ចិន នៅតែ​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ពិភពលោក និង​ក្នុង​តំបន់ ព្រោះ​ថា​កម្ពុជា​នៅ​ពេលនេះ​មិន​មាន​ភស្តុតាង​ជាក់ច្បាស់​ណា​មួយ​បង្ហាញ​ថា ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​សម្ងាត់​ជាមួយ​ចិន អំពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដែល​គេ​បាន​សង្ស័យ​ជាប់​រហូត​មក​នោះ​ទេ។

ប្រភព​ដដែល​លើកឡើង​ថា តាមរយៈ​នៃ​ការ​អះអាង​របស់​លោក ហ៊ុន សែន ពី​ការ​ពឹងពាក់​ចិន និង​សកម្មភាព​ជាច្រើន​ដែល​បាន​សហការ​ជាមួយ​ចិន នា​ពេល​កន្លងមក ដូចជា​ការ​វាយ​កម្ទេច​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក ដោយ​ជំនួស​មក​វិញ​នូវ​អគារ​របស់​ចិន នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​កម្ចី​របស់​ចិន​ជា​លក្ខណៈ​ទ្វេភាគី​ដែល​គ្មាន​តម្លាភាព ព្រមទាំង​ការ​ចុះ​អនុសារណៈ​យោគយល់​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​ចិន កាលពី​ពេល​ថ្មីៗ​នេះ ជាដើម គឺ​សុទ្ធសឹងតែ​ជា​មូលហេតុ​ដែល​បញ្ជាក់​ថា កម្ពុជា​ទំនង​ជា​មិន​អាច​ចៀស​ផុត​ពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ក្នុង​កម្រិត​ណា​មួយ​នោះ​ឡើយ​ទៅ​ថ្ងៃ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស