រដ្ឋសភា​កម្ពុជា

ច្បាប់

រដ្ឋសភា​ទទួល​សំណើ​សុំ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទៅ​ពិនិត្យ​និង​សិក្សា

By ឌឹ ខេមបូឌា ដេលី

July 20, 2022

រដ្ឋសភា​សម្រេច​ទទួល​យក​សំណើ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ស្នើសុំ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​ចំនួន ៨​មាត្រា ទៅ​ពិនិត្យ និង​សិក្សា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ របស់​រដ្ឋសភា ឱ្យ​ដឹង​ថា អង្គប្រជុំ​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ។

ក្រោយពី​សម្រេច​អនុម័ត​រួច រដ្ឋ​សភាព​នឹង​បញ្ជូន​ទៅ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ហើយ​នឹង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ​បន្ទាប់ពី​បាន​ពិនិត្យ និង​សិក្សា​រួច។

កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​ចំនួន ៨​មាត្រា។ ក្រោយពី​មាន​ការ​ស្នើសុំ​ហើយ លោក​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធ ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា កន្លងទៅ លោក កើត រិទ្ធ លើកឡើង​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​នេះ​ជា​ការ​បំពេញ​ការ​ខ្វះ​ចន្លោះ​រដ្ឋធម្មនុញ្ញ​ដើម និង​បង្ការ​ភាព​ជាប់​គាំង​នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ​ក្រោយ​ការ​បោះឆ្នោត ដើម្បី​ការពារ​ផលប្រយោជន៍​រួម។

ប៉ុន្តែ​អ្នកវិភាគ និង​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ដែល​រដ្ឋាភិបាល​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជាពិសេស​ការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​លោក​តែប៉ុណ្ណោះ។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០២២ នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ធ្វើ​វិសោធនកម្ម​ចំនួន ១០​លើក​ហើយ៕