យុវជន​មាតា​ធម្មជាតិ គឺ​កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី

ច្បាប់

តុលាការ​កំពូល​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ឱ្យ​ចូល​សវនាការ​ថ្ងៃទី​២២​កក្កដា

By ឌឹ ខេមបូឌា ដេលី

July 20, 2022

តុលាការ​កំពូល​ក្រុង​ភ្នំពេញ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់​ឱ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៨​ព្រឹក ទាក់ទង​នឹង​ការ​ប្ដឹង​សាទុក្ខ​របស់​ខ្លួន​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។

តុលាការ​កំពូល​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ កក្កដា ដោយ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​បាន​សម្រេច​ប្ដឹង​សាទុក្ខ​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ឱ្យ​ចូលរួម​សវនាការ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ​តាម​ពេលវេលា​ដែល​បាន​កំណត់។

ក្នុង​ដីកា​នោះ តុលាការ​កំពូល​បាន​បញ្ជាក់​ថា យុវជន​ចលនា​មាតា​ធម្មជាតិ រួម​មាន​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា បាន​ជាប់​ចោទ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០២០ ដែល​ជា​បទល្មើស​ស្រប​តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា។

កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២០ យុវជន​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​បន្ទាប់ពី​ពួកគេ​បាន​ស្នើសុំ​ជួប​លោក ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​លុប​បឹង​តាមោក ឬ​បឹង​កប់​ស្រូវ​បន្ត​ទៀត។

ក្រោយ​ជាប់​ពន្ធនាគារ​ជិត ១​ឆ្នាំ នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ​ម្នាក់ៗ​ជាប់​ពន្ធនាគារ​ចាប់ពី ១៨​ខែ​ដល់ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល។

ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២០ ថា លោក​នៅតែ​បន្ត​ចាប់​ខ្លួន​អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​បន្ថែម​ទៀត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ ត្បិត​ពួកគេ​កំពុង​បំផ្លាញ​សន្តិភាព​ដែល​លោក​បាន​កសាង​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវ​ច្បាប់ ដើម្បី​បំបាក់​ស្មារតី និង​បំបិទ​ការ​តវ៉ា​នានា​ចំពោះ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ ខណៈ​បណ្តឹង​ទាំងនោះ​មាន​រហូត​ដល់​ទៅ​រាប់​រយ​ករណី​ឯណោះ ក្នុង​នោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​រាប់​សិប​នាក់ ត្រូវ​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​ដើម្បី​បិទ​ខ្ទប់​ការ​បញ្ចេញ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ជា​បន្តបន្ទាប់។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ។ លើស​ពី​នេះ មាត្រា​៣៥ ក៏​បាន​ចែង​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ៕