35 C
Phnom Penh

តុលាការ​កោះកុង​កាត់ទោស​ស្ត្រី​ម្នាក់​ឱ្យ​ជាប់​គុក​១​ឆ្នាំ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​កោះកុង សម្រេច​ផ្ដន្ទាទោស​តំណាង​សហគមន៍​ដីធ្លី​ម្នាក់​នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ឱ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «បរិហារកេរ្តិ៍ និង​បង្កាច់​កេរ្តិ៍» តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ។

តំណាង​សហគមន៍​១៩៧ នៅ​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល លោកស្រី ដេត ហួរ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង លោក អេង ចាន់តារា កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ក្រោម​បទ​ចោទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» ទៅ​តាម​បណ្ដឹង​ចោទប្រកាន់​របស់​ឧកញ៉ា ហេង ហ៊ុយ ជា​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) និង​មន្ត្រី​នគរបាល​ជាន់ខ្ពស់​នៅ​ខេត្ត​កោះកុង។

នៅ​ថ្ងៃទី​២០ កក្កដា នេះ ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​តំណាង​សកម្មជន​ដីធ្លី លោកស្រី ដេត ហួរ ឱ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ក្រោម​បទ​ចោទប្រកាន់ «បរិហារកេរ្តិ៍ និង​បង្កាច់​កេរ្តិ៍» ក្រោយពី​លោកស្រី​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ហេង ហ៊ុយ។

តំណាង​សហគមន៍ លោកស្រី ផាវ ញ៉ើង បាន​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ដីធ្លី​ផ្សេង​ទៀត​ដែល​គ្រាន់តែ​បញ្ចេញ​មតិ​ក្នុង​ករណី​ពួកគាត់​កំពុង​រងគ្រោះ ហើយ​គ្មាន​ដំណោះស្រាយ​នោះ។

លោកស្រី​បន្ត​ថា អ្វី​ដែល​លោកស្រី ដេត ហួរ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ វា​ជា​រឿង​ពិត ហើយ​ការ​ផុស​នោះ​ដោយសារ​ពួកគាត់​ឈឺចាប់​ព្រោះ​ជម្លោះ​ដីធ្លី​ជាមួយ​លោក ហេង ហ៊ុយ បាន​កើត​ឡើង​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​មិន​មាន​ដំណោះស្រាយ​សម្រាប់​ពួកគាត់។ លោកស្រី​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង ដោយ​ថា​ការ​សម្រេច​កាត់ទោស​អ្នក​ដែល​បាត់បង់​ដី នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។

លោកស្រី​បន្ត​ថា ពួកគាត់​បាន​រងគ្រោះ​ដីធ្លី​ដោយសារ​អ្នក​មាន​ប្រាក់​រំលោភ​យក​ដីធ្លី​អស់​ជាច្រើន​ឆ្នាំ ដោយ​មិន​មាន​ស្ថាប័ន​ណា​មួយ​ជួយ​ដោះស្រាយ ថែម​ទាំង​មក​រងគ្រោះ​ដោយ​ប្រព័ន្ធ​យុត្តិធម៌​បន្ថែម​ទៀត។

ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ មក ពលរដ្ឋ​ចំនួន ១៩៧​គ្រួសារ​មកពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជាបន្តបន្ទាប់ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​ពួកគេ​ចោទ​ថា ក្រុមហ៊ុន ហេង ហ៊ុយ បាន​រំលោភ​យក​ដីធ្លី​ពួកគេ​តាំងពី​ឆ្នាំ​២០០៧ ប៉ុន្តែ​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​នេះ​ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​បដិសេធ​ដោះស្រាយ។

ក្រៅពី​បដិសេធ​ដោះស្រាយ​ហើយ ក្រសួង​រៀបចំ​ដែនដី ក៏​បាន​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​ក្រសួង​ថា​បាន​ញុះញង់​ឱ្យ​ពលរដ្ឋ ១៩៧​គ្រួសារ​នោះ​ឡើង​មក​តវ៉ា​ទៀត​ផង។

ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​នេះ​ដែរ ក៏​មាន​តំណាង​ពលរដ្ឋ ៩​នាក់​នៅ​សហគមន៍ ១៩៧​គ្រួសារ រួម​មាន​អ្នកស្រី អិប តឹង អ្នកស្រី ដេត ហួរ អ្នកស្រី កើត នៅ អ្នកស្រី អ៊ិន ធូ លោក គង់ មែន និង​តំណាង​ពលរដ្ឋ​ផ្សេង​ទៀត​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ក្រោម​បទ​ចោទ «បរិហារកេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ទៅ​តាម​បណ្ដឹង​របស់​លោក ហេង ហ៊ុយ ប្រធាន​ក្រុមហ៊ុន «ហេង ហ៊ុយ អភិវឌ្ឍន៍»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស