30.7 C
Phnom Penh

ធនាគារ​ជាតិ​ថា​អតិផរណា​នៅ​កម្ពុជា​កើន​ឡើង​ជាង ៧% បណ្តាល​មកពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្អូញត្អែរ​ថា អតិផរណា​នៅ​កម្ពុជា​បាន​កើនឡើង​ដល់ ៧,២% ក្នុង​ឆ្នាំ​២០២២ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង ១​ទសវត្សរ៍​ចុងក្រោយ បណ្ដាល​មកពី​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​បាន​ជះ​ឥទ្ធិពល​លើ​តម្លៃ​ប្រេងឥន្ធនៈ និង​ម្ហូបអាហារ​ពិភពលោក។

ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា លោក ជា ចាន់តូ បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២២ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ថា ក្រោម​ឥទ្ធិពល​នៃ​ការ​កើនឡើង​ថ្លៃ​ប្រេង និង​ម្ហូបអាហារ​ពិភពលោក អតិផរណា​នៅ​កម្ពុជា​ក៏​បាន​កើន​ឡើង​ជាបន្តបន្ទាប់​រហូត​ដល់ ៧,២% ក្នុង​ខែ​ឧសភា ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង ១​ទសវត្សរ៍​ចុងក្រោយ​នេះ។

មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិ​កម្ពុជា​រូប​នេះ​លើកឡើង​ថា កាលណា​តម្លៃ​ប្រាក់​រៀល​ធ្លាក់​ចុះ នោះ​នឹង​នាំ​ឱ្យ​តម្លៃ​ទំនិញ និង​សេវា​នានា​កើនឡើង​ភ្លាម។ ដូច្នេះ ក្នុង​ស្ថានភាព​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ថ្លឹងថ្លែង​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ ដើម្បី​គ្រប់គ្រង​សម្ពាធ​អតិផរណា​ផង និង​គាំទ្រ​ការ​ស្ដារ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។

លោក ជា ចាន់តូ បញ្ជាក់​ថា ការ​កើនឡើង​នេះ គឺ​ដោយសារ​ការ​អូស​បន្លាយ​នៃ​សង្គ្រាម និង​ការ​ដាក់​ទណ្ឌកម្ម​នានា​ទៅ​លើ​ប្រទេស​រុស្ស៊ី របស់​មហាអំណាច​ពិភពលោក​នា​ពេល​កន្លងមក ទើប​បណ្តាល​ឱ្យ​ថ្លៃ​ប្រេងឥន្ធនៈ និង​ម្ហូបអាហារ​ពិភពលោក​កើន​ឡើង​ជា​លំដាប់​នៅ​ពេលនេះ ព្រោះ​ថា​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​នាំចេញ​វត្ថុធាតុដើម ដូចជា​ប្រេងឥន្ធនៈ ឧស្ម័ន ជី និង​ផលិតផល​កសិកម្ម ជាដើម។

កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ឆ្នាំ​២០២២ នេះ កម្រិត​អតិផរណា​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​អាច​កើនឡើង​ក្នុង​រង្វង់ ៥% ដោយសារ​ការ​កើនឡើង​ខ្ពស់​នៃ​តម្លៃ​ប្រេង​អន្តរជាតិ និង​ថ្លៃ​ទំនិញ​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ប៉ុន្តែ​ការ​ប៉ាន់ស្មាន​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​កម្រិត​ទាប​ជាង​របាយការណ៍​ដែល​ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​នៅឡើយ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់ The Cambodia Daily ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជូន​ពលរដ្ឋ ទោះ​លទ្ធភាព​មិន​អាច​ដោះស្រាយ​បាន​ទាំងស្រុង ក៏​អាច​កាត់បន្ថយ​បាន​មួយ​ភាគ​ធំ​ដែរ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព ឬ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ទេ នោះ​ពួកគេ​នឹង​ទម្លាក់​កំហុស​ទាំងនេះ​ទៅ​លើ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន​បន្ត​ទៀត​ជាមិនខាន។

លោក មឿន តុលា អះអាង​ថា រដ្ឋាភិបាល​អាច​ដាក់​ចេញ​នូវ​វិធានការ​កាត់បន្ថយ​ពន្ធ​នានា​ដែល​ជា​ផ្នែក​មួយ​ជួយ​បន្ធូរបន្ថយ​អតិផរណា​នេះ​ឲ្យ​ធ្លាក់​ចុះ​មក​វិញ​ផង​ដែរ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​អាច​បង្កើត​កម្មវិធី​គាំទ្រ​អាជីវកម្ម​តាម​ស្ថានភាព​ជាក់ស្តែង ដោយ​ផ្តល់​ជា​ដើមទុន​ដើម្បី​ជួយ​អ្នក​ដែល​ងាយ​រងគ្រោះ​ពី​ការ​ហក់​ឡើង​នៃ​អតិផរណា​នេះ។

ចំណែក​អតីត​នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ផ្នត់គំនិត លោក សេក សុជាតិ ក៏​បាន​ប្រាប់ The Cambodia Daily ថា រដ្ឋាភិបាល​មិន​មាន​សញ្ញា​វិជ្ជមាន​ណា​មួយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ​ទេ ដោយសារតែ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​មេដឹកនាំ​ខ្មែរ និង​មេដឹកនាំ​នយោបាយ​ធំៗ​មួយ​ចំនួន​គ្មាន​ចេតនា​ដោះស្រាយ​បញ្ហា​ជាតិ ពីព្រោះ​ពួកគេ​គិតតែ​ពី​អំណាច​ខ្លួនឯង ជាជាង​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ។

លោក សេក សុជាតិ អះអាង​ថា មេដឹកនាំ​ខ្មែរ និង​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំងអស់​គួរ​ទម្លាក់​ចោល​ការ​លាប​ពណ៌​គ្នា ឈប់​ស្វែងរក​វិធី​កម្ចាត់​គ្នា ព្រោះ​ការ​បែកបាក់​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​កាន់តែ​ជួប​ការ​លំបាក ហើយ​អាច​ប្រឈម​ជាមួយ​នឹង​បញ្ហា​ធំៗ​ជាច្រើន​ទៀត​នៅ​ពេល​អនាគត។

អតីត​នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ​ត្អូញត្អែរ​ថា បញ្ហា​ធំៗ​សម្រាប់​មេដឹកនាំ​ខ្មែរ និង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​នៅ​ពេលនេះ មិនមែន​ជា​វិបត្តិ​សេដ្ឋកិច្ច​ជាតិ ឬ​អតិផរណា​ដែល​កំពុង​ញាំញី​កម្ពុជា​នៅ​ពេលនេះ​ទេ ប៉ុន្តែ​ពួកគេ​កំពុង​សម្លឹង​រក​ច្រក​បង្កើន​អំណាច​ផ្តួល​គ្នា​ប៉ុណ្ណោះ ដូច្នេះ​បើ​គ្មាន​វិបត្តិ​សកល​នេះ ក៏​កម្ពុជា​កើត​មាន​វិបត្តិ​ដោយសារតែ​មេដឹកនាំ​បែប​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស