29.3 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​និង​បក្ស​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដើម្បី​ធានា​ការ​បោះឆ្នោត​ពេល​ខាង​ថ្ងៃមុខ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ថា ការ​ស្នើ​បែប​នេះ​ក្រោយពី​ឆ្លងកាត់​បទពិសោធន៍​ការ​បោះឆ្នោត​កន្លងមក រួម​ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ថ្មីៗ​ផង​ដែរ។

លោក​បន្ត​ថា ការ​ទាមទារ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​ធានា​ពី​ភាព​មិន​លម្អៀង​របស់​គណៈកម្មការ​ឃុំ-សង្កាត់ និង​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត រួម​ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ។ ចំពោះ​ការ​ទាមទារ​ឱ្យ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៧ និង​មាត្រា​៦ ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​នយោបាយ​ដែល​ជា​ក្ដី​បារម្ភ​សម្រាប់​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ផង​ដែរ។

ចំណែក​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ក៏​លើកឡើង​ដែរ​ថា ការ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​នេះ​ដោយសារ​នៅ​ត្រង់​មាត្រា​២៧ និង​មាត្រា​១៣៥ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដែល​និយាយ​អំពី​ការ​បែងចែក​អាសនៈ​គណបក្ស​នយោបាយ។ លោក​បញ្ជាក់​ថា មិនមែន​តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទេ គណបក្ស​នយោបាយ​ដែល​មាន​គោលការណ៍ និង​ទស្សនៈ​ប្រហាក់ប្រហែល​គ្នា នឹង​ធ្វើ​ការ​ជជែក​ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ផលប្រយោជន៍​ប្រទេស​ជាតិ។

បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា ការ​ទាមទារ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នេះ ដោយសារ​បច្ចុប្បន្ន សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។ លោក​បន្ត​ទៀត​ថា ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កែ​ដាក់​ឱ្យ​ប្រើប្រាស់​ទាំង​តក់ក្រហល់​កាលពី​អំឡុង​ឆ្នាំ​២០១៧ ក្នុង​មាត្រា​៤៤​ថ្មី ចែង​ថា គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ល្មើស​មាត្រា​៦ និង​៧ តុលាការ​អាច​ផ្អាក​សកម្មភាព​មិន​លើស​ពី ៥​ឆ្នាំ និង​រំលាយ​គណបក្ស​នោះ។

ក្រៅពី​ស្នើ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នោះ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ចំនួន ៨​ចំណុច ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​លើកស្ទួយ​វិស័យ​នយោបាយ​នៅ​កម្ពុជា។ ក្នុង​នោះ ប្រធាន​មកពី​បុគ្គល​ឯករាជ្យ​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​យ៉ាង​តិច ៥​ឆ្នាំ និង​សមាជិក ៤​រូប​មកពី​ប្រភព​ឯករាជ្យ​មិន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នយោបាយ ហើយ​ធានា​ភាព​មិន​លម្អៀង​នៃ​គណៈកម្មការ​ឃុំ-សង្កាត់ និង​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ទៅ​គណបក្ស​នយោបាយ ជាពិសេស​គណបក្ស​កាន់​អំណាច​ដោយ​ជ្រើសរើស​មកពី​ប្រភព​ឯករាជ្យ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។

មួយ​វិញ​ទៀត ចំពោះ​មន្ត្រី​ស្ថាប័ន​ជាតិ តុលាការ យោធា នគរបាល​ជាតិ មន្ត្រី​រាជការ​ស៊ីវិល​គ្រប់​លំដាប់​ថ្នាក់ និង​មេភូមិ អនុភូមិ រួម​ទាំង​សមាជិក​ត្រូវ​បំពេញ​ការងារ​ដោយ​អព្យាក្រឹត និង​ត្រូវ​មាន​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​បំភិតបំភ័យ គំរាមកំហែង​ដែល​ប៉ះពាល់​សេរីភាព​ចូលរួម​នយោបាយ​របស់​ប្រជាពលរដ្ឋ។

ចំណែក​ការ​រាប់​សន្លឹកឆ្នោត​ត្រូវ​ធ្វើឡើង​ដោយ​ចំហ និង​ផ្ដល់​នូវ​ការ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ទៅ​ឱ្យ​គណបក្ស​នយោបាយ​ភ្លាមៗ ខណៈ​បែបបទ​ប្ដឹង​ពី​ភាព​មិន​ប្រក្រតី​ត្រូវ​មាន​ភាព​ងាយស្រួល ហើយ​ត្រូវ​មាន​យន្តការ​ច្បាស់លាស់​ដោះស្រាយ​ត្រឹមត្រូវ​ជាមួយ​នឹង​ការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ពេល​មាន​បណ្ដឹង ជាដើម។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​បួន​នេះ​ក៏​បាន​ស្នើ​ទៅ​រដ្ឋសភា​កុំ​អនុម័ត​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ថា​ការ​ធ្វើការ​វិសោធនកម្ម​លើក​ទី​១០ នេះ បាន​ផ្ដល់​អំណាច​រដ្ឋាភិបាល​ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​មិន​ចាំបាច់​មាន​បក្ស​ផ្សេង​ចូលរួម។

គណបក្ស​នយោបាយ​ទាំង ៤​នាក់​ដែល​ដាក់​ញត្តិ​នៅ​រដ្ឋសភា​នា​ថ្ងៃ​នេះ​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កែទម្រង់​កម្ពុជា។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ក្រោយពី​ពិនិត្យ​ឃើញ​ថា សំណើ​ដែល​រដ្ឋាភិបាល​សុំ​ធ្វើ​សោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ បាន​ធ្វើ​ឲ្យ​កាត់បន្ថយ​អំណាច​សភា និង​តំណាងរាស្ត្រ ខណៈ​ប្រទេស​កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របប​សភា​និយម។

ជាក់ស្ដែង មាត្រា​១១៩​ថ្មី​បាន​កាត់បន្ថយ​អំណាច​សភា ដោយ​បើក​សិទ្ធិ​អំណាច​ឲ្យ​គណបក្ស​នយោបាយ​អាច​ធ្វើ​សេចក្ដី​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ចាត់តាំង ឬ​តែងតាំង​នាយករដ្ឋមន្ត្រី ខណៈ​មាត្រា​៩៨​ថ្មី​ក៏​បាន​បន្ថយ​អំណាច​តំណាងរាស្ត្រ​ក្នុង​ការ​ធ្វើ​ញត្តិ​បន្ទោស​រដ្ឋាភិបាល ពោល​គឺ​ពី​សំឡេង ៣០​នាក់​ឡើង​ទៅ​ដល់ ៤២​នាក់ ទើប​អាច​ធ្វើ​ញត្តិ​ស្ដីបន្ទោស​ទម្លាក់​រដ្ឋាភិបាល។

លោក​បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំង​៤ មើល​ឃើញ​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​នេះ​បាន​ផ្ដល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ស្នើ​ទៅ​ព្រះមហាក្សត្រ​តែងតាំង​នាយករដ្ឋមន្ត្រី ឬ​បង្កើត​រដ្ឋាភិបាល​ដែល​ខុសពី​មាត្រា​១១៩ និង​មាត្រា​៩៨​ចាស់ ដោយ​មាន​តែ​សភា​ទេ​ដែល​អាច​ស្នើ​ទៅ​ព្រះមហាក្សត្រ​នោះ។

ករណី​នេះ លោក​ថា​គណបក្ស​នយោបាយ​ទាំង​៤ ស្នើ​រដ្ឋសភា​កុំ​អនុម័ត​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដោយ​ថា​ការ​ធ្វើ​វិសោធនកម្ម​នេះ​វា​ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​ជាតិ និង​ប៉ះពាល់​ដំណើរការ​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ផង​ដែរ។

លោក យ៉េង វីរៈ បន្ត​ថា ទោះបីជា​ញត្តិ​ពួកគាត់​ត្រូវ​បាន​មន្ត្រី​របស់​គណៈកម្មការ​ទី​១ នៃ​សភា​ចេញ​មក​ទទួល​ក៏ដោយ ប៉ុន្តែ​ពួកគាត់​នៅតែ​បារម្ភ​ខ្លាច​ការ​បញ្ជូន​ញត្តិ​នេះ​ទៅ​ប្រធាន​រដ្ឋសភា​មាន​ភាព​យឺតយ៉ាវ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស