30 C
Phnom Penh

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រំពឹង​ថា​តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​បទ​ចោទ​ពី​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ចលនា​មាតា​ធម្មជាតិ អះអាង​ថា តុលាការ​កំពូល​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ពួកគេ​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​នូវ​បទ​ចោទ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ការ​ចូលរួម​កិច្ចការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​បន្ត​ទៀត។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​ធ្វើការ​ការពារ​បរិស្ថាន រួម​មាន​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​ពួកគេ នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា សវនាការ​នៅ​ថ្ងៃ​នេះ​តុលាការ​បាន​សាកសួរ​ជុំវិញ​កិច្ចការ​របស់​ពួកគេ​ដែល​បាន​ការពារ​ធនធាន​ធម្មជាតិ​នា​ពេល​កន្លងមក ក្នុង​នោះ​ពួកគេ​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​នូវ​បទ​ចោទ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ការ​ចូលរួម​កិច្ចការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​បន្ត​ទៀត។

សកម្មជន​បរិស្ថាន​ទាំងនោះ​បាន​អះអាង​ថា ពួកគេ​បាន​លើកឡើង​នៅ​ក្នុង​សវនាការ​ថា ក្នុង​នាម​ជា​យុវជន​ដែល​ស្នេហា​ជាតិ និង​បាន​ចូលរួម​ជួយ​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា គួរ​ណាស់​តែ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​អាជ្ញាធរ និង​រដ្ឋាភិបាល មិន​គួរ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​បែប​នេះ​ទេ ព្រោះ​ថា​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ​កន្លងមក មិនមែន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ឡើយ គឺ​ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ​កម្ពុជា និង​ដើម្បី​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ទោះបី​មាន​លទ្ធផល​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​បែប​ណា​ចំពោះ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២ នេះ​ក៏ដោយ ក៏​ពួកគេ​នៅតែ​តាំងចិត្ត​ធ្វើ​កិច្ចការ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​ដដែល។ ពួកគេ​គ្រាន់តែ​សង្ឃឹម​ថា តុលាការ​នឹង​ផ្តល់​នូវ​ភាព​យុត្តិធម៌​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​ដើម្បី​សង្គម​ជាតិ​បន្ត​ទៀត ប៉ុន្តែ​បើ​តុលាការ​នៅតែ​បន្ត​ចោទប្រកាន់​ទៀត​នោះ គឺ​បង្ហាញ​ពី​ការ​បំបាក់​ស្មារតី​យុវជន​ដែល​ស្រឡាញ់​ការពារ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ តុលាការ​កំពូល​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​រូប​ឱ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ បន្ទាប់ពី​យុវជន​ចលនា​មាតា​ធម្មជាតិ​សម្រេច​ប្ដឹង​សាទុក្ខ​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។

ក្នុង​ដីកា​តុលាការ​កំពូល បាន​បញ្ជាក់​ថា យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំងនេះ​បាន​ជាប់​ចោទ​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០២០ ដែល​ជា​បទល្មើស​ស្រប​តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា។

កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២០ យុវជន​ចលនា​មាតា​ធម្មជាតិ រួម​មាន​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ជាដើម ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​យក​ទៅ​ឃុំ​ទុក​ក្នុង​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម បន្ទាប់ពី​ពួកគេ​បាន​ស្នើសុំ​ជួប​លោក ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​បុរស​ខ្លាំង​រូប​នេះ​បញ្ឈប់​ការ​លុប​បឹង​តាមោក ឬ​បឹង​កប់ស្រូវ បន្ត​ទៀត។

ក្រោយពី​ជាប់​ពន្ធនាគារ​ជិត ១​ឆ្នាំ នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ​ម្នាក់ៗ​ជាប់​ពន្ធនាគារ​រយៈពេល​ចាប់ពី ១៨​ខែ​ដល់ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល​ផង​ដែរ។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ។ លើស​ពី​នេះ មាត្រា​៣៥ ក៏​បាន​ចែង​ផង​ដែរ​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

ជុំវិញ​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​នេះ មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ចេញ​លិខិត​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ អញ្ជើញ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​សកម្មជន​បរិស្ថាន ៩​នាក់​ផ្សេង​ទៀត ដូចជា​លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី និង​លោក មាន ព្រហ្មមុនី ជាដើម ឱ្យ​ចូលរួម​សវនាការ​របស់​អ្នក​ទាំងនោះ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ​ផង​ដែរ ក្រោម​បទ​ចោទ ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស