27.5 C
Phnom Penh

អភិបាល​ខេត្ត​ព្រះវិហារ​ថា​ការ​បាត់បង់​ព្រៃឈើ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ លើកឡើង​ថា ការ​បាត់បង់​ព្រៃឈើ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ធម្មជាតិ និង​បាត់បង់​សត្វព្រៃ ខណៈ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​អភិរក្ស​របស់​ខ្លួន​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់។

អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​លើកឡើង​ក្នុង​ពិធី​ដាំ​កូនឈើ​ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា ៩ កក្កដា ដែល​បាន​ប្រារព្ធ​កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២២ ថា ព្រៃឈើ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​គ្រប់​ទិដ្ឋភាព​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ធានា​សន្តិសុខ​ស្បៀង បណ្ដាញ​សុវត្ថិភាព លើក​កម្ពស់​ជីវភាព និង​ផ្តល់​មុខរបរ​ដល់​ពលរដ្ឋ​ផង​ដែរ។

អភិបាល​ខេត្ត​ព្រះវិហារ​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង និង​បញ្ឈប់​ការ​កាប់​ឈើ ការ​ឈូស​ឆាយ​ដី​ព្រៃ ការ​បរបាញ់ ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ដោយ​ខុស​ច្បាប់ ជាដើម ដោយ​ប្តូរ​មក​វិញ​នូវ​ការ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​ខ្មែរ​ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ខេត្ត​ព្រះវិហារ​ត្រូវ​គេ​រក​ឃើញ​ថា ជា​ខេត្ត​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​បទល្មើស​ព្រៃឈើ​រាប់​មិន​អស់ ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​តំបន់​អភិរក្ស​របស់​ខ្លួន​រហូត​មក។

កាលពី​ឆ្នាំ​២០២០ ក្រសួង​បរិស្ថាន បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា ខេត្ត​ព្រះវិហារ មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៩​កន្លែង​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​សរុប​ចំនួន​ជាង ៧៧​ម៉ឺន​ហិកតារ ដូចជា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ដែន​ជម្រក​សត្វព្រៃ​គូលេន​ព្រហ្ម​ទេព និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ជាដើម ប៉ុន្តែ​តំបន់​អភិរក្ស​ទាំងនេះ​ត្រូវ​គេ​រក​ឃើញ​ថា​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

បែប​នេះ​ក្តី កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា អះអាង​ថា បច្ចុប្បន្ន​នេះ បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​លែង​កើតមាន​ទៀត​ហើយ ប៉ុន្តែ​បទល្មើស​ខ្នាត​តូច​នៅតែ​បន្ត​កើតមាន​ដដែល។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​បាន​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​បន្ត​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ត់ចត់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឱ្យ​បាន​ដាច់ខាត។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ បាន​នាំគ្នា​ចុះ​ល្បាត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ស្ថិត​ក្នុង​ភូមិ​ប្រមេរុ ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ប្រទះ​ឃើញ​នូវ​បទល្មើស​ព្រៃឈើ​ចំនួន ២៦០​ករណី ក្នុង​នោះ​ដើមឈើ​ធំៗ​ដែល​មាន​មុខកាត់​ចាប់ពី ៣០​សង់ទីម៉ែត្រ​ដល់​ទៅ ១៥០​សង់ទីម៉ែត្រ​ដែល​ជា​ប្រភេទ​ឈើ​គគីរ ពពេល ផ្ដៀក កកោះ និង​ឈើទាល ជាដើម ត្រូវ​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​មិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​ពី​អាជ្ញាធរ​នៅឡើយ​លើ​បទល្មើស​ព្រៃឈើ​ទាំងនេះ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២២ បាន​ចេញ​របាយការណ៍​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ជាង ៦​ពាន់​ហិកតារ​នៅ​តំបន់​ជម្រក​សត្វព្រៃ «ព្រៃឡង់» និង «ព្រៃ​ព្រះរការ» ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​មាន​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។

អង្គការ​នេះ​កាលពី​ចុង​ឆ្នាំ​២០២១ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជាង ៥០​ម៉ឺន​ហិកតារ​ក្នុង​តំបន់​អភិរក្ស​ទូទាំង​ប្រទេស​របស់​ខ្លួន​ក្នុង​រយៈពេល​ជិត ២​ទសវត្ស​ចុងក្រោយ​នេះ។

កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ មាន​ប្រទេស​ជាង ១៣០ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow COP26 ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ ក្នុង​នោះ​រួម​មាន ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​ប្រទេស​វៀតណាម ជាដើម ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​នេះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស