31 C
Phnom Penh

កម្ពុជា​ថា​សមាជិក​អាស៊ាន​ទាំង​៩​បដិសេធ​មិន​ឲ្យ​តំណាង​របប​សឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៥៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា សមាជិក​អាស៊ាន​ទាំង​៩ មិន​អនុញ្ញាត​ឱ្យ​តំណាង​របប​សឹក​ភូមា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២ នេះ​ទេ ដោយសារតែ​ភូមា​មិនទាន់​បាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​សម្រេច​នា​ពេល​កន្លងមក។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​កម្ពុជា (AKP) កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដោយ​មាន​ការ​បដិសេធ​ពី​សមាជិក​អាស៊ាន រដ្ឋាភិបាល​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​សម្រេច​មិន​អញ្ជើញ​តំណាង​របប​សឹក​ភូមា លោក វ៉ុនណា ម៉ោងល្វីន ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២ នេះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក​អាស៊ាន​ទាំង​៩ បាន​សម្រេច​ជា​ឯកច្ឆន្ទ​បដិសេធ​មិន​ឱ្យ​តំណាង​របប​សឹក​ភូមា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ របស់​ខ្លួន​នា​ពេល​ខាងមុខ​នេះ។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួម​មាន​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កិច្ចប្រជុំ​អាស៊ាន​បូក​៣​លើក​ទី​២៣ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១២ និង​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៩ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី​៣១ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២២ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​ផ្ទាល់​នា​ពេល​ខាងមុខ​នេះ។

លោក ប្រាក់ សុខុន បាន​អះអាង​ថា ចម្លើយ​របស់​របប​សឹក​ភូមា គឺ​នៅ​តែ​ដូច​មុន​ដដែល​ថា ពួកគេ​នឹង​មិន​តែងតាំង​អ្នក​តំណាង​មិនមែន​កម្រិត​នយោបាយ​ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​ទាំងនេះ​ទេ។ លោក​បន្ថែម​ថា ទោះបីជា​យ៉ាង​នេះ​ក្តី កៅអី​របស់​មីយ៉ាន់ម៉ា​នៅ​អាស៊ាន គឺ​នៅតែ​រក្សា​វត្តមាន​ដដែល មិន​ត្រូវ​បាន​ដក​ចេញ​នោះ​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​រូប​នេះ​អះអាង​ថា កម្ពុជា​នឹង​រក​វិធី​យក​ប្រទេស​ភូមា មក​ចូល​ក្នុង​អាស៊ាន​វិញ​ឱ្យ​បាន បើ​ទោះបីជា​ភូមា​បាន​សម្រេច​មិន​បញ្ជូន​តំណាង​របស់​ខ្លួន​ឱ្យ​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២ នេះ​ក៏ដោយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ កក្កដា ដោយ​រំឭក​ថា កាលពី​លោក ប្រាក់ សុខុន ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២២ គាត់​អះអាង​ថា ដំណើរការ​ចរចា​សន្តិភាព​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ប្រទេស​ភូមា គឺ​មាន​ក្តី​សង្ឃឹម​ហើយ ប៉ុន្តែ​នៅ​ពេលនេះ​គាត់​បែរ​ជា​និយាយ​ថា របប​សឹក​ភូមា​មិនទាន់​បាន​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​សម្រេច​ឲ្យ​បាន​ជឿនលឿន​ទៅវិញ។

លោក ម៉ែន ណាត លើកឡើង​ថា ការ​និយាយ​ដែល​គ្មាន​ភាព​ពិតប្រាកដ​របស់​លោក ប្រាក់ សុខុន បែប​នេះ គ្រាន់តែ​ជា​មូលហេតុ​នាំ​ឲ្យ​កម្ពុជា​អស់​កិត្តិយស និង​បាត់បង់​នូវ​តម្លៃ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ ហើយ​ការ​និយាយ​បែប​នេះ គឺ​ស្មើ​នឹង​ការ​កុហក​ពលរដ្ឋ​ខ្មែរ កុហក​ពលរដ្ឋ​ភូមា ព្រមទាំង​កុហក​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ដែល​ផ្តល់​ក្តី​សង្ឃឹម​លើ​កម្ពុជា​ក្នុង​ការ​ចូល​ទៅ​ដោះស្រាយ​វិបត្តិ​ភូមា​នៅ​ពេលនេះ​ផង​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​រិះគន់​ថា លទ្ធផល​នៃ​ការ​ដឹកនាំ​អាស៊ាន​របស់​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​មកនេះ បាន​ត្រឹមតែ​បង្ហាញ​ពី​ភាព​កម្សោយ​នៃ​នយោបាយ​ការទូត​របស់​ខ្លួន​ទៅ​កាន់​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត និង​ពិភពលោក​ប៉ុណ្ណោះ ដែល​បញ្ហា​បាន​បំបាក់​មុខ​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​មាន​តួនាទី​ត្រូវ​សម្រុះសម្រួល​នៃ​ដំណើរការ​រៀបចំ​កិច្ច​សន្ទនា​អាស៊ាន ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ (AHA) និង​គោលការណ៍​ចុងក្រោយ គឺ​តម្រូវ​ឱ្យ​ប្រេសិត​ពិសេស​អាស៊ាន ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច​នេះ មិន​ត្រូវ​បាន​អនុវត្ត​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស