28 C
Phnom Penh

ពលរដ្ឋ​សង្កាត់​ជើងឯក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​បារម្ភ​មាន​ការ​បណ្ដេញ​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ប្រមាណ ៤០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ៨៤​ខ្នង​ផ្ទះ​រស់នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ ដោយ​បារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ក្រោយពី​លោក ហ៊ុន សែន កាត់​ដី​ផ្ទៃ​បឹង​ជើងឯក​ប្រគល់​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ឧកញ៉ា​ល្បី​ឈ្មោះ​ខាង​រំលោភ​យក​ដីធ្លី​ម្នាក់។

ការ​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​របស់​ពលរដ្ឋ ៤០​នាក់​ដែល​តំណាង​ពលរដ្ឋ​ចំនួន ៨៤​ខ្នង​ផ្ទះ នា​ថ្ងៃទី​២៧ កក្កដា នេះ បន្ទាប់ពី​អាជ្ញាធរ​មិន​ទាន់​បាន​ឆ្លើយតប​ញត្តិ​ដែល​ពួកគេ​បាន​ដាក់​ញត្តិ​កាលពី​អំឡុង​ឆ្នាំ​២០២០។ ក្រៅពី​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រុម​ពលរដ្ឋ​ទាំងនោះ​ក៏​បាន​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផង​ដែរ។

ពលរដ្ឋ​សហគមន៍​ដូនឪ សង្កាត់​ជើងឯក លោកស្រី វង់ ធារី បាន​លើកឡើង​ថា ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​តាំងពី​ឆ្នាំ​២០២០ ដើម្បី​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​បាន​ដោះស្រាយ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឡើយ។

លោកស្រី​បន្ត​ថា ការ​ដែល​ពួកគាត់​មក​តាមដាន​ញត្តិ​នេះ ដើម្បី​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់ ដោយ​បារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ ក្រោយពី​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ដឹក​ដី​ទៅ​ចាក់​នៅ​ជិត​ផ្ទះ​ពួកគាត់​កំពុង​រស់នៅ។

ក្រោយពី​មាន​ការ​ប្រមូលផ្ដុំ​បាន​បន្តិច អាជ្ញាធរ​បាន​ឲ្យ​តំណាង ២​នាក់​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ។

លោកស្រី អាន សុខឃីម ថា​ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​រយៈពេល ២​ឆ្នាំ​ហើយ តែ​មិន​មាន​ការ​ឆ្លើយតប​ណា​មួយ ខណៈ​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​កន្លងមក មិន​ទទួល​បាន​ដំណោះស្រាយ។ លោកស្រី​បង្ហាញ​ការ​សោកស្ដាយ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ទទួល​ញត្តិ​ពួកគាត់​ហើយ បែរ​ជា​មិន​បាន​ដោះស្រាយ ដោយ​រុញ​ឲ្យ​ពួកគាត់​ទៅ​ជួប​ខាង​សង្កាត់​ជើងឯក ទៅវិញ។

លោកស្រី អាន សុខឃីម អះអាង​ថា ប្រសិនបើ​ពួកគាត់​ទៅ​ជួប​សង្កាត់​ជើងឯក ហើយ​មិន​មាន​ដំណោះស្រាយ​ទេ ពួកគាត់​នឹង​នាំគ្នា​ឡើង​ទៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​សាជាថ្មី​ទៀត។

បើ​តាម​ក្រុម​ពលរដ្ឋ​ដែល​ឡើង​ទៅ​ដាក់​ញត្តិ​នា​ថ្ងៃ​ទី​២៧ កក្កដា នេះ អះអាង​ថា ដី​សុំ​ប្លង់​កម្មសិទ្ធិ​ជា​ដី​ដែល​ពួកគាត់​រស់នៅ​តាំងពី​ឆ្នាំ​១៩៩១ មក​ម៉្លេះ ដោយ​ប្រកប​របប​ដាំ​ត្រកួន កញ្ឆែត និង​រក​ត្រី​នៅ​បឹង​ជើងឯក ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បាន​ប្រាក់​មក​ដោះស្រាយ​ជីវភាព​គ្រួសារ។ ប៉ុន្តែ​ប្រសិន​អាជ្ញាធរ​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួកគាត់​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​លំនៅឋាន ដោយ​ធ្វើ​ឲ្យ​បាត់បង់​មុខ​របប និង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កូន​ផង​ដែរ។

យ៉ាងណាក៏ដោយ ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​សហគមន៍​ដូនឪ​នេះ បន្ទាប់ពី​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២២ បាន​កាត់​ផ្ទៃដី «បឹង​ជើងឯក» ទំហំ​ជាង ១២​ហិកតារ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ទៅ​ឱ្យ​ឧកញ៉ា ឡោក ហ៊ួរ និង​ក្រសួង​មហាផ្ទៃ ធ្វើជា​កម្មសិទ្ធិ ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​ដី​បឹង​ជើងឯក ក្រោយពី​រដ្ឋាភិបាល​កាត់​ឲ្យ​នោះ ពួកគេ​កំពុង​ចាក់​ដី​លុប​ជា​បន្តបន្ទាប់​ដើម្បី​សង់​បុរី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស