ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi។ (រូបថត​កាលពី​ឆ្នាំ​២០១៩)

ព័ត៌មានអន្តរជាតិ

ប្រធាន​រដ្ឋសភា​អាមេរិក​អាច​នឹង​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​យោធា​ទៅ​តៃវ៉ាន់

By ឌឹ ខេមបូឌា ដេលី

July 28, 2022

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល អ្នកស្រី Nancy Pelosi អាច​នឹង​ត្រូវ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​របស់​កងទ័ព​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៧ កក្កដា នេះ។

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ មន្ទីរ​ប៉ុងតាហ្គូន​កំពុង​តែ​រៀបចំ​យន្តហោះ​ចម្បាំង​ដើម្បី​ដឹក​អ្នកស្រី Pelosi និង​គណៈប្រតិភូ​សមាជិក​សភា ប្រសិនបើ​អ្នកស្រី Pelosi សម្រេច​ទៅ​កាន់​កោះ​តៃវ៉ាន់ ទោះបី​មាន​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​ចិន ក៏ដោយ​នោះ។

មន្ត្រី​អាមេរិក​និយាយ​ថា អាមេរិក​ពុំ​មាន​ការ​ភ័យ​ច្រើន​ទេ​ចំពោះ​ការ​គំរាម​កំហែង​របស់​ចិន ដែល​ថា​នឹង​ចាត់​វិធានការ​ដោយ​កម្លាំង និង​ដោយ​បង្ខំ​ទៅ​លើ​យន្តហោះ​ដែល​ដឹក​អ្នកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់ នៅ​ខែ​សីហា ខែ​ក្រោយ​នេះ។

មន្ត្រី​អាមេរិក​ឱ្យ​ដឹង​ទៀត​ថា បើ​អ្នកស្រី Pelosi សម្រេច​ជ្រើសរើស​យក​ការ​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​ប្រទេស​ចិន ដោយ​សម្រេច​ទៅ​កាន់​កោះ​តៃវ៉ាន់​មែន​នោះ គឺ​កងទ័ព​អាមេរិក​នឹង​ធ្វើ​សកម្មភាព​ដើម្បី​តាម​ឃ្លាំមើល និង​ជួយ​ការពារ​សុវត្ថិភាព​យន្តហោះ​ដឹក​អ្នកស្រី និង​គណៈប្រតិភូ​របស់​អ្នកស្រី។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​រួច​ហើយ​នូវ​នាវា​ផ្ទុក​យន្តហោះ USS Ronald Regan ដែល​អម​ដោយ​នាវាចម្បាំង​ចំនួន ៦​គ្រឿង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ក្រុម​សន្តិសុខ​អាមេរិក​ថា អ្នកស្រី Nancy Pelosi គឺជា​ថ្នាក់​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​លំដាប់​ទី​២ ដែល​ចាំបាច់​ត្រូវការ​សន្តិសុខ​រឹងមាំ​ក្នុង​ការ​ជួយ​ការពារ​សុវត្ថិភាព​សម្រាប់​អ្នកស្រី។

ការពិត អ្នកស្រី Pelosi ធ្លាប់​ទៅ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ម្ដង​ហើយ​កាលពី​ឆ្នាំ​១៩៩៧។ អ្នកស្រី​ក៏​ធ្លាប់​ទៅ​គោរព​វិញ្ញាណក្ខន្ឋ​ផ្ទាល់​នៅ​ទីលាន ទៀនអាមីន ក្នុង​ក្រុង​ប៉េកាំង ជា​ទី​ដែល​កងទ័ព​បក្ស​កុម្មុយនីស្ត​ចិន បើក​រថក្រោះ​កិន និង​បាញ់​សម្លាប់​បាតុករ​រាប់​ពាន់​នាក់​នៅ​ឆ្នាំ​១៩៨៩។ បាតុករ​ពេលនោះ​សុទ្ធតែ​ជា​និស្សិត។ ពួកគេ​ធ្វើ​បាតុកម្ម​ដើម្បី​ឱ្យ​មាន​ការ​កែទម្រង់​ការ​ដឹកនាំ​ទៅ​រក​ប្រព័ន្ធ​ទីផ្សារ​សេរី តែ​បក្ស​កុម្មុយនីស្ត​ចាត់ទុក​ជា​ក្រុម​បដិវត្តន៍​ប្រឆាំង​រដ្ឋាភិបាល។

សម្រាប់ Pelosi ទំនង​សម្រេច​ជ្រើសរើស​យក​ការ​ប្រឈម​ជាមួយ​នឹង​ការ​គំរាមកំហែង​របស់​ចិន ជាជាង​បោះបង់​គម្រោង​ទស្សនកិច្ច​ទៅ​តៃវ៉ាន់។

ផែនការ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​តៃវ៉ាន់ បាន​ជំរុញ​ឱ្យ​មាន​ការ​បង្ក​សង្គ្រាម​វោហារសាស្ត្រ​ពី​ប្រទេស​ចិន។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ព្រមាន​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នឹង​ចាត់​វិធានការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​អ្នកស្រី Pelosi ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​កោះ​មួយ​នេះ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ កក្កដា អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​និយាយ​ថា ការ​ព្រមាន​របស់​ចិន គឺ​ខ្លាំង និង​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា ប្រទេស​ចិន​មិន​សប្បាយ​ចិត្ត​នឹង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តៃវ៉ាន់។ លោក Zhao Lijian បាន​និយាយ​ថា៖ «ភាគី​ចិន​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ប្រាប់​ទៅ​ភាគី​សហរដ្ឋ​អាមេរិក អំពី​ការ​ប្រឆាំង​របស់​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា គឺ​អ្នកស្រី Pelosi ទៅ​កាន់​តៃវ៉ាន់»

អ្នក​នាំពាក្យ​រូប​នេះ​ថា ប្រសិនបើ​ភាគី​អាមេរិក​នៅតែ​ទទូច​ធ្វើ​ទស្សនកិច្ច​នេះ ភាគី​ចិន​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​រឹងមាំ​ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ចិន ហើយ​សហរដ្ឋ​អាមេរិក​ត្រូវតែ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​ផលវិបាក​ធ្ងន់ធ្ងរ​ណា​មួយ​ដែល​កើតឡើង។

តៃវ៉ាន់​ជា​ប្រធានបទ​នៃ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​អាមេរិក និង​ចិន​ជា​យូរ​មក​ហើយ។ ចិន​ចាត់ទុក​ដែន​កោះ​មួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន។ សម្រាប់​សហរដ្ឋ​អាមេរិក ទោះ​ជា​មាន​គោល​នយោបាយ​ចិន​តែ​មួយ​ពិតមែន តែ​ក្រុង​វ៉ាស៊ីនតោន នៅតែ​ទទួលស្គាល់​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ពិភពលោក និង​ជា​រដ្ឋ​អធិបតេយ្យ និង​ប្រជាធិបតេយ្យ​នៅ​អាស៊ី។

សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​ក្រុង​ប៉េកាំង តែ​សហរដ្ឋ​អាមេរិក​ក៏​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ដែរ តែ​ក្នុង​កម្រិត​ក្រៅ​ផ្លូវការ ដោយ​ការ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម ការ​ផ្គត់ផ្គង់​ជំនួយ​យោធា និង​សព្វាវុធ​ទៅ​ឱ្យ​ដែន​កោះ​នេះ។

ចំពោះ​បញ្ហា​កោះ​តៃវ៉ាន់​នេះ លោក​ប្រធានាធិបតី Joe Biden បាន​លើកឡើង​ជាច្រើន​ដង​ហើយ​ថា អាមេរិក​នឹង​ការពារ​តៃវ៉ាន់​ដោយ​កម្លាំង​យោធា ប្រសិនបើ​ចិន ព្យាយាម​ដណ្តើម​យក​កោះ​នេះ​ដោយ​ប្រើ​កម្លាំង។

នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​លុកលុយ​ចូល​ដែន​អាកាស និង​នាវាចម្បាំង​ចូល​ដែនទឹក​របស់​តៃវ៉ាន់​កាន់តែ​ធ្ងន់​ឡើងៗ ដែល​ជា​ការ​បង្កើន​ការ​ព្រួយបារម្ភ​ថា ចិន​អាច​នឹង​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​មួយ​ក្នុង​កាលៈទេសៈ​ណា​មួយ​ដែល​ក្រុង​ប៉េកាំង​អស់​ភាព​អត់ធ្មត់​នឹង​ការ​ទុក​ឲ្យ​តៃវ៉ាន់​បន្ត​មាន​សេរីភាព ជាមួយ​នឹង​ដែនដី​នៅ​ក្រៅ​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ តែ​សម្រាប់​តៃវ៉ាន់ ក៏​ដឹង​ថា​គ្រប់​ទស្សនកិច្ច​របស់​ក្រុម​មេដឹកនាំ​ប្រទេស​គាំទ្រ​តៃវ៉ាន់ គឺ​ពិត​ណាស់​នឹង​រង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ចិន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​សារព័ត៌មាន អ្នកស្រី Joanne Ou អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​និយាយ​ថា តៃវ៉ាន់​តែងតែ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​អាមេរិក។ តែ​អ្នកស្រី​ថា រដ្ឋាភិបាល​តៃវ៉ាន់ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ណា​មួយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ថា​នឹង​មក​កាន់​តៃវ៉ាន់​នៅ​ថ្ងៃ​ណា​ជាក់លាក់​ដែរ គឺ​គ្រាន់តែ​ដឹង​ថា នៅ​ក្នុង​ខែសីហា ខែ​ក្រោយ​នេះ។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន AP អ្នកស្រី Pelosi និង​គណៈប្រតិភូ​នៃ​សមាជិក​សភា​អាមេរិក នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​៥ នៅ​អាស៊ី គឺ​ប្រទេស​ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​កោះ​តៃវ៉ាន់៕