នយោបាយ

សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ចម្រូងចម្រាស

By ឌឹ ខេមបូឌា ដេលី

July 29, 2022

ការ​ចង​សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ជួប​បញ្ហា​ចម្រូងចម្រាស​ដោយសារ​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន នៅ​មិន​ទាន់​ទុកចិត្ត​គណបក្ស​ផ្សេងៗ​ទៀត បើ​ទោះជា​មាន​ការ​អំពាវនាវ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​សហការ​គ្នា​ដើម្បី​ឱ្យ​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ច្រើន និង​អាសនៈ​តិច​ក្លាយ​ទៅ​ជា​កម្លាំង​មួយ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋសភា​ក៏ដោយ។

សកម្មជន​សកម្មៗ​របស់​គណបក្ស​ភ្លើង​ទៀន បេក្ខជន​ចៅសង្កាត់​អូរចារ អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន​អះអាង​កាលពី​ថ្ងៃទី​២៧ កក្កដា ថា ក្នុង​កាលៈទេសៈ​នេះ​គ្មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​គណបក្ស​ភ្លើង​ទៀន ត្រូវ​ទៅ​រួបរួម​ជាមួយ​បក្ស​ផ្សេង​ឡើយ ព្រោះ​ថា​គណបក្ស​ភ្លើង​ទៀន​មិន​ឆោត​ល្ងង់​ទៅ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ដែល​គ្មាន​ភាព​ស្មោះត្រង់​នោះ​ទេ។

ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​នៅ​ពេល​នេះ​ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ឡូហ្គូ​គណបក្ស​មួយ​ចំនួន​ក្នុង​ខ្លឹមសារ​ឌឺដង​ផ្លែផ្កា កាលពី​ថ្ងៃទី​២៧ កក្កដា ថា គណបក្ស​ខ្លះ​រក​ផ្លូវ​មិន​ទាន់​ឃើញ មិន​យូរ​ទេ​ពួកគេ​នឹង​ហត់ អស់​កម្លាំង ច្បាស់​ជា​នឹង​ចូល​មក​លេង​ក្នុង​ផ្ទះ គឺ​គណបក្ស​ភ្លើង​ទៀន​ជាមិនខាន ប៉ុន្តែ​ម្ចាស់ផ្ទះ​ភ្លើង​ទៀន​ធ្វើ​យ៉ាង​ណា​កុំ​ដេញ​កូន​ខ្លួនឯង​ឱ្យ​ដេក​ក្រោម​ផ្ទះ ហើយ​ឱ្យ​កូន​គេ​ដេក​លើ​ផ្ទះ​ឱ្យ​សោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ កក្កដា ដោយ​ស្នើ​ឲ្យ​បណ្ឌិត សេង សារី លុប​រូប​ឡូហ្គូ​គណបក្ស​របស់​ខ្លួន​ជាបន្ទាន់ ដែល​លោក​បាន​បង្ហោះ​ភ្ជាប់​ខ្លឹមសារ​ខាងលើ​នេះ ក្រោម​ហេតុផល​ថា គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ពុំ​ទាន់​បាន​ជជែក​ក្នុង​ការ​រួបរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​នៅឡើយ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា គណបក្ស​ខ្លួន​មាន​គោលជំហរ​នយោបាយ​បង្រួបបង្រួម​អ្នក​ស្នេហា​ជាតិ អ្នក​ប្រជាធិបតេយ្យ ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​ប្រទេស​តាមរយៈ​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ដើម្បី​ផល​ប្រយោជន៍​ជាតិ មិនមែន​រួបរួម​ឲ្យ​តែ​ឃើញ​រូបភាព​នយោបាយ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ គណបក្ស​ចំនួន​បួន រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ក្នុង​ការ​ស្វែងរក​ការ​ចង​សម្ពន្ធភាព​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៨ កក្កដា នេះ​ថា បើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មិន​សហការ​គ្នា​ទេ គណបក្ស​ខ្លះ​អាច​មិន​បាន​អាសនៈ ហើយ​គណបក្ស​ដែល​បាន​អាសនៈ​ក៏​មិន​បាន​ច្រើន​ដែរ ដែល​នេះ​គឺជា​គុណវិបត្តិ​មួយ​សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​សិទ្ធិ និង​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា មាន​ជម្រើស​ពីរ​សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ៖

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៨ កក្កដា នេះ​ដែរ​ថា ការ​រួបរួម​រវាង​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ គឺ​មិន​មាន​ឥទ្ធិពល​ក្នុង​ការ​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ពី​ការ​បំផ្លាញ​ដោយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ ព្រោះ​ថា​ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ កំពុង​ទន្ទេញ​ពាក្យ​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ដូចៗ​គ្នា ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​រង​នូវ​ការ​បំផ្លាញ និង​ការ​ជាន់ឈ្លី​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ហើយ​នោះ។

លោក ហ៊ុន កុសល អះអាង​ថា បក្ស​ភ្លើង​ទៀន​ជា​គណបក្ស​នយោបាយ​មួយ​ដែល​កំពុង​នាំ​ឆន្ទៈ​រួបរួម​របស់​ប្រជាពលរដ្ឋ​ដើរ​ថយក្រោយ​យ៉ាង​ឆ្ងាយ​ពី​ប្រជាធិបតេយ្យ តាមរយៈ​នៃ​បំបែក​ខ្លួន បំបែក​សំឡេង​ចេញពី​ស្មារតី​រួបរួម​របស់​ស្មារតី​សង្គ្រោះ​ជាតិ ដែល​ជា​ឆន្ទៈ​ពិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ពិតប្រាកដ​នៅ​កម្ពុជា។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​នៅ​ពេលនេះ កំពុង​ធ្វើជា​វាំងនន​ខ្មៅ​ដ៏​ធំ​មួយ ដើម្បី​ជួយ​បិទបាំង​ទង្វើ​អាក្រក់​របស់​បក្ស​កាន់​អំណាច​ដែល​ជា​ដើមហេតុ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ធំធេង ជាពិសេស​ការ​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដែល​ជា​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្នុង​ការ​ធានា​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​រហូត​មក៕