តុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍លើសំណុំរឿងចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» លើយុវជនចលនាមាតាធម្មជាតិ ៣នាក់ទុកជាបានការដដែល។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានប្រាប់ The Cambodia Daily នៅថ្ងៃទី២៩ កក្កដា ថា តុលាការកំពូលបានប្រកាសរក្សាសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល នោះគឺមានន័យថា លោកនឹងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ២០ខែ ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចបន្ថយទោសដោយព្យួរទោសចំនួន ៦ខែដែលនៅសល់នាពេលកន្លងមក។
លោក ថុន រដ្ឋា អះអាងថា ក្នុងការសម្រេចនេះ កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាឧទ្ធរណ៍រក្សាទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ខែដដែល ប៉ុន្តែតុលាការបានព្យួរទោសចំនួន ៤ខែដែលនៅសល់ ក្នុងនោះតុលាការបានភ្ជាប់នូវលក្ខខណ្ឌខ្លះៗផងដែរ គឺហាមឃាត់មិនឲ្យទាក់ទងនឹងបុគ្គលដែលធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទល្មើសដូចគ្នានេះរហូតមក។
សកម្មជនចលនាមាតាធម្មជាតិរូបនេះបញ្ជាក់ថា ប្រសិនបើពួកគេទាំង ៣នាក់ត្រូវបានផ្ដន្ទាទោសពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនេះម្តងទៀត នោះគឺមានន័យថា ក្នុងរយៈពេល ៣ឆ្នាំនៃការព្យួរទោសសាកល្បង ពួកគេនឹងត្រូវទទួលទោសជាប់ពន្ធនាគារពេញឡើងវិញបន្ថែមពីលើទោសដែលខ្លួនត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ថ្មី» នេះបន្ថែមទៀត។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ យុវជនចលនាមាតាធម្មជាតិ រួមមានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងយកទៅឃុំទុកក្នុងពន្ធនាគារ ដោយចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យប្រមុខរាជរដ្ឋាភិបាលបញ្ឈប់ការលុបបឹងតាមោក ឬបឹងកប់ស្រូវបន្តទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់ The Cambodia Daily នៅថ្ងៃទី២៩ កក្កដា នេះដែរថា លោកពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការកំពូល ដែលនៅតែចោទប្រកាន់សកម្មជនបរិស្ថានពីសកម្មភាពការពារធនធានធម្មជាតិរបស់ពួកគេកន្លងមក ព្រោះថាអ្វីដែលអង្គការសង្គមស៊ីវិលចង់ឃើញ គឺតុលាការនឹងទម្លាក់ចោលរាល់បទចោទលើពួកគេ ដើម្បីបើកសិទ្ធិសេរីភាពពេញលេញឱ្យពួកគេទាំងនោះអាចធ្វើសកម្មភាពការពារបរិស្ថានឡើងវិញស្របតាមច្បាប់បន្តទៀត។
លោក ស៊ឹង សែនករុណា បានលើកឡើងថា ចំពោះករណីសកម្មជនសិទ្ធិមនុស្សខ្មែរថាវរៈ ដែលសាលាឧទ្ធរណ៍បើកសវនាការនៅថ្ងៃសុក្រ ទី២៩ កក្កដា នេះដែរ លោកសូមអំពាវនាវឱ្យតុលាការទម្លាក់ចោលរាល់បទចោទលើពួកគេទាំងអស់ ដើម្បីបង្ហាញឱ្យឃើញនូវការបើកទូលាយនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកិច្ចការសង្គមជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសព្វថ្ងៃនេះ។
ដោយឡែកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះដដែល សាលាឧទ្ធរណ៍ក្រុងភ្នំពេញក៏បានបើកសវនាការលើសំណុំរឿងសកម្មជនសិទ្ធិមនុស្ស ៦នាក់ផ្សេងទៀតមានលោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី លោក កើត សារ៉ាយ លោក មួង សុភ័ក្ត្រ លោក ថា ឡាវី និងកញ្ញា អេង ម៉ាឡៃ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានប្តឹងជំទាស់ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីពេលកន្លងទៅ។
សេចក្តីរាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានរកឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ដោយសារតែការដឹកនាំគ្មានតម្លាភាព ការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានានូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការជាដើម៕