38 C
Phnom Penh

តុលាការ​ស្រីលង្កា​បង្គាប់​ឱ្យ​អតីត​ប្រធានាធិបតី​រត់​ភៀសខ្លួន​ចូល​បំភ្លឺ​តាម​បណ្ដឹង​បក្ស​ប្រឆាំង​ករណី​គ្រប់គ្រង​បំណុល​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ខណៈ​នេះ ទិដ្ឋាការ​សុំ​ស្នាក់នៅ​របស់​លោក Gotabaya Rajapaksa អតីត​ប្រធានាធិបតី​ស្រីលង្កា ដែល​រត់​ភៀសខ្លួន​ទៅ​ប្រទេស​សិង្ហបុរី នឹង​អស់​សុពលភាព​ត្រឹម​ថ្ងៃទី​១១ សីហា តែ​អតីត​មេដឹកនាំ​ស្រីលង្កា ម្នាក់​នេះ ត្រូវតែ​ត្រឡប់​មក​ប្រទេស​ស្រីលង្កា វិញ​តាម​ដីកា​កោះ​របស់​តុលាការ​កំពូល​ដែល​បាន​បង្គាប់​ឱ្យ​លោក Gotabaya ចូល​ខ្លួន​នៅ​ថ្ងៃទី​១ សីហា ដើម្បី​បំភ្លឺ​ក្នុង​សំណុំរឿង​ដែល​បក្ស​នយោបាយ​ប្រឆាំង​បាន​ប្ដឹង​បុរស​នេះ និង​រដ្ឋាភិបាល​របស់​លោក​ពី​បទ​បង្ក​ឱ្យ​សេដ្ឋកិច្ច​ស្រីលង្កា ក្រឡាប់ និង​ករណី​ការ​គ្រប់គ្រង​បំណុល​បរទេស។

សារព័ត៌មាន The Straits Times បាន​ចុះផ្សាយ​ថា ក្រុម​មេធាវី​របស់​លោក Gotabaya បាន​បញ្ជូន​លិខិត​ទៅ​តុលាការ​ដោយ​ស្នើសុំ​លើក​ពេល​ការ​ចូល​បំភ្លឺ​របស់​កូនក្ដី ដោយ​អះអាង​ថា កូនក្ដី​របស់​ខ្លួន​នឹង​រៀបចំ​ខ្លួន​មិនទាន់​នោះ​ទេ។

តាម​ដីកា​របស់​តុលាការ បណ្ដឹង​ដែល​នាំ​ឱ្យ​មាន​ការ​ចេញ​ដីកា​កោះហៅ​លោក Gotabaya ចូល​ខ្លួន គឺ​តាម​បណ្ដឹង​ពី​ស្ថាប័ន​តម្លាភាព​អន្តរជាតិ ស្រីលង្កា និង​ក្រុម​អ្នក​នយោបាយ ៣​រូប​មកពី​បក្ស​ប្រឆាំង ដែល​បាន​ប្ដឹង​បុរស​នេះ​ពី​បទ​ខ្វះ​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ និង​បណ្ដឹង​មួយ​ករណី​ទៀត គឺ​តម្លាភាព​នៃ​ការ​គ្រប់គ្រង​បំណុល​បរទេស។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ តុលាការ​កំពូល​បាន​ចេញ​ដីកា​កាលពី​ថ្ងៃទី​២៧ កក្កដា គឺ​នៅ​ពេល​ដែល​លោក Gotabaya កំពុង​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី ជាមួយ​ប្រពន្ធ កូន និង​អង្គរក្ស ២​នាក់។ ដីកា​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ចុះផ្សាយ​ថា លោក Gotabaya កំពុង​រង​ការ​សម្របសម្រួល​វិល​ចូល​ប្រទេស​ស្រីលង្កា វិញ​ឆាប់ៗ​នេះ។

ក្រុម​មេធាវី​របស់​លោក Gotabaya និយាយ​ថា បើ​តាម​នីតិវិធី​ច្បាប់ លោក Gotabaya អាច​ស្នើ​ឱ្យ​មេធាវី​ចូល​ខ្លួន​តំណាង​ចុងចោទ​តាម​ការ​យល់ព្រម​ពី​តុលាការ។ ការពិត លោក Gotabaya ដែល​រត់​ភៀសខ្លួន​នេះ គឺ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស។ តែ​ប្រទេស​សិង្ហបុរី មិន​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​អតីត​មេដឹកនាំ​ស្រីលង្កា​រូប​នេះ​ទេ។

បើ​តាម​ដំណឹង លោក Gotabaya កំពុង​ស្វែងរក​ប្រទេស​ជាច្រើន​ទៀត​នៅ​មជ្ឈិម​បូព៌ា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន តែ​ពុំ​ឃើញ​ប្រទេស​ណា​មួយ​បើក​ផ្លូវ​ឱ្យ​បុរស​នេះ​នៅឡើយ​នោះ​ទេ។ តែ​យ៉ាងណា លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន Bandula Gunawardana បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា លោក Gotabaya ចង់​វិល​ចូល​ប្រទេស​វិញ ជាជាង​រស់នៅ​ក្រៅ​ប្រទេស។

ប្រទេស​ស្រីលង្កា ធ្លាក់​ក្នុង​បំណុល​បរទេស​គរ​ដូច​ភ្នំ។ ប្រទេស​ដែល​មាន​ប្រជាជន​ជិត ២២​លាន​នាក់​នេះ​ជាប់​បំណុល​បរទេស​ដល់​ទៅ ៥១​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​នោះ​ជាប់​បំណុល​ប្រទេស​ចិន ដល់ ៣៥​ពាន់​លាន​ដុល្លារ។ ម្ចាស់​ដែល​ជំពាក់​បំណុល​រើ​ខ្លួន​ពុំ​រួច​នេះ គឺ​គ្រួសារ​របស់​ត្រកូល Rajapaksa ព្រោះ​ត្រកូល​មួយ​នេះ​បាន​ដឹកនាំ​ប្រទេស​អាស៊ី​ខាងត្បូង​ជិត ២០​ឆ្នាំ។ ការ​ដឹកនាំ​ប្រទេស គឺ​វិល​ទៅ​វិល​មក​រវាង​បង និង​ប្អូន​នៃ​ត្រកូល Rajapaksa។ បងប្រុស Mahinda កាន់​អំណាច​យ៉ាង​ណែន​ក្នុង​ដៃ​ជា​ប្រធានាធិបតី​បាន​ដប់​ឆ្នាំ ហើយ​លោក Gotabaya បាន​ឡើង​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ តាម​ការ​ចាត់តាំង​ពី​បងប្រុស គឺ​លោក Mahinda។

នៅ​ឆ្នាំ​២០១៩ លោក Gotabaya បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ចេញពី​ការ​បោះឆ្នោត​បាន​នាំ​ឱ្យ​បងប្រុស គឺ​លោក Mahinda ក្លាយ​ជា​នាយករដ្ឋមន្ត្រី និង​ប្អូនប្រុស​ម្នាក់​ទៀត​កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។ ក្នុង​រជ្ជកាល​របស់ Rajapaksa ជិត ២០​ឆ្នាំ គឺ​ប្រទេស​ចិន បាន​ទម្លាក់​ប្រាក់កម្ចី​រាប់​ពាន់​លាន​ដុល្លារ​រហូត​ធ្វើ​ឱ្យ​ក្រុម​ប្រឆាំង​បារម្ភ​អំពី​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ប្រាក់​បំណុល ព្រោះ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ត្រូវ​ចិន​រឹបអូស ដូចជា​កំពង់ផែ Hambantota បាន​ធ្លាក់​នៅ​ក្រោម​ចិន​កាន់កាប់​ប្រាក់ចំណូល​ក្នុង​កិច្ចសន្យា​ជួល ៩៩​ឆ្នាំ។ សំណង់​កំពង់ផែ​សមុទ្រ​នេះ លោក Mahinda បាន​ខ្ចី​ពី​ចិន នូវ​សាច់ប្រាក់ ១២០០​លាន​ដុល្លារ ដោយ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រធានាធិបតី Maithripala Yapa Sirisena បាន​រក​ឃើញ​បាត់​ប្រាក់​បំណុល​នៃ​សំណង់​កំពង់ផែ​នេះ​ដល់​ទៅ ៣០០​លាន​ដុល្លារ។

នេះ​ជា​ករណី​ពុករលួយ​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​លោក Mahinda ដែល​ពេល​នោះ​លោក Gotabaya កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ ករណី​នេះ បាន​នាំ​ឱ្យ​បក្ស​ប្រឆាំង​សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​របស់​ប្រទេស​នេះ ដោយ​ស្នើ​ឱ្យ​ពិនិត្យ និង​សើរើ​ទ្រព្យសម្បតិ្ត​របស់​គ្រួសារ Rajapaksa និង​ក្រុម​បក្សពួក​របស់​លោក Gotabaya ហើយ​ស្នើ​ឱ្យ​សម្រេច​សេចក្ដី​នូវ​ការ​បើក​ជំនុំជម្រះ​ក្ដី​ករណី​កិបកេង​ទ្រព្យសម្បតិ្ត​របស់​ជាតិ។ ទាំង​លោក Mahinda និង​ប្អូនប្រុស គឺ​លោក Gotabaya សុទ្ធតែ​ត្រូវ​បាន​បាតុករ​ដេញ​ទម្លាក់​ពី​អំណាច។ បាតុករ​ព្រមាន​ឱ្យ​តុលាការ​ចាប់​ខ្លួន​បុរស​បងប្អូន ២​រូប​នេះ​មក​ជំនុំ​ជម្រះ​ក្ដី។ តែ​លោក Mahinda ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី​៩ ឧសភា នៅតែ​ពុំ​ដឹង​ថា​លោក និង​គ្រួសារ​របស់​លោក​នៅ​ទីណា​ពិតប្រាកដ​នោះ​ទេ ខណៈ​ដំណឹង​ជាច្រើន​ថា លោក Mahinda និង​គ្រួសារ​បាន​រត់​ទៅ​លាក់​ខ្លួន​ក្នុង​បន្ទាយ​កងទ័ព។

គ្រួសារ Rajapaksa ដើម​ឡើយ​ត្រូវ​បាន​ប្រជាជន​ស្រីលង្កា ហៅថា​ជា​វីរជន​នៃ​សង្គ្រាម ព្រោះ​គ្រួសារ​នេះ​ធ្វើ​ឱ្យ​សង្គ្រាម​ស៊ីវិល​ជិត ៣០​ឆ្នាំ​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​២០០៩ គឺ​ពេលនោះ លោក Mahinda ជា​ប្រធានាធិបតី ហើយ​ប្អូនប្រុស គឺ​លោក Gotabaya ជា​មេ​ទ័ព​ដ៏​កំពូល​នៃ​ប្រទេស​នេះ។ តែ​សម្រាប់​លោក Gotabaya ក៏​ប្រឈមមុខ​នឹង​ការ​ចោទ​មួយ​ទៀត គឺ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ជាតិ​សាសន៍​ដើម​ភាគតិច​ខ្លាតាមីល កាលពី​ក្នុង​សង្គ្រាម​ស៊ីវិល។

បច្ចុប្បន្ន​នេះ ប្រធានាធិបតី គឺ Ranil Wickremesinghe ជា​អ្នក​ដឹកនាំ​ប្រទេស​សម្រាប់​អន្តរកាល។ លោក​ជា​អ្នក​នយោបាយ​មកពី​បក្ស​ប្រឆាំង​ផង​ដែរ តែ​មាន​និន្នាការ​កណ្ដាល គឺ​មាន​ន័យ​ថា​ជា​អ្នក​នយោបាយ​ដើរ​ផ្លូវ​កណ្ដាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស