ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) នៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​ក្នុង​ប្រទេស​សិង្ហបុរី ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២។

ព័ត៌មានអន្តរជាតិ

មន្ត្រី​កំពូលៗ​អាមេរិក​សម្រុក​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ដើម​ខែ​សីហា នេះ

By ឌឹ ខេមបូឌា ដេលី

August 02, 2022

យ៉ាងតិច​ណាស់​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ៣​រូប​ដែល​មាន​ឥទ្ធិពល បាន​ចែក​គ្នា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សំដៅ​ពង្រឹង​អំណាច និង​ឥទ្ធិពល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ។

ការ​មក​ដល់​ប្រទេស​មួយ​នៃ​អាស៊ី​ប៉ាស៊ីហ្វិក​មុន​គេ គឺ​អ្នកស្រី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​នយោបាយ​លំដាប់​ទី​២ នៃ​ប្រទេស​មហាអំណាច​មួយ​នេះ។ តាម​ដំណឹង​ពី​ប្រទេស​សិង្ហបុរី ប្រធាន​រដ្ឋសភា អ្នកស្រី Nancy Pelosi បាន​ទៅ​ដល់​ដែនដី​នៃ​អាស៊ី​មួយ​នេះ​ហើយ។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ក៏​មាន​សមាជិក​សភា​ជាន់ខ្ពស់​ប្រាំ​មួយ​រូប​មក​ជាមួយ​ដែរ។

នៅ​ប្រទេស​សិង្ហបុរី អ្នកស្រី ប៉េឡូស៊ី បាន​ជួប​សន្ទនា​ភ្លាម​ជាមួយ​អ្នកស្រី​ប្រធានាធិបតី ហាលីម៉ាស់ យ៉ាខូប (Halimah Yacob) និង​លោក​នាយករដ្ឋមន្ត្រី លី សៀនឡុង នៅ​ថ្ងៃទី​១ ខែ​សីហា នេះ នៅ​វិមាន​ប្រធានាធិបតី និង​ទីស្ដីការ​នាយករដ្ឋមន្ត្រី។

មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​សន្យា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដោយ​សំដៅ​ធ្វើ​ឱ្យ​រឹងមាំ​នូវ​ស្ថិរភាព សន្តិភាព និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់។ តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សិង្ហបុរី ឲ្យ​ដឹង​ថា លោក សៀនឡុង បាន​ស្វាគមន៍ និង​សាទរ​ក្រុម​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ដឹកនាំ​ដោយ​អ្នកស្រី ប៉េឡូស៊ី។

លោក លី បាន​ហៅ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​មាន​ភាព​រឹងមាំ​នៃ​កម្លាំង​សេដ្ឋកិច្ច និង​ស្ថិរភាព​ក្នុង​តំបន់ គឺ​សច្ចភាព​មិន​អាច​ខ្វះ​បាន​ឡើយ។ ក្រៅពី​នេះ ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​ស៊ីជម្រៅ​អំពី​កិច្ចសន្យា​ទាំងឡាយ​របស់​ក្រុង​វ៉ាស៊ីនតោន ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រៅពី​នេះ​ទៀត ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ស៊ីជម្រៅ​អំពី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

ក្រោយពី​បិទ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​សិង្ហបុរី អ្នកស្រី​ប្រធាន​រដ្ឋសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​រូប​នេះ នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន។ តែ​សម្រាប់​កោះ​តៃវ៉ាន់ ដែល​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង គេ​ពុំ​ដឹង​ថា អ្នកស្រី ប៉េឡូស៊ី នឹង​ត្រូវ​ទៅ​ធ្វើ​ទស្សនកិច្ច ឬ​យ៉ាង​ណា​នោះ​ទេ ដែល​គម្រោងការ​នេះ​បាន​កំពុង​ធ្វើ​ឱ្យ​ប្រទេស​ចិន ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ណាស់​រហូត​គំរាម​ធ្វើ​ឱ្យ​គ្រោះថ្នាក់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទៀត​ផង ប្រសិនបើ​អ្នកស្រី​សម្រេច​មក​ជាន់​កោះ​តៃវ៉ាន់​មែន​នោះ។

ប្រភព​មួយ​ចំនួន​ឲ្យ​ដឹង​ថា អ្នកស្រី​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​កោះ​តៃវ៉ាន់ តែ​ប្រភព​ខ្លះ​ថា អ្នកស្រី​ទំនង​នឹង​មិន​ទៅ​កាន់​ដែន​កោះ​នេះ​ទេ។

អ្នក​សារព័ត៌មាន និង​អ្នក​សង្កេតការណ៍ រួម​ទាំង​មេដឹកនាំ​ធំៗ​នៃ​ពិភពលោក កំពុង​តាមដាន​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​យ៉ាង​ខ្លាំង ថា​តើ​អ្នកស្រី​នឹង​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់ ឬ​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ទស្សនកិច្ច​នៅ​ត្រឹម​ប្រទេស​ជប៉ុន។

ប៉ុន្តែ​នាយករដ្ឋមន្ត្រី​កោះ​តៃវ៉ាន់ Su Tseng-chang បាន​និយាយ​ថា បើ​ទោះជា​ដំណឹង​ថា​អ្នកស្រី ប៉េឡូស៊ី ពិត​ជា​មក​កាន់​កោះ​តៃវ៉ាន់ ឬ​យ៉ាង​ណា គឺ​សម្រាប់​រដ្ឋាភិបាល​តៃវ៉ាន់ សូម​ស្វាគមន៍​ជានិច្ច​នូវ​គ្រប់​ទស្សនកិច្ច​ទាំងអស់​នៃ​មិត្ត​ជិត ឬ​ឆ្ងាយ ឲ្យ​តែ​មក​កាន់​ដែន​កោះ​មួយ​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក ត្រូវ​បាន​កត់ត្រា​ថា​ជា​ផ្នែក​មួយ​ដែល​សហរដ្ឋ​អាមេរិក​ខិតខំ​ពង្រឹង​ឥទ្ធិពល និង​អនុភាព​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី។ ជាមួយ​គ្នា​នេះ ប្រមុខ​ការទូត​អាមេរិក លោក Antony Blinken នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នៅ​អាស៊ី​ដោយ​ចាប់ផ្តើម​ពី​កម្ពុជា។

នៅ​កម្ពុជា លោក Blinken ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ចំនួន​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ធ្វើឡើង​ខណៈ​ភាព​តានតឹង​កំពុង​កើតមាន​រវាង​អាមេរិក​ជាមួយ​ចិន លើ​បញ្ហា​ដែន​កោះ​តៃវ៉ាន់ និង​អាមេរិក​ជាមួយ​នឹង​រុស្ស៊ី អំពី​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ប៉ុន្តែ​បញ្ហា​វិបត្តិ​នយោបាយ​ភូមា គឺជា​ករណី​ចាំបាច់​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ៩​ប្រទេស​ដែល​ពុំ​មាន​រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​សឹក​ភូមា​ចូលរួម​នោះ​ទេ។

ក្រសួង​ការបរទេស​អាមេរិក ឲ្យ​ដឹង​ថា លោក Blinken នឹង​ផ្តើម​ដំណើរ​របស់​លោក​ចាប់ពី​ថ្ងៃទី​២ ខែ​សីហា ដល់​ថ្ងៃទី​១២ ខែ​សីហា ដោយ​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​មាន​ទៅ​កាន់​ប្រទេស​កម្ពុជា ហ្វីលីពីន អាហ្វ្រិក​ខាងត្បូង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ប្រទេស​រូវ៉ាន់ដា។

បើ​តាម​ប្រភព​ដដែល​នេះ លោក​រដ្ឋមន្ត្រី Blinken នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ដំបូង​គេ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាមេរិក-អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៃ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស និង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក បញ្ជាក់​ថា លោក Blinken នឹង​បញ្ជាក់​ឡើងវិញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន និង​ការ​អនុវត្ត​ដោយ​ជោគជ័យ​ចំពោះ​ចក្ខុវិស័យ​អាស៊ាន​អំពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ដោយឡែក​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស Solomon ជា​ដែន​កោះ​មួយ​ក្នុង​តំបន់​លំហ​សមុទ្រ​អាស៊ី-ប៉ាស៊ីហ្វិក​មួយ​ដែរ។ អ្នកស្រី Sherman នឹង​ជួប​មេដឹកនាំ​ដែន​កោះ​មួយ​នេះ ដើម្បី​បញ្ជាក់​អំពី​ចំណង​មិត្តភាព​ស្ថិតស្ថេរ​យូរ​អង្វែង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស Solomon ក៏ដូចជា​ការ​បើក​សម្ពោធ​ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី Honiara របស់​ដែន​កោះ​នេះ។

អ្នកស្រី Sherman ជា​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ចុងក្រោយ​បន្ទាប់ពី​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា និង​ប្រមុខ​ការទូត​អាមេរិក Antony Blinken ដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ប៉ាស៊ីហ្វិក​បន្តបន្ទាប់​គ្នា ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ការទូត និង​យោធា​របស់​ប្រទេស​ចិន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕