31 C
Phnom Penh

លីកាដូ​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ក្រុម​ផ្តល់​ប្រាក់កម្ចី​អនឡាញ​និង​ជំរិត​ទារ​ប្រាក់​លើ​ស្ត្រី​ខ្មែរ​ដោយ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​ម្តង​ទៀត ឲ្យ​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ និង​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ផ្តល់​ប្រាក់​កម្ចី​អនឡាញ និង​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​ដែល​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​ស្ត្រី​ខ្មែរ​ជា​កូនបំណុល​តាមរយៈ​ការ​ប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ។

ការ​ស្នើ​របស់​អង្គការ​លីកាដូ ធ្វើឡើង​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ ក្រោម​ចំណងជើង​ថា «ត្រូវ​ក្លាហាន​និយាយ​ពី​ប្រាក់កម្ចី​អនឡាញ និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់»

លីកាដូ​បាន​លើកឡើង​ថា បណ្ដាញ​កម្ចី​ប្រាក់​អនឡាញ​កំពុង​ដាក់​គោលដៅ​លើ​ស្ត្រី​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តេឡេក្រាម (Telegram) ដោយ​ទាញ​អ្នក​ទាំងនោះ​ឲ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក និង​ការ​ជំរិត​ទារ​ប្រាក់​តាមរយៈ​ការ​ប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ។

ប្រភព​បន្ថែម​ថា រឿង​នេះ​កើតឡើង​ក្រោយពី​ស្ត្រី​ទាំងនោះ​បាន​ទទួល​កម្ចី​តូចៗ​ពី​ដំបូង​ដែល​ប្រឈម​នឹង​អត្រា​ការប្រាក់​ដ៏​ខ្ពស់ និង​ភាព​មិន​ច្បាស់លាស់​នៃ​លក្ខខណ្ឌ​កម្ចី​ដែល​នាំ​ឲ្យ​មាន​ការ​កើនឡើង​បន្ទុក​បំណុល។

ក្រោយពី​កើន​បន្ទុក​ហើយ បន្ទាប់មក​អ្នក​ផ្ដល់​ប្រាក់កម្ចី​ថ្មី​បាន​ចាប់ផ្ដើម​ទាក់ទង​ទៅ​កាន់​ជនរងគ្រោះ​តាមរយៈ​កម្មវិធី​តេឡេក្រាម ដើម្បី​ស្នើ​ផ្ដល់​កម្ចី​ថ្មី​ទៀត។ ក្រោយពី​ផ្ដល់​កម្ចី​ហើយ ក្រុម​ទាំងនេះ​ក៏​បាន​ចាប់ផ្ដើម​ទាក់ទង​ឥត​ឈប់ឈរ​ទៅ​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​បង់​សង។

សេចក្ដី​ប្រកាស​ដដែល​បញ្ជាក់​ថា នៅ​ពេល​ជនរងគ្រោះ​រង​សម្ពាធ​ធ្ងន់ធ្ងរ ក៏​មាន​ក្រុម​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Loanly បាន​ស្នើ​ផ្ដល់​កម្ចី​ក្នុង​ទំហំ​ធំ​មួយ ឬ​គ្រប់គ្រាន់​សម្រាប់​ស្ត្រី​ម្នាក់ៗ​យក​ទៅ​សង​បំណុល​តូចៗ​ទាំងនោះ ប៉ុន្តែ​ជា​ដំបូង ទាមទារ​ឲ្យ​ស្ត្រី​ដែល​ជា​អ្នក​ខ្ចី​ប្រាក់ ត្រូវ​ផ្ញើ​ឲ្យ​រូបភាព ឬ​វីដេអូ​អាក្រាត​របស់​ខ្លួន​តាមរយៈ​កម្មវិធី​តេឡេក្រាម ដោយ​ភ្ជាប់​ជាមួយ​ទីតាំង និង​ឯកសារ​សម្គាល់​ខ្លួន។

ដោយ​ជាប់​ក្នុង​អន្ទាក់ និង​រង​ការ​បៀតបៀន​ពី​អ្នក​ផ្ដល់​ប្រាក់កម្ចី​តូចៗ ស្ត្រី​ទាំងនោះ​បាន​យល់ព្រម​ស្នើសុំ​កម្ចី និង​ទាញ​យក​កម្មវិធី Loanly ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ចូល​មើល​បញ្ជី​ទំនាក់ទំនង​នៅ​ក្នុង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​បាន ក្នុង​នោះ​ស្ត្រី​ម្នាក់ៗ​បាន​ទទួល​ប្រាក់​តែ​ប៉ុន្មាន​រយ​ដុល្លារ​ប៉ុណ្ណោះ​តាមរយៈ​សេវា​ផ្ទេរ​ប្រាក់​អ៊ីម៉ាន់នី (eMoney) គឺ​តិច​ជាង​ចំនួន​ដែល​បាន​សន្យា ពីព្រោះ​ក្រុមហ៊ុន Loanly អះអាង​ថា ចំណែក​ផ្សេង​ទៀត​នៃ​ប្រាក់កម្ចី​ត្រូវ​បាន​កាត់​ជា​ថ្លៃ​សេវា។

លីកាដូ ឲ្យ​ដឹង​ថា ក្រុមហ៊ុន Loanly បាន​ចាប់ផ្ដើម​យុទ្ធនាការ​យ៉ាង​អាក្រក់​ក្នុង​ការ​ដាក់​សម្ពាធ​ឲ្យ​ស្ត្រី​បង់​សង ដោយ​ក្រុមហ៊ុន​គំរាម​បញ្ចេញ​រូបភាព និង​វីដេអូ​អាក្រាត​ទាំងនោះ​នៅ​លើ​អ៊ីនធឺណិត ឬ​ថា​ពួកគេ​ទៅ​ជិត​ដល់​ផ្ទះ​របស់​ជនរងគ្រោះ ឬ​ទូរស័ព្ទ​ឥត​ឈប់ឈរ​ទៅ​កាន់​ជនរងគ្រោះ គ្រួសារ មិត្តភក្ដិ និង​សហការី​របស់​អ្នក​ទាំងនោះ ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ប្លែកៗ​ជាច្រើន ឬ​បង្ហោះ​ជា​សាធារណៈ​នៃ​រូបភាព​គ្រួសារ​របស់​ជនរងគ្រោះ​នៅ​លើ​ហ្វេសប៊ុក។

បើ​តាម​ការ​សម្ភាស​របស់​អង្គការ​លីកាដូ ទៅ​លើ​ស្ត្រី​ជន​រងគ្រោះ​ឈ្មោះ សុខ ខឿន បាន​រៀបរាប់​ថា នាង​បាន​ខ្ចី​ប្រាក់​ចំនួន ១​ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន Loanly ប៉ុន្តែ​នាង​បាន​ទទួល​ប្រាក់​តិច​ជាង ៦០០​ដុល្លារ​ប៉ុណ្ណោះ​បន្ទាប់ពី​កាត់​ថ្លៃ​សេវា​រួច។

នាង​អះអាង​ថា ត្បិត​ប្រាក់​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​តិច​ជាង ៦០០​ដុល្លារ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​សង​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ​នូវ​ទឹកប្រាក់​សរុប​ជិត ១៤០០​ដុល្លារ។

ជនរងគ្រោះ សុខ ខឿន បញ្ជាក់​ទៀត​ថា ទោះបីជា​រូប​នាង​បាន​សង​ប្រាក់​ត្រឡប់​ទៅវិញ​ជាង ១​ពាន់​ដុល្លារ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅតែ​បន្ត​កើតមាន​ទៀត។ នាង​បាន​រង​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់ ដោយ​ពេល​ខ្លះ នាង​គិត​ចង់​ធ្វើ​អត្តឃាត ដោយសារ​ភ័យ​ខ្លាច និង​ការ​ព្រួយបារម្ភ​ចំពោះ​ការងារ អាពាហ៍ពិពាហ៍ ឬ​សុវត្ថិភាព​កូនៗ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នាង​បាន​ដាក់​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​មក​ដល់​ពេលនេះ ក្រសួង​មិន​ទាន់​មាន​វិធានការ​យ៉ាង​ណា​នៅឡើយ​ទេ។ សុខ ខឿន បាន​ស្នើ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ជួយ​ពន្លឿន​នូវ​ពាក្យ​បណ្ដឹង​របស់​នាង​ផង។

ក្រៅពី​ការ​រៀបរាប់​បញ្ហា និង​ស្នើ​ទៅ​រដ្ឋាភិបាល​ហើយ ស្ត្រី​រងគ្រោះ​រូប​នេះ​ក៏​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ផ្សេង​ទៀត​ដែល​ជួប​ប្រទះ​រឿងរ៉ាវ​ស្រដៀង​គ្នា ឱ្យ​ក្លាហាន​ដូច​គ្នា​ផង​ដែរ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​ក៏​បាន​ទទូច និង​ស្នើសុំ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ និង​ឆាប់​រហ័ស ដើម្បី​ធានា​យុត្តិធម៌​ស្រប​តាម​ច្បាប់​ជា​ធរមាន។ ក្រៅពី​ស្នើ​ទៅ​រដ្ឋាភិបាល លីកាដូ​ក៏​សូម​អំពាវនាវ​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក និង​តេឡេក្រាម ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី​របស់​ពួកគេ​ជា​កន្លែង​ដែល​មាន​ការ​រំលោភ​បំពាន​ផ្នែក​យេនឌ័រ និង​ការ​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើ​តាម​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ កម្រិត​បំណុល​ឯកជន​កើនឡើង​ខ្ពស់​ដល់ ១៧៤% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស ហើយ​បំណុល​ទាំងនោះ​បាន​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​លក់​ដី​ដោយ​បង្ខំ ការ​ចំណាកស្រុក​ដោយ​គ្រោះថ្នាក់ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេង​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស