29 C
Phnom Penh

ពលរដ្ឋ​៧​រូប​តំណាង​ពលរដ្ឋ​២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ ៧​រូប តំណាង​ឲ្យ​ពលរដ្ឋ ២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» បន្ទាប់ពី​ពួកគេ​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដីធ្លី។

តំណាង​ប្រជាពលរដ្ឋ ២​រូប​ក្នុង​ចំណោម​តំណាង​ទាំង ៧​នាក់​ដែល​បាន​រង​នូវ​បណ្តឹង គឺ​អ្នកស្រី ប្រាក់ សុភា និង​អ្នកស្រី ផន សុខុម បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​តំណាង​ពលរដ្ឋ​ឱ្យ​ទៅ​បំភ្លឺ​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ថា​ពួកគាត់​គ្រាន់តែ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​សម្រាប់​ពលរដ្ឋ​ចំនួន ២៥០​គ្រួសារ និង​ការពារ​ផ្ទះសម្បែង​ដែល​ខ្លួន​ធ្លាប់​រស់នៅ បែរ​ជា​ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ​ទៅ​វិញ។

អ្នកស្រី ផន សុខុម បាន​អះអាង​ថា កន្លងមក​អាជ្ញាធរ​បាន​ចុះ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ជា​ប្រចាំ ប៉ុន្តែ​ពួកគេ​ដែល​ជា​តំណាង​ពលរដ្ឋ​ទាំង ៧​រូប រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង បាន​នាំគ្នា​អង្វរករ​សុំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ដែល​បាន​ចុះ​រុះរើ​ទាំងនោះ​បញ្ឈប់​ការ​រុះរើ ហើយ​ជួយ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពួកគាត់​កាន់កាប់​ដោយ​ស្របច្បាប់​វិញ ព្រោះ​ថា​ពលរដ្ឋ​ទាំង ២៥០​គ្រួសារ​បាន​រស់នៅ​លើ​ដី​នេះ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​បដិសេធ និង​បន្ត​រុះរើ​ដដែល។

តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើមហេតុ​នៃ​ការ​ប្តឹងផ្តល់​នេះ គឺ​បាន​កើតឡើង​បន្ទាប់ពី​តំណាង​ពលរដ្ឋ​ទៅ​ស្នើសុំ​លិខិត​កាន់កាប់​ដីធ្លី​ពី​រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ ប៉ុន្តែ​អភិបាល​ខណ្ឌ លោក សុខ សម្បត្តិ បញ្ជាក់​ថា បើ​តំណាង​ពលរដ្ឋ​ទាំងនោះ​យល់ព្រម​ឱ្យ​អាជ្ញាធរ​ខណ្ឌ​រុះរើ​ផ្ទះ​ពលរដ្ឋ​ចំនួន ៣​គ្រួសារ​ដែល​នៅ​តំបន់​នោះ ទើប​អាជ្ញាធរ​ខណ្ឌ​ចេញ​លិខិត​កាន់កាប់​ជូន ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ពួកគេ​បដិសេធ​ចោល​ទាំងស្រុង រហូត​មក​ក៏​មាន​ការ​ដាក់​កម្លាំង​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ និង​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​រហូត​ឈាន​ដល់​ការ​ប្ដឹង​ផ្តល់​នេះ​តែម្តង។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​តំណាង​ពលរដ្ឋ​ចំនួន ៧​នាក់ រួម​មាន​អ្នកស្រី ប្រាក់ សុភា អ្នកស្រី ខេន សាអយ និង​អ្នកស្រី ផន សុខុម ជាដើម កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ឱ្យ​ចូល​ទៅ​បំភ្លឺ​ចំពោះ​តុលាការ នៅ​ថ្ងៃទី​២ ទី​៣ ទី​៤ និង​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ នេះ ក្រោម​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» ទៅ​តាម​បណ្ដឹង​របស់​ប្រធាន​សន្តិសុខ​ខណ្ឌ​ព្រែកព្នៅ លោក មាស សម្បូរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២ សីហា នេះ​ថា ការ​ចេញ​មុខ​ប្តឹង​របស់​អាជ្ញាធរ​ទៅ​កាន់​ពលរដ្ឋ​ដែល​តវ៉ា​សុំ​សិទ្ធិ​រស់នៅ​លើ​ដី​របស់​ពួកគាត់ ក្នុង​ចេតនា​ដើម្បី​កុំ​ឱ្យ​ពួកគាត់​ធ្វើការ​ទាមទារ​បន្ត​ទៀត ដែល​វា​ជា​រូបភាព​នៃ​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ ដែល​ត្រូវ​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ក្នុង​ការ​រស់នៅ​ដោយ​ស្របច្បាប់។

លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពលរដ្ឋ​ទាំង ២៥០​គ្រួសារ​ដែល​បាន​តាំង​ទី​លំនៅ​ជាប់​បឹង​តាមោក​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លងមក​នេះ ឱ្យ​ពួកគេ​មាន​សិទ្ធិ​រស់នៅ​ដោយ​ស្របច្បាប់ ដើម្បី​ចៀសវាង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​បន្ត​ទៀត ព្រោះ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃដី​តំបន់​នោះ​ឱ្យ​ក្រុមហ៊ុន​អស់​ជាច្រើន​នា​ពេល​កន្លងមក ទាំង​ដែល​ម្ចាស់​ក្រុមហ៊ុន​នោះ​មិន​បាន​ទៅ​រស់នៅ​ក្នុង​តំបន់​បឹង​តាមោក​នេះ​ផង​នោះ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​ពី​លោក មាស សម្បូរ ដែល​ពលរដ្ឋ​អះអាង​ថា​ជា​ប្រធាន​សន្តិសុខ​ខណ្ឌ​ព្រែកព្នៅ បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស