29 C
Phnom Penh

អ្នក​នាំពាក្យ​ថា​បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​មិន​ហ៊ាន​ជជែក​ទល់​មុខ ខណៈ​សង្គម​ស៊ីវិល​ថា​គ្មាន​ភាព​ចាំបាច់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ចាត់ទុក​អវត្តមាន​របស់​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ហ៊ាន​ចូល​ទៅ​ជជែក​ទល់​មុខ ដោយសារ​ការ​លើកឡើង​កន្លងទៅ​ខ្វះ​មូលដ្ឋាន​ច្បាប់ ខណៈ​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា គ្មាន​ភាព​ចាំបាច់​ទៅ​ចូលរួម​ស្ដាប់​ដោយសារ​យន្តការ​របស់​ក្រសួង​ដើរ​បញ្ច្រាស​ទិស។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ទាំង​អ្នកវិភាគ​ផង អ្នក​អត្ថាធិប្បាយ និង​អ្នក​ដាក់​ញត្តិ​ផង បាន​នាំគ្នា​រិះគន់​គ្រប់​បែប​យ៉ាង​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រសួង​យុត្តិធម៌​អញ្ជើញ​ឱ្យ​ចូល​មក​ជជែក​តទល់​គ្នា​ដោយ​ផ្ទាល់ និង​បើក​ចំហ​រក​តម្លាភាព​ជា​សាធារណៈ បែរ​ជា​ពួកគេ​មិន​មក​ចូលរួម​ទៅវិញ។

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ក្រសួង​យុត្តិធម៌​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អញ្ជើញ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​បំណង​ជួប​ជាមួយ​ខ្លួន ដើម្បី​ពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៣ និង​ទី​៤ ខែ​សីហា សប្តាហ៍​នេះ ប៉ុន្តែ​មិន​មាន​គណបក្ស​នយោបាយ ឬ​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ​បាន​ប្រកាស​ទទួល​យក​ការ​អញ្ជើញ​នេះ​នៅឡើយ​ទេ​រហូត​មក​ដល់​ពេលនេះ។

ការ​ប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន បាន​នាំគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​ជំទាស់​ទៅ​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​កំពុង​ដំណើរការ​នៅ​ពេលនេះ ដោយ​លើកឡើង​ថា​ជា​ការ​កែប្រែ​ដែល​ប្រាសចាក​ពី​ផលប្រយោជន៍​ជាតិ។

ជុំវិញ​ការ​ចេញ​លិខិត​អញ្ជើញ​ឱ្យ​ចូលរួម​ពិភាក្សា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ឡើង​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា នេះ​ថា ជំនួប​ពិភាក្សា​ដើម្បី​ទទួល​ការ​ពន្យល់​បកស្រាយ​បំភ្លឺ​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ក្រោយ​រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ​សម្រាប់​ធ្វើ​វិសោធនកម្ម​នេះ គឺ​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​នោះ​ទេ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា រដ្ឋាភិបាល​គួរតែ​ដាក់​ផ្សព្វផ្សាយ​ពី​សេចក្តី​ព្រាង​នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ជូន​ប្រជារាស្ត្រ​ពិភាក្សា ផ្តល់​មតិ​មុន​នឹង​រដ្ឋសភា​អនុម័ត ទើប​ជា​រឿង​ត្រឹមត្រូវ។

ដោយឡែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​លើកឡើង​ផង​ដែរ​ថា រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​ដែល​មនុស្ស​គ្រប់​រូប​ត្រូវតែ​គោរព ហើយ​កម្ពុជា​ជា​ប្រទេស​របស់​ពលរដ្ឋ​ទាំងអស់​គ្នា មិនមែន​ជា​ប្រទេស​របស់​បក្ស​ណា​មួយ ឬ​ក្រុម​ណា​មួយ​នោះ​ទេ ដូច្នេះ​បើ​ចង់​កែ​ចំណុច​ណា​មួយ​នៃ​ច្បាប់​នេះ គួរ​តែ​ស្តាប់​មតិ​យោបល់​របស់​ពលរដ្ឋ​ជា​មុន​សិន មុន​នឹង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត មិនមែន​នាំគ្នា​អនុម័ត​រួច​ហើយ ទើប​ហៅ​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ស្តាប់​ការ​បកស្រាយ​របស់​ខ្លួន​បែប​នេះ​ទេ។

ចំណែក​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​លើកឡើង​ថា ការ​កោះ​អញ្ជើញ​របស់​ក្រសួង​យុត្តិធម៌ ឱ្យ​ចូល​ទៅ​អង្គុយ​ស្ដាប់ គឺ​មិន​មាន​ភាព​ចាំបាច់​សម្រាប់​គណបក្ស​នេះ​ទៅ​ចូលរួម​ទេ ដោយ​ថា​វិធាន​នេះ​មិន​បាន​ជំរុញ​គោលការណ៍​ប្រជាធិបតេយ្យ​ទេ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​រឿង​ជាតិ​ទាំងមូល ដែល​ទាមទារ​ឱ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្រៅពី​រដ្ឋាភិបាល មុន​ដាក់​ជូន​ទៅ​រដ្ឋសភា​អនុម័ត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​គ្មាន​ភាព​ចាំបាច់​ដើម្បី​ទៅ​ចូលរួម​ស្ដាប់​ការ​ពន្យល់​បន្ថែម​ទៀត​ពី​ក្រសួង​យុត្តិធម៌​នោះ​ទេ ពីព្រោះ​រដ្ឋសភា​អនុម័ត​រួច​ទៅ​ហើយ។ លោក​ថា នេះ​គឺជា​យន្តការ​របស់​ក្រសួង​ដើរ​បញ្ច្រាស​ទិស​ដែល​មិន​ខុស​អី​ពី​កូន​កើត​មុន​ឪ​នោះ​ទេ។

កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋសភា​ឯក​បក្ស​កម្ពុជា បាន​អនុម័ត​យល់ព្រម​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដែល​យល់ព្រម​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស