អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា កម្ពុជាបានជំពាក់បំណុលបរទេសជិត ១ម៉ឺនលានដុល្លារអាមេរិកហើយ ប៉ុន្តែត្រូវស្ថាប័នអន្តជាតិធំៗវាយតម្លៃថា ស្ថានភាពបំណុលស្ថិតក្នុងទំហំបែបនេះមិនមានហានិភ័យ ឬបារម្ភពីបំណុលវ័ណ្ឌកនោះទេ។
អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ថា រដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងបំណុលទាំងនេះយ៉ាងម៉ត់ចត់បំផុត ហើយការខ្ចីក៏ធ្វើឡើងដោយមានគោលដៅច្បាស់លាស់ផងដែរ ពោលគឺកម្ចីនេះត្រូវបានយកមកប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពរហូតមក។
លោក មាស សុខសេនសាន លើកឡើងថា បើទោះបីជាកម្ពុជាជំពាក់បរទេសជិត ១ម៉ឺនលានដុល្លារអាមេរិកហើយក៏ដោយ ក៏រដ្ឋាភិបាលមានលក្ខខណ្ឌក្នុងការខ្ចីត្រឹមត្រូវដែរ ព្រោះថាកម្ពុជាខ្ចីមិនមែនយកមកបើកប្រាក់ខែឱ្យបុគ្គលិករាជការនោះទេ គឺខ្ចីដើម្បីវិនិយោគប៉ុណ្ណោះ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់ The Cambodia Daily នៅថ្ងៃទី៣ សីហា នេះថា ករណីបំណុលដែលកម្ពុជាជំពាក់បរទេសប្រមាណ ៤០% នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ខ្លួន បើគិតត្រឹមតែតួលេខនេះ គឺមិនមានហានិភ័យនោះទេ ប៉ុន្តែស្ថានភាពបំណុលនេះបានធ្វើឲ្យកម្ពុជាប្រឈមនឹងហានិភ័យនៅថ្ងៃអនាគត ជាពិសេសបំណុលដែលពុំមានតម្លាភាពជាមួយចិនសព្វថ្ងៃនេះ។
លោក គឹម សុខ អះអាងថា ស្ថានភាពបំណុលដែលកម្ពុជាកំពុងជំពាក់បរទេសក្នុងពេលបច្ចុប្បន្ននេះ គឺមិនមែនតិចតួចនោះទេ។ លោកបន្តថា បំណុលនេះមានចំនួនប្រមាណ ១០ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងទំហំសេដ្ឋកិច្ចកម្ពុជា ដែលមានប្រមាណជាង ២០ពាន់លានដុល្លារអាមេរិកនោះ។ លោកបន្តថា ចំពេលដែលកម្ពុជាកំពុងមានវិបត្តិលើគ្រប់វិស័យថែមទៀត ដូចជាវិបត្តិនយោបាយ វិបត្តិសិទ្ធិមនុស្ស និងវិបត្តិប្រជាធិបតេយ្យ ដែលធ្វើឱ្យកម្ពុជារងនូវគំនាបសេដ្ឋកិច្ចពីមហាអំណាច ដូចជាសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម តាមរយៈនៃការផ្តាច់ប្រព័ន្ធអនុគ្រោះនានាក្នុងពេលបច្ចុប្បន្ននេះ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការបង្កើតប្រព័ន្ធគ្រួសារនិយមក្នុងប្រព័ន្ធរដ្ឋបាលជាតិ និងការបង្កើតឱ្យមានអំពើពុករលួយកាន់តែរីកធំឡើងៗ គឺសុទ្ធសឹងតែជាគំនរវិបត្តិនាំឱ្យមានឱនភាពសេដ្ឋកិច្ចធ្ងន់ធ្ងររបស់កម្ពុជាទាំងអស់ ក្នុងនោះការប្រមូលពន្ធបានតិចតួចដែលមានប្រមាណមិនដល់ ៥០% នៃចំណាយរបស់រដ្ឋផងនោះ ក៏ជាលទ្ធផលមួយបញ្ជាក់ថា ការសងបំណុលបរទេសប្រាកដជាមិនអាចទៅរួចនោះទេនៅថ្ងៃអនាគត។
ក្រសួងសេដ្ឋកិច្ចកម្ពុជា បានចេញផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់ខ្លួនកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នេះថា កម្ពុជាបានចុះកិច្ចព្រមព្រៀងកម្ចីបរទេសចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ១ម៉ឺន ៥ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែកម្ពុជាបានចំណាយអស់ ១ម៉ឺន ៥៥១លានដុល្លារអាមេរិកហើយ ខណៈបំណុលជាក់ស្តែងដែលកម្ពុជាមិនទាន់បានទូទាត់សងម្ចាស់បំណុលសព្វថ្ងៃនេះ គឺនៅមានទំហំ ៩,៨១ប៊ីលានដុល្លារអាមេរិកនៅឡើយ។
ទាក់ទិននឹងបំណុលនេះ វិទ្យាស្ថាន Kiel Institute ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ កាលពីចុងឆ្នាំ២០១៩ បានរកឃើញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាជំពាក់បំណុលប្រទេសចិនច្រើនបំផុតលំដាប់ទី៦ ក្នុងចំណោមប្រទេស៥០ លើពិភពលោកដែលជាបំណុលមានហានិភ័យការប្រាក់ខ្ពស់ និងកង្វះតម្លាភាព៕