ផ្ទាំង​រូបថត​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ឧកញ៉ា ឃុន សៀ ភ្ជាប់​ជាមួយ​ទិដ្ឋភាព​ឈូស​ឆាយ​ព្រៃ​ភ្នំ​តាម៉ៅ​ដែល​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ធ្វើ​យុទ្ធនាការ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ពហិការ​ប្រើប្រាស់​ផលិតផល​ក្រុមហ៊ុន​នេះ។

ជម្លោះដីធ្លី

ក្រុម​យុវជន​ពហិការ​មិន​គាំទ្រ​អាជីវកម្ម​ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ

By ឌឹ ខេមបូឌា ដេលី

August 04, 2022

សកម្មជន​ដែល​ស្រឡាញ់​បរិស្ថាន នាំគ្នា​ធ្វើ​ពហិការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​យុវជន​ចូលរួម​ពហិការ​ឈប់​គាំទ្រ​គ្រប់​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន Leng Navatra Group របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បី​ចូលរួម​សង្គ្រោះ​ដី​ព្រៃ​ភ្នំ​តាម៉ៅ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ ទំហំ ១៥០០​ហិកតារ​ដើម្បី​ធ្វើការ​អភិវឌ្ឍ។

សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា កញ្ញា​ឈប់​គាំទ្រ ប្រើប្រាស់ និង​ឈប់​ទិញ​អាជីវកម្ម​ឧកញ៉ា ឡេង ភក្ត្រា ហៅ ឡេង ណាវ៉ាត្រា ឬ​ឧកញ៉ា​ឈូស​ឆាយ​ព្រៃ​ទាំងអស់ ដោយ​ចាត់ទុក​សកម្មភាព​អភិវឌ្ឍ​ដែល​បំផ្លិចបំផ្លាញ​សម្បត្តិ​ជាតិ​ជា​រួម​នេះ បាន​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ប្រទេស​ជាតិ។

សកម្មជន​បរិស្ថាន​ម្នាក់​ទៀត កញ្ញា ស៊ុន រដ្ឋា ក៏​សរសេរ​លើ​ហ្វេសប៊ុក​ដែរ​ថា សូម្បីតែ​ជម្រក​របស់​សត្វ​ក៏​ឧកញ៉ា ឡេង ណាវ៉ាត្រា ទៅ​ដណ្ដើម​យក។ កញ្ញា​ចាត់ទុក​ជន​ដែល​ទៅ​ដណ្ដើម​យក​ជម្រក​សត្វ​បែប​នេះ​ថា​ជន​ធូរ​ថ្លៃ​បំផុត។

ចំណែក​ប្រធាន​កម្មវិធី​នៃ​សមាគម​យុវជន​កម្ពុជា (CYN) លោក ហេង គីមហុង ក៏​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ទទូច​ឲ្យ​ពលរដ្ឋ និង​យុវជន​ចូលរួម​ពហិការ​គ្រប់​ផលិតផល ឡេង ណាវ៉ាត្រា ដើម្បី​ឆ្លើយតប​នឹង​ការ​បំផ្លាញ​ព្រៃ​ភ្នំ​តាម៉ៅ។

ពួកគេ​អះអាង​ថា ចាប់​ពី​ពេលនេះ​ទៅ ពួកគេ​ពហិការ​ឈប់​ស្តាប់ ឈប់​គាំទ្រ​បទ​ចម្រៀង​នៃ​ក្រុមហ៊ុន Galaxy Navatra ក្រុមហ៊ុន China Poipet Satellie city ព្រមទាំង​គម្រោង​អចលនវត្ថុ​ទាំងឡាយ​នៃ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន TP Moral Group របស់​ឧកញ៉ា ឃុន សៀ។

យុទ្ធនាការ​នេះ​ធ្វើឡើង​ដើម្បី​ចូលរួម​សង្គ្រោះ​ដី​ព្រៃ​ភ្នំ​តាម៉ៅ បន្ទាប់ពី​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ ត្រូវ​គេ​រក​ឃើញ​ថា​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​របស់​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ឧកញ៉ា ឃុន សៀ បាន​ឈូស​ឆាយ​ដើម្បី​ធ្វើ​មុខ​ជំនួញ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

យោង​តាម​ឯកសារ​ផ្លូវការ​មួយ​បាន​បង្ហាញ​ថា ផ្ទៃដី​ទំហំ ៥០០​ហិកតារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ នឹង​ត្រូវ​ផ្ទេរ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ដោយ​មិន​បាន​បញ្ជាក់​ពី​ទីតាំង ឬ​ម្ចាស់​កម្មសិទ្ធិ​ឡើយ។

ឯកសារ​មួយ​ទៀត​បាន​ឱ្យ​ដឹង​ថា ផ្ទៃដី ៧០០​ហិកតារ​ផ្សេង​ទៀត បច្ចុប្បន្ន​ត្រូវ​បាន​ស្នើសុំ​ដោយ​ក្រុមហ៊ុន TP Moral Group របស់​ឧកញ៉ា ឃុន សៀ ប៉ុន្តែ​ដី​ព្រៃ​ទាំងនោះ​ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បន្ត។

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថា​ទីតាំង​ដី​ដ៏​ធំ​នេះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ម្ចាស់​ផលិតកម្ម​ចម្រៀង​កាឡាក់ស៊ី​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា។ លោក​ក៏​បាន​ច្រានចោល​ចំពោះ​ការ​ចោទ​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដោយ​ថា​ការ​កាប់​ឈើ​នោះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វព្រៃ និង​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ។

លោក វេង សាខុន បន្ត​ថា ដី​ភ្នំ​តាម៉ៅ ១៥០០​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​សម្បទាន​ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា អភិវឌ្ឍ​ដោយ​សង់​ផ្ទះ ដាំ​ស្មៅ និង​ចិញ្ចឹម​សត្វ​គោ​យក​ទឹកដោះ ជាដើម។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២២ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ឱ្យ​មាន​ការ​ដោះដូរ​ដី​ប្រមាណ ១​ពាន់​ហិកតារ​របស់​ភ្នំ​តាម៉ៅ ស្ថិត​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍ ដោយ​ការ​បង្កើត​ស្ថានីយ​ចិញ្ចឹម​គោ​យក​ទឹកដោះ។

ក្នុង​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ខាងលើ​បញ្ជាក់​ថា ដី​ទំហំ ៣០០​ហិកតារ​របស់​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ ជា​ថ្នូរ​មក​វិញ​នឹង​ទទួល​បាន​ដី​ទំហំ ៤០០​ហិកតារ​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ចំណែក​ដី​ទំហំ ៥០០​ហិកតារ​របស់​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តាម៉ៅ ជា​ថ្នូរ​មកវិញ​ដោយ​ទទួល​បាន​ជា​ការ​បង្កើត​សួនសត្វ Salan Angkor លើ​ផ្ទៃដី​ទំហំ ២៥០​ហិកតារ ស្ថិត​ក្នុង​ស្ថានីយ​ស្ដារ និង​អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយស្រី ក្នុង​ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ផង​ដែរ។

ពាក់ព័ន្ធ​រឿង​នេះ នាយក​កម្មវិធី​សង្គ្រោះ និង​ថែទាំ​សត្វព្រៃ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ លោក និក ម៉ាក (Nick Marx) ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ស្នើ​ទៅ​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​ចំពោះ​ការ​លក់​ដី​ព្រៃ​នៅ​តំបន់​សួនសត្វ​មួយ​នេះ​ទៅ​ឲ្យ​វិស័យ​ឯកជន ដោយ​លោក​ចាត់ទុក​ការ​លក់​តំបន់​ភ្នំ​តាម៉ៅ ថា​ជា​ការ​បំផ្លាញ​ដល់​ទីតាំង​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​អ្នក​ដែល​ត្រូវ​ទទួល​បន្ទុក​លើ​ការ​ដោះដូរ គឺ​លោក កែវ អូម៉ាលីស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​លោក ញ៉ឹក រតនៈពេជ្រ ប្រធាន​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ៕